អន្តរជាតិ
លោក ប្លីងខិន៖ ទោះទ័ពអាម៉េរិកនៅយូរជាងនេះ ក៏អាហ្វហ្កានីស្ថានមិនអាចឈរដោយខ្លួនឯងដែរ
14, Sep 2021 , 5:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ។ រូបថត AFP
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្ល៊ីងខិន បាននិយាយការពារការដកទ័ពពីអាហ្វហ្កានីស្ថានដ៏ប្រថុចញ៉ុចដែលជាប្រធានបទធ្វើឱ្យរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន រងការរិះគន់ និងការឌឺដងមិនឈប់ឈរ។ ក្នុងការផ្ដល់សក្ខីកម្មចំពោះមុខគណៈកម្មាធិការសភានៅថ្ងៃទី១៣ ខែកញ្ញា លោក ប្លីងខិន អះអាងថា ទោះជាទ័ពអាម៉េរិកនៅយូរជាងនេះ ក៏រដ្ឋាភិបាលអាហ្វហ្កានីស្ថានមិនអាចឈរដោយខ្លួនឯងបាន ឡើយ។

 
អំឡុងការផ្ដល់សក្ខីកម្មនៅថ្ងៃទី១៣ ខែកញ្ញា សមាជិកសភាជាច្រើន ជាពិសេសសមាជិកមកពីបក្សសាធារណរដ្ឋបានរិះគន់ចំៗរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន លើស្ថានការណ៍ដកទ័ពពីអាហ្វហ្កានីស្ថាន បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមកាន់កាប់អំណាចជាថ្មីយ៉ាងឆាប់រហ័សកាលពីខែសីហា។ សមាជិកសភាបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យខ្លះ ថែមទាំងបានស្នើឱ្យរៀបចំការត្រួតពិនិត្យ និងសាកសួរពីផែនការដកទ័ពអាម៉េរិកចេញពីអាហ្វហ្កានីស្ថានដែលប្រកបដោយចលាចលទៀតផង។
 
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន អះអាងថា ការដកទ័ពពេលនេះ ជាលទ្ធផលនៃការចរចារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលចុះកិច្ចព្រមព្រៀងដកទ័ពអាម៉េរិកជាមួយក្រុមតាលីបង់។ លោក ប្លីងខិន បន្តថា អ្វីដែលរដ្ឋបាលលោក បៃឌិន ទទួលបានពីរដ្ឋបាលលោក គឺកាលកំណត់ដកទ័ព មិនមែនផែនការដកទ័ពឡើយ។
 
«គ្មានព័ស្តុតាងណាដែលបញ្ជាក់ថា ការបន្តនៅយូរជាងនេះនឹងធ្វើឱ្យកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន ឬរដ្ឋាភិបាលអាហ្វហ្កានីស្ថានមានភាពរឹងមាំឬអាចឈរដោយខ្លួនឯងបានឡើយ»។ ប្រមុខការទូតអាម៉េរិកប្រាប់សមាជិកសភាបែបនេះ មុនបន្ថែមថា  អាម៉េរិកបានចំណាយពេលជាង២០ឆ្នាំនិងលុយរាប់សិបពាន់លានដុល្លារមកហើយ តែមិនបានទទួលបានផ្លែផ្កាអ្វីឡើយ។ ដូចនេះទោះជាពន្យារពេលការដកទ័ពទៅមួយឆ្នាំឬ១០ឆ្នាំខាងមុខទៀត ក៏មិនមានអ្វីខុសគ្នានឹងការដកទ័ពនៅពេលនេះដែរ។
 
បើតាមលោក ប្លីងខិន ការដកទ័ពដ៏ប្រញាប់ប្រញាល់នេះជាការគោរពតាមកាលបរិច្ឆេទ ហើយបើអាម៉េរិកបន្តពន្យាពេលទៀតនោះ ពលរដ្ឋអាម៉េរិកនៅ អាហ្វហ្កានីស្ថាននឹងរងការគំរាមដល់ជីវិតជាក់ជាមិនខាន។ បន្ថែមពីនេះ លោកក៏រុញកំហុសទៅកាន់រដ្ឋបាលលោក ត្រាំ ដែលបានចរចាជាមួយតាលីបង់តែគ្មានផែនការច្បាស់លាស់ចំពោះការដកទ័ពចេញនេះ។
 
អំឡុងការផ្ដល់សក្ខីកម្មខាងលើ ប្រមុខការទូតអាម៉េរិក ត្រូវបានចោទសួរជាច្រើនសំណួរ និងរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាជាពិសេសក្រុមសាធារណរដ្ឋ។ សមាជិកសភាបក្សសាធារណរដ្ឋមួយចំនួនក៏បានទាមទារឱ្យលោក បៃឌិន លាលែងពីតំណែង។ ចំណែកឯសមាជិកសភាបក្សប្រជាធិបតេយ្យបានលើកឡើងពីសុវត្ថិភាពពលរដ្ឋអាម៉េរិកដែលនៅសេសសល់ ប៉ុន្តែបានគាំទ្រចំពោះការដកទ័ពចេញនេះ៕
 

Tag:
 អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com