អន្តរជាតិ
ចិន ដាក់ចេញវិធានរឹតត្បិតក្នុងក្រុងPutian ដើម្បីទប់ស្កាត់ការហក់ឡើងនៃជំងឺកូវីដ-១៩
13, Sep 2021 , 11:15 am        
រូបភាព
ក្រុងPutian ដែលស្ថិតនៅភាគអាគ្នេយ៍នៃខេត្ត Fujian ប្រទេសចិន បានបិទរោងភាពយន្ត កន្លែងហាត់ប្រាណ និងប្រាប់ឱ្យប្រជាជនកុំចាកចេញពីទីក្រុង ប្រសិនបើមិនមានករណីចាំបាច់។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន CCTV នៅថ្ងៃទី១៣ ខែកញ្ញា។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីចិនបានរកឃើញករណីឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។

 
ស្ថានភាពកូវីដ-១៩ នៅក្នុងទីក្រុង Putian គឺមានសភាពធ្ងន់ធ្ងរ និងស្មុគស្មាញ និងអាចរីកសាយចូលទៅក្នុងសហគមន៍ សាលារៀន ក៏ដូចជារោងចក្រ។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរសុខាភិបាលជាតិចិន បានបញ្ជូនអ្នកជំនាញមួយក្រុមទៅទីក្រុង ដែលមានប្រជាជនចំនួន ៣,២លាននាក់មួយនេះ ដើម្បីទប់ស្កាត់ករណីឆ្លង ក៏ដូចជាពិនិត្យមើលស្ថានភាព។ 
 
ចាប់តាំងពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា ខេត្ត Fujian បានរាយការណ៍ករណីឆ្លងក្នុងស្រុកចំនួន ៤៣ករណី ដោយក្នុងនោះ ក្រុង Putian មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៥ករណី។ មិនតែប៉ុណ្ណោះ ករណីឆ្លងជំងឺកូវីដ-១៩ ដែលមិនចេញរោគសញ្ញាមានចំនួន ៣២ករណីផងដែរ។ 
 
តាមលទ្ធផលធ្វើតេស្តបឋមលើសំណាកអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុង Putian មន្រ្តីសុខាភិបាលបានរកឃើញ អ្នកជំងឺមានផ្ទុកវីរុសទម្រង់ដែលតា។ មន្រ្តីចិន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែកញ្ញាកន្លងទៅ។ 
 
បន្ទាប់ពីករណីឆ្លងហក់ឡើង និងដើម្បីទប់ស្កាត់ករណីឆ្លងក្នុងក្រុងផង មន្រ្តីក្រុង Putian បានផ្អាកប្រតិបត្តិការកន្លែងកម្សាន្តដូចជារោងភាពយន្ត កន្លែងផ្តល់សេវាអ៊ីនធឺណិត បារ បណ្ណាល័យ និងសារមន្ទីរជាដើម។ ចំណែកប្រជាជននៅក្នុងទីក្រុងវិញ អាជ្ញាធរបានហាមឃាត់មិនឱ្យចាកចេញពីក្រុងឡើយ បើសិនបើមិនចាំបាច់។ ប្រជាជនដែលចង់ចាកចេញពីទីក្រុងត្រូវបង្ហាញលទ្ធផលអវិជ្ជមាន ក្នុងរយៈពេល ៤៨ម៉ោងមុន។ 
 
ទន្ទឹមនេះ សាលាបឋម និងអនុវិទ្យាល័យក៏ត្រូវផ្អាកសកម្មភាពបង្រៀនតាមសាលាផងដែរ ដោយផ្តើមចេញពីថ្ងៃទី១៣ ខែកញ្ញាតទៅ។ ខណៈថ្នាក់វិទ្យាល័យ ត្រូវផ្អាកសកម្មភាពសិក្សាជាច្រើន។ មិនតែប៉ុណ្ណោះ ផ្លូវធំៗចំនួន ១២ ដែលចេញចូលទីក្រុងក៏ត្រូវបិទដែរ។ 
 
មកទល់ពេលនេះ ចិនមានករណីឆ្លងជំងឺកូវីដ-១៩ សរុបជាង ៩ម៉ឺនករណី និងអ្នកស្លាប់មានជាង ៤ពាន់នាក់។ ចិន បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួនជាច្រើន។ តាមតួលេខចុងក្រោយ ចិនបានផ្តល់វ៉ាក់សាំងចំនួន ២,០៤លានដូស ដោយប្រជាជនចំនួន ៨៨៩លាននាក់ បានទទួលវ៉ាក់សាំងពេញលេញ៕ 
 

Tag:
 ចិន
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com