សិល្បៈអន្តរជាតិ
អន្តរជាតិ
លោក ប្រាយុទ្ធ សសើរតារាចម្រៀង​ Lisa ដែលបានយកវប្បធម៌ថៃដាក់ក្នុងចម្រៀងខ្លួន
15, Sep 2021 , 10:17 am        
រូបភាព
ដោយ:
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានបង្ហាញការកោតសសើរដល់តារាចម្រៀង K-Pop ជនជាតិថៃ កញ្ញា Lalisa Monoban ដែលបានយកវប្បធម៌ថៃ បង្ហាញក្នុងចម្រៀងទោលរបស់ខ្លួនដែលមានចំណងជើងថា​ « Lalisa» ។ បទចម្រៀង ដែលរំលេចក្លោងទ្វារប្រាសាទភ្នំរូងនេះមានអ្នកចូលមើលជាង១៤០លានដងក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ។



កញ្ញា Lalisa Monoban សមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី Blackpink ក្នុងប្រទេសកូរ៉េ បានចេញចម្រៀងទោលចំនួន ២បទ កាលពីថ្ងៃទី១០កញ្ញា។ បទចម្រៀងទាំង២នោះមានចំណងជើងថា Money និង Lalisa ។ ជាមួយគ្នានេះ បទ Lalisa ទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេសក្នុងប្រទេសថៃ។ ក្រៅពីអ្នកគាំទ្រកញ្ញា Lalisa Monoban ក្នុងនោះរដ្ឋាភិបាលថៃក៏បានចាប់អារម្មណ៍ ស្នាដៃរបស់តារាចម្រៀងរូបនេះផងដែរ។ 
 
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana  លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃមានការពេញចិត្តយ៉ាងខ្លាំងចំពោះភាពច្នៃប្រឌិតរបស់សមាជិកក្រុមតារាចម្រៀង K-Pop ជនជាតិថៃរូបនេះ ដែលបានយកវប្បធម៌ និងខ្លោងទ្វារប្រាសាទភ្នំរូងដាក់ក្នុងចម្រៀងរបស់ខ្លួន ដែលមានចំណងជើង Lalisa។ 
 
កាសែត Bangkok Post លោក Thanakorn បានបញ្ជាក់ប្រាប់ថា ប្រាយុទ្ធបានកោតសរសើរពីភាពជោគជ័យរបស់សិល្បករថៃក្នុងការបង្កើតស្នាដៃផ្ទាល់ខ្លួនជាមួយនឹងការច្នៃប្រឌិតក្នុងវិស័យសិល្បៈ ចម្រៀង និងភាពយន្ត។ សិល្បៈករថៃ បានផ្សព្វផ្សាយ លើកតម្កើងតម្លៃវប្បធម៌ថៃ។

រដ្ឋាភិបាលថៃក៏មានគោលការណ៍ផ្សព្វផ្សាយវប្បធម៌ថៃតាមរយៈការរួមបញ្ចូលគ្នារវាងវប្បធម៌ថៃជាមួយសិល្បៈសម័យផងដែរ។ នេះជាការលើកឡើង លោក Thanakorn ដោយបន្តថា រដ្ឋាភិបាលថៃ មានទំនុកចិត្តយ៉ាងខ្លាំង ថាសេដ្ឋកិច្ចប្រទេសថៃ ដែលរួមបញ្ចូលដោយភាពច្នៃប្រឌិត នឹងជោគជ័យយ៉ាងខ្លាំង ព្រោះប្រទេសថៃ មានវប្បធម៌ អត្តសញ្ញាណ និងសិល្បៈផ្ទាល់ខ្លួន៕
 

Tag:
 ថៃ
  Lalisa Manoban
  K-pop
© រក្សាសិទ្ធិដោយ thmeythmey.com