ជាតិ
ទោះបីសាលាបើកទ្វារវិញ តែការសិក្សាអនឡាញនៅតែជាជម្រើស បើសិននៅមានក្តីបារម្ភ
15, Sep 2021 , 3:24 pm        
រូបភាព
សិស្សនៅរាជធានីភ្នំពេញ ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ បានចូលរៀនដោយផ្ទាល់នៅសាលារបស់ខ្លួនឡើងវិញនាព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ក្រោយការបិទទ្វារអស់ប្រមាណ៦ខែ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ នេះជាដំណើរការដំណាក់កាលដំបូងសម្រាប់សាលាដែលអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)។ ទោះបីជាយ៉ាងណាក៏សម្រាប់សិស្ស និងគ្រូមួយចំនួនដែលនៅមានការព្រួយបារម្ភ ឬរងនូវផលប៉ះពាល់ផ្សេងៗ នៅតែមានជម្រើសសិក្សាតាមអនឡាញដដែល។

 
 «ថ្ងៃនេះជាថ្ងៃបើកគ្រឹះស្ថានសិក្សាក្នុងរាជធានីភ្នំពេញ ប៉ុន្តែយើងសុំបញ្ជាក់ថា យើងមិនបង្ខំឲ្យគ្រឹះស្ថានទាំងអស់ បើកព្រមគ្នានៅថ្ងៃនេះទេ មិនមានន័យថាបើកដូចបវេសនកាលឡើយ»។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះ ក្រោយចុះទៅពិនិត្យដំណើរបើកសាលារៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

 
 
កូវីដ-១៩ នៅតែបន្តរាលដាលនៅក្នុងប្រទេស ដូច្នេះរដ្ឋាភិបាល សម្រេចជ្រើសរើសតែសាលាណា ដែលអនុវត្តលក្ខខណ្ឌរបស់ក្រសួងអប់រំ អនុវត្តបាននូវវិធានសុខាភិបាល និងគោរពនូវសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។
 
សុវត្ថិភាពរបស់សិស្ស និងបុគ្គលិកនានានៅតែក្តីបារម្ភ ដោយលោកអភិបាលរាជធានីបានអះអាងថា៖ «យើងបារម្ភ ហើយបារម្ភណាស់ពីសុវត្ថិភាពពួកគាត់ ដូច្នេះទើបយើងចែកក្រុមចុះត្រួតពិនិត្យតាមសាលា តាំងពីថ្ងៃដែលបើកប្រកាសបើកសាលា។ យើងមានក្រុមការងារចុះត្រួតពិនិត្យយ៉ាងល្អិតល្អន់ ហើយណែនាំដល់នាយកសាលា បុគ្គលិកអប់រំទាំងអស់ និងអញ្ជើញពួកគាត់ទៅធ្វើតេស្តរហ័ស ទទួលបានជោគជ័យ។ ប៉ុន្តែ ចំពោះបុគ្គលិកណាដែលមិនទាន់ចាក់វ៉ាក់សាំង យើងក៏បានណែនាំគាត់ឲ្យបង្រៀនតាមអនឡាញ»។


 
លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា៖ «សាលាប្រឈមបិទទ្វារវិញ ក្នុងករណីមានអ្នកវិជ្ជមានកូវីដ-១៩លើស១០ភាគរយ ប៉ុន្តែ ក្នុងករណីថ្នាក់ណាមួយឆ្លងមេរោគ យើងនឹងសិក្សាបន្ថែមថាមានប៉ះនរណាខ្លះ ប៉ះពាល់របៀបម៉េច។ យើងនឹងបិទថ្នាក់នោះសិន ហើយយកអ្នកប៉ះពាល់ផ្ទាល់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក»។
 
ជាមួយគ្នានេះ បើសិនអាណាព្យាបាលមានការព្រួយបារម្ភចំពោះសុវត្ថិភាពកូនៗ ចំពោះការបើកសាលាឡើងវិញនេះ ដោយសារកូនគាត់មិនអាចពាក់ម៉ាសយូរ ឬមានបញ្ហាសុខភាព សិស្សានុសិស្សអាចបន្តសិក្សាតាមប្រព័ន្ធអនឡាញបាន។ លោក ឃួង ស្រេង លើកឡើងថា៖ «យើងមិនប៉ះពាល់សិទ្ធិសេរីភាពពួកគាត់ទេ យើងលើកទឹកចិត្តឲ្យគាត់មានជម្រើស។ បើគាត់មានការព្រួយបារម្ភចំពោះកូនចៅគាត់ ដោយសារកូនគាត់មិនអាចពាក់ម៉ាស់បានយូរ ឬមានបញ្ហាសុខភាព ឬក៏មិនទាន់ចាក់វ៉ាក់សាំង គាត់អាចរៀនតាមអនឡាញបាន»។ 


 
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការបើកសាលារៀនឡើងវិញនៅថ្ងៃទី១៥ នេះ មានសាលាចំនួន១៤២ ក្នុងនោះមានសាលារដ្ឋចំនួន ៦២ និង សាលាឯកជនចំនួន៨០។ ចំពោះចំនួនសិស្សដែលបានចូលរៀន លោកប្រធានមន្ទីរមិនអាចបញ្ជាក់បានឡើយ ដោយលើកឡើងថា បើសិនសិស្សមធ្យមសិក្សាទាំងអស់ចូលរៀននឹងមានចំនួន ១៣ម៉ឺននាក់ ប៉ុន្តែចំពោះថ្ងៃ១៥នេះ សិស្សមករៀនប្រមាណ ៦ទៅ៧ម៉ឺននាក់។ 


 
មុនថ្ងៃបើកសាលាមកដល់ មានការចែកចាយជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុកអំពីការធ្វើតេស្តរហ័សសម្រាប់សិស្សានុសិស្សពេលចូលរៀនវិញ។ ត្រង់ចំណុចនេះ លោកប្រធានមន្ទីរបានបញ្ជាក់ថា៖« មិនមានតម្រូវឲ្យធ្វើតេស្តរហ័សពេលសិស្សចូលរៀនវិញឡើយ ដោយសារបច្ចុប្បន្នក៏កំពុងមានការខ្វះខាតឧបករណ៍ធ្វើតេស្ត។ ដោយឡែក មុនពេលបើកសាលា លោកគ្រូ-អ្នកគ្រូ ចំនួន ១០៤៤៣នាក់ បានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងបានរកឃើញអ្នកវិជ្ជមានចំនួន ២៤នាក់ មានម្នាក់មិនទាន់ចាក់វ៉ាក់សាំង ព្រោះបញ្ហាសុខភាព។
 
ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានណែនាំឲ្យគណៈនាយកសាលាត្រូវអនុវត្តវិធានការការឲ្យបានខ្ជាប់ខ្ជួន មិនមែនតែថ្ងៃ ១៥ កញ្ញា មួយថ្ងៃឡើយ។ សម្រាប់ការបើកដំណើរការលើកទីមួយនេះ បើសិនបានជោគជ័យ រដ្ឋាភិបាលគ្រោងបើកសាលាជាបន្តបន្ទាប់ទៀត៕
 











Tag:
 អប់រំ
  លោក ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com