ពីនេះ ពីនោះ
«សូក» និង «ស៊ក»
14, Sep 2021 , 7:29 am        
រូបភាព
ពាក្យ «សូក» និង «ស៊ក» ត្រូវបាន​សង្កេត​ឃើញថា មាន​ប្រើ​ប្រាស់​លាយ​ច្របល់គ្នា​។ ក្នុងវចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ការពន្យល់ពាក្យទាំងពីរនេះ មាន​ន័យ​ខុសគ្នា ប៉ុន្តែ​មិន​ក៏មិន​ឆ្ងាយគ្នាដាច់​ស្រឡះ​នោះដែរ។

 
តើ «សូក» និង «ស៊ក» មានន័យបែបណា? 
 
កិរិយាសព្ទ «សូក» មានន័យថា ឲ្យសំណូក; ឲ្យប្រាក់ ឬ ទ្រព្យរបស់អ្វីទៅគេដោយសម្ងាត់ ឲ្យគេអាណិត
យកប្រាក់៣០០ រៀលទៅសូក...។ សូកចិត្ត ឲ្យសំណូកដើម្បីឲ្យគេសុខចិត្ត ។
 
សូកប៉ាន់  សូករំលែកប្រយោជន៍ខ្លះឲ្យអ្នកទទួលសំណូក គឺសូកអ្នកតូចឲ្យយកសំណូកផ្សេងទៅជូនអ្នកធំ ។ សូកសុល ឲ្យសំណូកញាត់ញៀតនាយអាយ គឺសូកអ្នកនេះខ្លះអ្នកនោះខ្លះ ។ សូកអង្វរ ឲ្យសំណូកផងអង្វរផង, ឲ្យសំណូកអង្វរចិត្ត។ ល ។
 
រីឯកិរិយាសព្ទ «ស៊ក» វិញ មានន័យថា ប្រហកបញ្ចូល; ដាក់សៀតឬបញ្រ្ជកឲ្យជាប់នៅ ឬក៏ឲ្យទើរនៅ
ស៊កបន្លួញក្នុងដំណាប់, ស៊ករនុកទ្វារ, ស៊កក្រដាសក្រោមពូក ។ ឧទាហរណ៍ ពាក្យប្រៀប៖ លូកសម្ដី សបសម្ដីឲ្យទាល់ ស៊កតែ ១ ម៉ាត់ទៅបាត់មាត់ដូចគេចុក ។ ស៊ករូប ( សព្ទអារក្ស ) ចូលរូបឬគ្របរូប, ជាន់រូប ( ខ្មោចចូល ) អស់លោកស៊ករូប ។
 
ចំពោះពាក្យ «ស៊កសៀត»  ស្មើពាក្យ ញុះញង់, និយាយអុជអាល, និយាយញុះឲ្យគេបែកបាក់គ្នា ។ ជ្រៀតជ្រែក ឬសបសម្ដីឲ្យទាល់នៅស្ងៀម ។ ពាក្យស៊កសៀត ពាក្យញុះញង់; ពាក្យសបឲ្យទាល់ ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com