កីឡាអន្តរជាតិ
អន្តរជាតិ
អាវលេខ៧របស់ Ronaldo នៅ Man Utd លក់ដាច់បំបែកកំណត់ត្រាលើស Messi ពីរដង
14, Sep 2021 , 4:57 pm        
រូបភាព
អាវរបស់ Cristiano Ronaldo សម្រាប់ក្រុម Manchester United បានបំបែកកំណត់ត្រាលក់បានចំនួនច្រើនដាច់គេ។ អ្នកលក់តាមអ៊ីនធឺណិត រាយការណ៍ថា អាវលេខ ៧ របស់បិសាចក្រហមនៅរដូវកាលថ្មី ២០២១-២២ លក់ដាច់គ្មានសល់ត្រឹមមួយថ្ងៃ ដែលច្រើនជាងអាវកីឡាករណាៗទាំងអស់។

 
សរុបនៅមុនពេល Ronaldo បង្ហាញខ្លួនក្នុងការប្រកួតដំបូងនៅ Old Trafford សប្តាហ៍មុន អាវលេខ៧របស់គេ បានបង្កើនការលក់បានប្រាក់ជាង ២១៩ លានដុល្លាររួចទៅហើយ។ នេះបើយោងតាមការបង្ហាញរបស់ I Love the Sales ដែលជាវេបសាយលក់ឥវ៉ាន់អនឡាញដ៏ល្បី។ 
 
បើតាមការបញ្ជាក់របស់វេបសាយលក់សម្ភារកីឡាផ្លូវការរបស់ក្រុមបិសាចក្រហម អាវលេខ៧ សម្រាប់ឈុតក្នុងដីរបស់ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះ មានតម្លៃ១១៣ដុល្លារ ដែលទាបជាងអាវរបស់ Lionel Messi នៅ Paris Saint Germain ដែលមានតម្លៃដល់ទៅ២០០ដុល្លារ។ 
 



យ៉ាងណាក៏ដោយ អាវរបស់ Ronaldo នៅឆ្នាំ២០២១ នេះលក់បានចំនួនច្រើន និងទទួលបានប្រាក់លើសគេទាំងអស់ ពោលគឺច្រើនជាង Messi នៅពេលផ្លាស់ទៅ PSG ដែលលក់បានសរុបត្រឹម១២១លានដុល្លារ។
 
អាវ Ronaldo ដែលជាផលិតផលរបស់ក្រុមហ៊ុនសម្ភារៈកីឡា Adidas ក៏នាំមុខគេក្នុងចំណោមការលក់អាវរបស់កីឡាករបាល់បោះ LeBron James ពេលចេញទៅ Los Angeles Lakers និងកីឡាករបាល់ឱប Tom Brady ផ្លាស់ទៅក្រុម ampa Bay Buccaneers ផងដែរ។
 
លោក Stuart McClure សហស្ថាបនិករបស់ I Love the Sales អះអាងថា៖ «យើងបានបំបែកកំណត់ត្រានៃការលក់អាវលេខ៧ របស់ Ronaldo នៅតាមរយៈអនឡាញ រហូតដល់តម្រូវការលើសពីការផ្គត់ផ្គង់ទៅទៀត»។ 
 
មិនត្រឹមតែ Ronaldo បានបំបែក លក់អាវដាច់បំផុតនៅក្នុងប្រវត្តិសាស្រ្ត Premier League ទៀតផង។
 
Ronaldo បានផ្លាសចេញពី Juventus ទៅកាន់ក្លិបចាស់ Man Utd វិញ ក្នុងតម្លៃផ្ទេរជិត១៨លានដុល្លារ។ ក៏ប៉ុន្តែរូបគេបានជួយក្រុមយក្សអង់គ្លេស ទទួលបានប្រាក់ទឹកតែពីការលក់អាវនេះវិញ លើសថ្លៃផ្ទេររបស់ខ្លួនទៅទៀត៕
 

Tag:
 Cristiano Ronaldo
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com