អន្តរជាតិ
តាលីបង់ ជំរុញឱ្យអាម៉េរិកបង្ហាញទឹកចិត្តចំពោះអាហ្វហ្គានីស្ថាន ខណៈប្រទេសនានា សន្យាផ្តល់ជំនួយជាង១,២ ពាន់លានដុល្លារ
15, Sep 2021 , 12:00 pm        
រូបភាព
រដ្ឋមន្រ្តីស្ដីទីការបរទេសអាហ្វហ្កានីស្ថាន Amir Khan Muttaqi ក្នុងសន្និសីទសារព័ត៌មានមួយ។ រូបថត Xinhua
រដ្ឋមន្រ្តីស្ដីទីការបរទេសអាហ្វហ្កានីស្ថាន Amir Khan Muttaqi ក្នុងសន្និសីទសារព័ត៌មានមួយ។ រូបថត Xinhua
ក្រុមតាលីបង់នៅថ្ងៃទី ១៤ ខែកញ្ញា បានអរគុណដល់ប្រទេសនានា ដែលបានសន្យាផ្តល់ជំនួយរាប់រយលានដុល្លារដល់អាហ្វហ្កានីស្ថាន តាមការកៀរគរររបស់អង្គការសហប្រជាជាតិ និងការផ្តល់ជំនួយដោយផ្ទាល់ក្តី។ ក្រុមនេះ ក៏បានជំរុញឱ្យអាម៉េរិកបង្ហាញទឹកចិត្តចំពោះប្រទេសក្រីក្រមួយនេះផងដែរ ព្រោះបានជួយអាម៉េរិកក្នុងការជម្លៀសមនុស្សកន្លងមក។


លោក Amir Khan Muttaqi រដ្ឋមន្រ្តីស្ដីទីការបរទេសនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលដឹកនាំដោយក្រុមតាលីបង់ នៅថ្ងៃទី​ ១៤ ខែកញ្ញា បានប្រាប់អ្នកកាសែតថា តាលីបង់នឹងប្រើប្រាស់ជំនួយរបស់ម្ចាស់ជំនួយដោយឈ្លាសវៃដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
 
«យើង អរគុណនិងស្វាគមន៍ប្រទេសនានាដែលបានសន្យាផ្តល់ជំនួយប្រហែល១ពាន់លានដុល្លារ ហើយយើងសុំឱ្យពួកគេបន្តផ្តល់ជំនួយដល់អាហ្វហ្កានីស្ថានផងដែរ។ ឥស្លាមអេមីរ៉ាតនឹងព្យាយាមអស់ពីសមត្ថភាពដើម្បីផ្តល់ជំនួយនេះដល់ប្រជាជនខ្វះខាតក្នុងលក្ខណៈតម្លាភាព»។ លោក Muttaqi ប្រាប់អ្នកកាសែតបែបនេះក្នុងជំនួបទល់មុខលើកដំបូងក្រោយកាន់តំណែង។ 
ទន្ទឹមនឹងការអរគុណម្ចាស់ជំនួយ មន្រ្តីរដ្ឋាភិបាលតាលីបង់រូបនេះក៏បានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញដឹងគុណចំពោះក្រុមខ្លួនដែលអនុញ្ញាតឱ្យយោធាអាម៉េរិកបញ្ចប់ការដកកងទ័ព និងជម្លៀសប្រជាជនជាង ១២ ម៉ឺននាក់ដោយសុវត្ថិភាពកាលពីខែមុនផងដែរ។ លោកបានលើកឡើងថា អាម៉េរិកជាប្រទេសធំ  ហើយពួកគេគួរតែមានទឹកចិត្តធំដែរ។ 
 
ការលើកឡើងរបស់លោក Muttaqi ទំនងជាស្នើទៅកាន់អាម៉េរិកផ្តល់ជំនួយដល់ខ្លួន ខណៈកន្លងមកអាម៉េរិកបង្ហាញជំហរមិនចង់ផ្តល់ជំនួយនានាដែលអាចធ្លាក់ក្នុងដៃក្រុមតាលី​បង់​ឡើយ។
 
ក្រៅតែពីជំនួយដែលបានសន្យាផ្តល់ខាងលើនេះ លោក Muttaqi បញ្ជាក់ថា អាហ្វហ្កានីស្ថានដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចនិងគ្រោះរាំងស្ងួតផង បានទទួលជំនួយពីប្រទេសមួយចំនួនរួចមកហើយដូចជាប៉ាគីស្ថាន កាតា និងអ៊ូសបេគីស្ថានជាដើម។ ទន្ទឹមនឹងនេះ ចិនក៏បានផ្តល់ជំនួយជាច្រើនលានដុល្លារ​ រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អាហ្វហ្កានីស្ថានផងដែរ។
 
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី ១៣ ខែកញ្ញាបានដឹកនាំសន្និសីទអន្តរជាតិមួយនៅទីក្រុងហ្សឺណែវក្នុងគោលបំណងកៀងគរជំនួយផ្តល់ឱ្យអាហ្វហ្កានីស្ថាន។ ក្នុងសន្និសីទនេះ ប្រទេសមួយចំនួនបានសន្យាផ្តល់ជំនួយដល់អាហ្វហ្កានីស្ថានដែលសរុបជាទឹកប្រាក់បានប្រមាណ១,២ពាន់លានដុល្លារ។ 
 
ក្រោយការដកទ័ពរបស់អាម៉េរិកនិងសម្ព័ន្ធមិត្ត បូករួមនឹងការឈប់ផ្តល់ជំនួយមនុស្សធម៌ពីលោកខាងលិច អាហ្វហ្កានីស្ថានដែលកន្លងពឹងផ្អែកយ៉ាងខ្លាំងលើជំនួយបរទេស កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយរដ្ឋាភិបាលតាលីបង់មិនអាចបើកប្រាក់ខែជូនប្រជាជន ខណៈតម្លៃម្ហូបអាហារកាន់តែឡើងថ្លៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com