ជាតិ
ក្រសួងបរិស្ថាន ផ្ដល់វិទ្យុទាក់ទងដល់ឧទ្យានុរក្សខេត្តកំពត ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅភ្នំបូកគោ ការប្រគល់វិទ្យទាក់ទង ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត។ រូបភាពពី ក្រសួងបរិស្ថាន។
× ភ្នំពេញ៖ ក្រសួងបរិស្ថាន ផ្ដល់វិទ្យុទាក់ទងដល់មន្ទីរបរិស្ថានខេត្តកំពត ដែលការពារ និងអភិរក្ស ក្នុងតំបន់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ។ ការណ៍នេះ ក្នុងគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រគល់វិទ្យុទាក់ទងចំនួន ៤០គ្រឿង ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត ដែលកំពុងទទួលបន្ទុកការងារ អភិរក្ស និងការពារ ឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅថ្ងៃទី១៣ កញ្ញា ។ ការផ្ដល់វិទ្យុទាក់ទងនេះ ដើម្បីជួយសម្រួល និងបង្កើនល្បឿនដល់ឧទ្យានុរក្ស ក្នុងការទំនាក់ទំនងពេលចុះល្បាត និងទប់ស្កាត់បទល្មើស។
នាឱកាសប្រគល់វិទ្យុទំនាក់ទំនង ដល់មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត លោក នេត្រ ភក្ត្រា លើកឡើងថា បច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍សម្រាប់ទំនាក់ទំនងនានា ដើរតួនាតីសំខាន់ជំនួយដល់មន្ត្រីឧទ្យានុរក្ស និងបង្កើនល្បឿនទំនាក់ទំនង ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ។ លោក នេត្រ ភក្ត្រា ក៏បានជំរុញដល់មន្ត្រីឧទ្យានុរក្សបន្តការរៀនសូត្របន្ថែម លើបច្ចេកវិទ្យាថ្មីៗ ក្នុងការធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាព ដោយខ្លួនឯង ស្របតាមដំណើរការវិវឌ្ឍន៍នៃបច្ចេកវិទ្យាព័ត៌មាន។
ជុំវិញការប្រើប្រាស់បច្ចេកវិទ្យានេះ លោក នេត្រ ភក្ត្រា ពន្យល់ថា៖ «កិច្ចការនេះ គឺជាកិច្ចការងារចាំបាច់បំផុតសម្រាប់យើងពីព្រោះថា ប្រសិនបើយើងមិនមានបច្ចេកវិទ្យាទំនើប ស្របទៅនឹងការរីកចម្រើនបច្ចេកវិទ្យាពិភពលោកទេនោះ យើងប្រាកដជាមិនអាចដើរតាមទាន់ជនល្មើសនោះទេ ពីព្រោះជនល្មើសក៏បានប្រើប្រាស់បច្ចេកវិទ្យាផងដែរ ក្នុងការផ្ដល់ព័ត៌មានទៅវិញទៅមក ដើម្បីគេចចេញពី សំណាញ់ច្បាប់»។
បើតាម លោក នេត្រ ភក្ត្រា បច្ចុប្បន្នកម្ពុជា មានមន្ត្រីឧទ្យានុរក្សចំនួន ១ ២០០នាក់ ដែលការពារ និងអភិរក្សលើផ្ទៃដីប្រមាណ ៧,៣លានហិកតា ដោយក្នុងមន្ត្រីឧទ្យានុរក្សម្នាក់ជាមធ្យម ការពារ និងអភិរក្សផ្ទៃដី ៦ពាន់ហិកតា។ ក្រៅពីវិទ្យុទាក់ទង កន្លងមកក្រសួងបរិស្ថាន បានផ្ដល់ដ្រូន និងសម្ភារមួយចំនួនទៀតផងដែរ ដល់មន្ត្រីឧទ្យានរក្សផងដែរ៕
Tag:
ThmeyThmey25
ក្រសួងបរិស្ថាន
បទល្មើសព្រៃឈើ
នេត្រ ភក្ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com