ជាតិ
ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីជិះកង់-ដាំដើមឈើនៅរមណីយដ្ឋានអង្គរ នៅដើមខែតុលា
14, Sep 2021 , 7:59 am        
រូបភាព
(front)កម្មវិធីជិះកង់ នៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០កន្លងមក។ រូបភាពពី គេហទំព័ររដ្ឋបាលខេត្តសៀមរាប។
(front)កម្មវិធីជិះកង់ នៅក្នុងខេត្តសៀមរាប ក្រោមប្រធានបទ ជិះកង់ដើម្បីកាកបាទក្រហមកម្ពុជា កាលពីខែសីហា ឆ្នាំ២០២០កន្លងមក។ រូបភាពពី គេហទំព័ររដ្ឋបាលខេត្តសៀមរាប។
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីជិះកង់ និងដាំដើមឈើ នៅតំបន់រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប នាថ្ងៃទី១តុលា។ បើតាមក្រសួងវប្បធម៌កម្មវិធីជិះកង់ និងដាំដើមឈើនេះ គឺដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តី ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ដែលនឹងគ្រោងធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២១។

 
កម្មវិធីជិះកង់ និងដាំដើមឈើនៅរមណីយដ្ឋានអង្គរ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំមហោស្រពវប្បធម៌ អាស៊ី-អឺរ៉ុប និង ASEAN 2022 កាលពីថ្ងៃទី៩កញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកស្រី ភឿង សកុណា បានជ្រើសរើសយកខេត្តសៀមរាបជាទីក្រុង Siem Reap ASEAN City of Culture ដោយកំណត់យក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដើម្បីរៀបចំកម្មវិធីជិះកង់ និងដាំដើមឈើក្នុងរមណីយដ្ឋានអង្គរ។ ការណ៍នេះ ដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ឧត្ដមមន្ត្រីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈ ដែលនឹងគ្រោងធ្វើឡើងនៅសប្ដាហ៍ទី៣នៃខែតុលា ឆ្នាំ២០២១។ 
 
ជុំវិញការរៀបចំកម្មវិធីជិះកង់ និងដាំដើមឈើនៅរមណីយដ្ឋានអង្គរនេះ លោក ឡុង កុសល ដែលជាអ្នកនាំពាក្យអជ្ញាធរជាតិអប្សរា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នារសៀលថ្ងៃទី១២កញ្ញា ថា ការប្រារព្ធពិធីនេះ គឺធ្វើឡើងក្នុងទ្រង់ទ្រាយតូច ដែលមានអ្នកចូលរួម ត្រឹមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំខេត្ត និងបណ្ដាអង្គទូតជាសមាជិកអាស៊ាន ដៃគូសន្ទនា និងភាគីពាក់ព័ន្ធមួយចំនួនប៉ុណ្ណោះ។ 
 
កម្មវិធីជិះកង់នេះ ក៏មានការដាំដើមឈើប្រណិតជាង១ពាន់ដើម ដែលនឹងត្រូវយកទៅដាំ នៅផ្នែកខាងលិចនៃប្រាសាទអង្គរវត្ត។ នេះបើតាមលោក ឡុង កុសល ដោយបន្ថែមថា៖ «ដើមឈើដែលយើង[នឹង]ដាំនោះ ជាដើមឈើនិមិត្តរូបទេ ព្រោះយើងបានដាំខ្លះរួចមកហើយ ដែលជាប្រភេទឈើប្រណិត ដែលមានក្នុងរមណីយដ្ឋានអង្គរ»។
 
កម្មវិធីជិះកង់ និងដាំដើមឈើនៅរមណីយដ្ឋានអង្គរ ដែលគ្រោងប្រព្រឹត្តិឡើងនៅខែដើមតុលាខាងមុខនេះ កំពុងប្រឈមនឹងរាតត្បាតដោយជំងឺកូវីដ-១៩ ខណៈក្រុងសៀមរាបត្រូវបានអាជ្ញាធរសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន។ ត្រង់ចំណុចនេះ លោក ឡុង កុសល ក៏បង្ហាញពីក្ដីព្រួយបារម្ភ និងទន្ទឹមរងចាំលទ្ធភាព ដែលអាចដំណើរការនៃកម្មវិធីនេះផងដែរ។ លោកបានដូច្នេះ៖«ប្រសិនបើស្ថានភាពអនុញ្ញាតយើងនឹងនៅតែបន្ត ប្រសិនបើស្ថានភាពមិនអនុញ្ញាត យើងក៏មិនអាចបង្ខំធ្វើដែរ ព្រោះយើងមិនអាចបំពាននូវការហាមប្រាម ដើម្បីធានាសុវត្ថិភាពសាធារណៈ»។ 
 
សូមជម្រាបថា លោក ទៀ សីហា អភិបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ក្រុងសៀមរាប ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១១-១៨កញ្ញា ឆ្នាំ២០២១៕
 
 

Tag:
 រមណីដ្ឋានអង្គរ
  ក្រសួងវប្បធម៌
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com