អន្តរជាតិ
អគ្គរដ្ឋទូតចិន ត្រូវសភាអង់គ្លេសហាមឃាត់ចូលរួមពិធីមួយ ដោយសារបញ្ហាទណ្ឌកម្មប្រទេសទាំងពីរ លោក Zheng Zeguang អគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស។ រូបថតពីវេបសាយក្រសួងការបរទេសចិន
× សភាចក្រភពអង់គ្លេស នៅថ្ងៃទី១៤ ខែកញ្ញា បានហាមឃាត់អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍មិនឱ្យចូលរួមកិច្ចប្រជុំមួយដោយសារចិនបានដាក់ទណ្ឌកម្មទៅលើសមាជិកសភា និងអ្នកនយោបាយអង់គ្លេសមួយចំនួនដែលបានរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ស្ថានទូតចិនចាត់ទុកទង្វើសភាអង់គ្លេស ជាទង្វើគួរឱ្យស្អប់ខ្ពើមរបស់អ្នកនយោបាយដែលអាចធ្វើឱ្យខាតបង់ប្រយោជន៍ប្រទេសទាំងពីរ។
នៅថ្ងៃទី១៤ ខែកញ្ញា ប្រធានសភាជាន់ទាប Lindsay Hoyle និងប្រធានសភាជាន់ខ្ពស់ John McFall បានប្រកាសរារាំងអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស Zheng Zeguang មិនឱ្យចូលរួមព្រឹត្តិការណ៍មួយដែលរៀបចំដោយសភាអង់គ្លេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។
លោក Hoyle បានលើកឡើងថា លោកតែងតែរៀបចំជំនួបជាមួយអគ្គរដ្ឋទូតមកពីប្រទេសនានាលើពិភពលោកដើម្បីបង្កើតទំនាក់ទំនងជិតដិតយូរអង្វែងរវាងប្រទេសទាំងនោះ និងសមាជិកសភាអង់គ្លេស។ ប៉ុន្តែអ្នកការទូតចិនគ្មានវត្តមានឡើយ។
«ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ថា នេះសមស្របនោះទេដែលឱ្យអគ្គរដ្ឋទូតចិនមកជួបប្រជុំនៅកន្លែងធ្វើការ របស់យើងនៅពេលប្រទេសរបស់លោកបានដាក់ទណ្ឌកម្មប្រឆាំងនឹងសមាជិករបស់យើងមួយចំនួន»។ ប្រធានសភាជាន់ទាបអង់គ្លេស បន្ថែមបែបនេះ។
កាលពីខែមីនា ទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មទៅលើអ្នកនយោបាយ អ្នកច្បាប់ និងសមាជិកបណ្ឌិត្យ សភាអង់គ្លេស៩នាក់ពីបទផ្សព្វផ្សាយពត៌មានដែលចិនអះអាងថាភូតកុហកនិងមិនពិតជុំវិញការបិទសិទ្ធិជនភាគតិចវីហ្គ័រនៅតំបន់ស៊ីនជាំង។
ទោះជាយ៉ាងណា លោក Hoyle អះអាងថា លោកមិនហាមឃាត់ឯកអគ្គរដ្ឋទូតចិនជាអចិន្ត្រៃយ៍នោះទេ ប៉ុន្តែការហាមឃាត់នេះនឹងមិនដកចេញវិញនោះទេ ប្រសិនបើចិននៅតែដាក់ទណ្ឌកម្មលើបុគ្គលទាំងនោះ។
ចំពោះរឿងនេះ អ្នកនាំពាក្យស្ថានទូតចិនបានរិះគន់សភាអង់គ្លេសដែរ និងចាត់ទុកជាជាសកម្មភាពគួរឱ្យស្អប់ខ្ពើម និងកំសាករបស់បុគ្គលមួយចំនួននៃសភាចក្រភពអង់គ្លេសដើម្បីរារាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យដដែលបន្តថា ពួកគេធ្វើបែបនេះដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន តែធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជា ជនទាំងសងខាងផងដែរ។
អ្នកនាំពាក្យស្ថានទូតចិនខាងលើបានបន្ថែមថា ការររាំងមិនឱ្យអគ្គរដ្ឋទូតចិនចូលរួមព្រឹត្តិការណ៍តាមការអញ្ជើញបែបនេះជារឿងដែលខុសទាំងស្រុងចំពោះសីលធម៌នៃទំនាក់ទំនងការទូត និងកិច្ចការរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com