ជាតិ
កំពត កែប និងតាកែវ នៅតែជាទិសដៅទេសចរណ៍សំខាន់ក្នុងបរិបទកូវីដ-១៩
15, Sep 2021 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ចុងសប្តាហ៍ទី២ខែកញ្ញា មានទេសចរប្រមាណ ៦ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ១ពាន់នាក់ បានដើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ក្រៅពីរាជធានីភ្នំពេញ មានខេត្តចំនួន៣ ដែលនៅក្បែររាជធានីភ្នំពេញ មានភ្ញៀវទេសចរច្រើនទៅកម្សាន្ត ក្នុងនោះមានខេត្តកំពត កែប និងខេត្តតាកែវ។ ចំណែកខេត្តកណ្ដាល បាត់ដំបង និងកំពង់ស្ពឺ មិនមានទិន្នន័យភ្ញៀវទេសចរ ព្រោះមន្ទីរទេសចរណ៍ខេត្តនីមួយៗ មិនទាន់អនុញ្ញាតឱ្យបើករមណីយដ្ឋានទទួលភ្ញៀវ។

 
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង ថា ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងចុងសប្តាហ៍ទី២ ខែកញ្ញានេះ មានការកើនឡើងជាង២៤ភាគរយ បើធៀបនឹងចុងសប្តាហ៍ទី១នៃខែកញ្ញា។ ដ្បិតមានការកើនឡើង ប៉ុន្តែលោក ថោង ខុន ថាចរន្តភ្ញៀវទេសចរ មិនទាន់មានច្រើនខ្លាំងនោះទេ ដោយសារតំបន់ខ្លះនៅបន្តរឹតត្បិតការធ្វើដំណើរ។
 
បើតាមទិន្នន័យពីក្រសួងទេសចរណ៍ ថ្ងៃទី១២-១៣ កញ្ញាកន្លងទៅ រាជធានីភ្នំពេញ មានទេសចរចំនួន ១៨ ៨៤៦នាក់។ ចំណែកខេត្តចំនួន៥ ដែលមានទេសចរ ទៅកម្សាន្តច្រើនក្នុងនោះខេត្តកំពត ១៧ ៧២១នាក់, កែប ៧ ៥៧០នាក់, តាកែវ ៣,៧៣៦ នាក់, ព្រះសីហនុ ៣ ៣៨៤នាក់ និងខេត្តពោធិ៍សាត់ មានទេសចរចំនួន ៣ ២៥៨នាក់។
 
ដោយឡែកខេត្តចំនួន៥ផ្សេងទៀតមានភ្ញៀវទេសចរតែជាង ១០០នាក់ប៉ុណ្ណោះបានដើរកម្សាន្ត ក្នុងនោះខេត្តសៀមរាបមានទេសចរចំនួន ១៩៤នាក់, ខេត្តឧត្តរមានជ័យមានមាន ១៨៥នាក់, ព្រះវិហារ ១៧១នាក់, រតនគិរី ១៤៧នាក់ និងក្រចេះ១២៤នាក់ ។ ដោយឡែកខេត្តកណ្ដាល កំពង់ស្ពឺ និងបាត់ដំបង ដែលជាខេត្តសក្តានុពលទេសចរណ៍ បែជាមិនមានទិន្នន័យភ្ញៀវទេសចរទេក្នុងចុងសប្តាហ៍ទី២ ខែកញ្ញាកន្លងទៅនេះ។
 
គួរបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍បានឱ្យ មន្ទីរទេសចរណ៍តាមខេត្តនីមួយៗពិនិត្យមើលការរៀបចំរមណីយដ្ឋាន ឱ្យស្របតាមស្តង់ដាសុវត្ថិភាព SOP។ រមណីយដ្ឋានដែលគោរព និងអនុវត្តស្តង់ដាសុវត្ថិភាព SOP ទើបអាចដំណើរការរមណីយដ្ឋានឡើងវិញបាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com