ជាតិ
បើកសាលារៀននៅថ្ងៃទី១៥កញ្ញា៖ លោក នួន ផារ័ត្ន លើកទឹកចិត្តឱ្យសាលារៀនបើកថ្នាក់ពីទី៩-១២មុន
13, Sep 2021 , 9:56 pm        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី១៥កញ្ញា ឆ្នាំ២០២១ ជាថ្ងៃបើកសាលារៀនឡើងវិញ ជាដំណាក់កាលដំបូង  សម្រាប់សិស្សអនុវិទ្យាល័យ និងវិទ្យាល័យ។  ពាក់ព័ន្ធការត្រៀមបើកសាលារៀនឡើងវិញនាពេលខាងមុខដ៏ខ្លីនេះ លោក នួន ផារ័ត្ន ដែលជាអភិបាលរងរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់គ្រឹះស្ថានអប់រំនៅភ្នំពេញទាំងអស់ គួរតែបើកថ្នាក់រៀនពីទី៩-១២ជាមុនសិន ដើម្បីបង្ការពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។

 
នាកិច្ចប្រជុំជាមួយគ្រឹះស្ថានសិក្សាឯកជនទាំងអស់នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣កញ្ញា តាមប្រព័ន្ធអនឡាញ(Zoom) ដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ លោក នួន ផារ័ត្ន បានលើកឡើងថា ការកំណត់ថ្ងៃទី១៥កញ្ញា សម្រាប់ការបើកសាលារៀនឡើងវិញចាប់ពីថា្នក់ទី៧ដល់ទី១២នេះ គឺដោយសារស្ថានភាពនៃការឆ្លងកូវីដ-១៩នៅភ្នំពេញបានស្ថិតនៅក្នុងភាពល្អប្រសើរខ្លាំង។ លោក បានបញ្ជាក់ថា ភ្នំពេញបច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ-១៩ត្រឹមជិត១០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ 
 
ថ្វីដ្បិតថាសា្ថនភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរគ្រប់ភាគីពាក់ព័ន្ធគ្រប់គ្រងបានល្អប្រសើរក៏ពិតមែន ប៉ុន្តែបើតាមលោក នួន ផារ័ត្ន គ្រឹះស្ថានអប់រំទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជនដែលមានទីតាំងនៅភ្នំពេញ គួរតែបើកថ្នាក់រៀនចាប់ពីថ្នាក់ទី៩ ដល់ទី១២ ជាមុនសិន ដើម្បីស្ទាបស្ទង់នៃដំណើរការសិក្សារបស់សិស្សនៅក្នុងថ្នាក់រៀន និងដើម្បីបង្ការពីហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ជាចង្កោមឱ្យបានក្នុងកម្រិតអតិបរមា។ 
 
លោក  នួន ផារ័ត្ន  បាននិយាយដូច្នេះ៖ « ខ្ញុំលើកទឹកចិត្តឱ្យសាលារៀន ដែលត្រូវបង្រៀនសិស្សថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ សូមជ្រើសរើសថ្នាក់ទី៩ដល់ថ្នាក់ទី១២ចេញដំណើរទៅមុន ហើយចាំថ្នាក់ផ្សេងៗចេញដំណើរជាបន្តបន្ទាប់ទៀត»។ លោកបានបញ្ជាក់ថា៖« យើងអនុញ្ញាតឱ្យបើកសាលារៀនវិញចាប់ពីថ្ងៃទី១៥កញ្ញា គឺមិនមែនឱ្យអស់លោក-លោកស្រី[ដែលជាម្ចាស់សាលារៀន] ត្រូវតែបើកសាលារៀនទាំងអស់នៅថ្ងៃទី១៥កញ្ញានេះ ទេ» ។


 
មូលហេតុដែលសាលាទាំងអស់គួរបើកដំណើរដោយចាប់ផ្តើមចេញពីថ្នាក់ទី៩ដល់១២មុន គឺដោយសារ ក្រុមសិស្សទាំងនេះត្រូវប្រឡងដែលទាមទារឱ្យមានការរៀនសូត្រច្រើនជាងសិស្សកម្រិតផ្សេងៗ។ នេះជាការលើកឡើងរបស់ លោក នួន ផារ័ត្ន ដោយសង្កត់ធ្ងន់ដូច្នេះ៖« មិនមែនអ្នកណាបើកសាលារៀនមុន អ្នកនោះឈ្នះទេ! អ្នកណាដែលបើកសាលាទៅដំណើរការមានសុវត្ថិភាពរលូន រហូតដល់ផុតសមរភូមិកូវីដ-១៩ទាំងអស់គ្នា ហ្នឹងបានគេហៅថា អ្នកឈ្នះ។ តែបើ បើកមុនគេ ហើយបិទមុនគេវិញ  គេមិនហៅអ្នកឈ្នះ ទេ»។ 
 
បើតាមអភិបាលរងរាជធានីភ្នំពេញរូបនេះ ភាពជោគជ័យអ្នកគ្រប់គ្រងសាលារៀននីមួយៗនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩នេះ  គឺជាការបើកថ្នាក់រៀនតាមផែនការមួយច្បាស់លាស់ឬតាមដំណាក់កាលនីមួយៗ ដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែង និងធនធានរបស់សាលាផ្ទាល់។ 
 
កាលពីថ្ងៃទី៩កញ្ញា ឆ្នាំ២០២១ លោក ម៉េត ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាសារព័ត៌មានថ្មីៗ តាមទូរសព្ទ ថា សាលារៀននៅភ្នំពេញដែលបើកឡើងវិញ នាថ្ងៃទី១៥កញ្ញា នោះ គឺមានជាង២២០កន្លែង ដែលស្មើនឹងសិស្សជាង១៣ម៉ឺននាក់៕
 

Tag:
 សាលារៀន
 COVID-19
  សិស្ស លោក នួន ផារ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com