អន្តរជាតិ
វៀតណាម នឹងបើកកោះPhu Quoc ទទួលភ្ញៀវចាក់វ៉ាក់សាំងរួច នៅខែវិច្ឆិកា
14, Sep 2021 , 10:32 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
កោះ Phu Quoc ជាទិសដៅទេសចរណ៍ដំបូងដែលរដ្ឋាភិបាលវៀតណាម នឹងបើកទទួលភ្ញៀវទេសចរ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំង២ដូសរួច នៅក្នុងខែវិច្ឆិកាខាងមុខ។ ទេសចរត្រូវតែមានលិខិតបញ្ជាក់ថា បានធ្វើតេស្តរកជំងឺកូវីដ-១៩ និងមានលទ្ធផលអវិជ្ជមានរយៈពេល៧២ម៉ោងមុនមកដល់ប្រទេសវៀតណាម។


នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ បានយល់ព្រមតាមសំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមលើការបើកទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ រួច ទៅកម្សាន្តនៅកោះ Phu Quoc។​ បើតាមគេហទំព័ររដ្ឋាភិបាលវៀតណាមនៅថ្ងៃទី ១៣ ខែកញ្ញា កោះ Phu Quoc ក្នុងខេត្ត Kien Giang ជាទិសដៅទេសចរណ៍ដំបូងបំផុត ដែលរដ្ឋាភិបាលវៀតណាម នឺងបើកទទួលទេសចរអន្តរជាតិឡើងវិញ។ 
 
ប្រមុខរដ្ឋាភិបាលវៀតណាម ក៏បានឱ្យក្រសួងសុខាភិបាលធ្វើការជាមួយក្រសួងការបរទេស និងក្រសួងព័ត៌មាន និងទំនាក់ទំនងវៀមណាម ពីការពិនិត្យលើការចាក់វ៉ាក់សាំងរបស់ភ្ញៀវទេសចរ និងផ្ដល់អាទិភាព ដល់ទេសចរដែលចាក់វ៉ាក់សាំងរួចទៅកម្សាន្តនៅកោះ Phu Quoc នេះផងដែរ។ 
 
ភ្ញៀវទេសចរបរទេសដែលមានបំណងទៅកម្សាន្តនៅកោះ Phu Quoc ត្រូវទទួលបានវ៉ាក់សាំងការពារចំនួន២ដូសរួចរាល់យ៉ាងតិច១៤ថ្ងៃ និងមិនលើសពី១២ខែ។​ ជាមួយគ្នានេះដែរ ទេសចរក៏ត្រូវមានលិខិតបញ្ជាក់ថា អវិជ្ជមានជំងឺកូវីដ-១៩ តាមរយៈធ្វើតេស្តតាម PCR ក្នុងរយៈពេល៧២ម៉ោង មុនទៅដល់ប្រទេសវៀតណាម។
 
គិតមកទល់ពេលនេះប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៦១ម៉ឺននាក់ ក្នុងនោះអ្នកជាសះស្បើយជាង៣៧ម៉ឺននាក់ និងអ្នកស្លាប់ជាង១ម៉ឺននាក់៕
 
 

Tag:
 Phu Qouc
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com