ជាតិ
យុវជន៣៤នាក់មកពីខេត្តពោធិ៍សាត់ បានចំណេះថ្មីផ្នែកព័ត៌មានពីសារព័ត៌មានថ្មីៗ និងអង្គការដៃគូ
15, Sep 2021 , 4:48 pm        
រូបភាព
ដោយ:
សិស្ស-និស្សិត និងយុវជននៃបណ្ដាអង្គការសហគមន៍មកពីខេត្តពោធិ៍សាត់ ចំនួន៣៤នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានរយៈពេល២ថ្ងៃកន្លះ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែកញ្ញា  តាមប្រព័ន្ធ Zoom។

 
វគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើង ក្រោមកិច្ចសហការរៀបចំពីអង្គការតម្លាភាពកម្ពុជា (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) ដោយទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។


 
២ថ្ងៃកន្លងទៅនេះ សិក្ខាកាមចំនួន៣៤នាក់ ទទួលបានចំណេះដឹងលើផ្នែកផលិតព័ត៌មានអនឡាញ , ក្រមសីលធម៌សារព័ត៌មាន , សុវត្ថិភាពលើបណ្ដាញសង្គម និងការថតរូបបែបសារព័ត៌មាន តាមទូរស័ព្ទដៃ។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។


 
ថ្ងៃទី១ នៃវគ្គបណ្ដុះបណ្ដាល គ្រូឧទ្ទេសលោក អ៊ឹង ចំរើន និពន្ធនាយកនៃសារព័ត៌មានថ្មីៗ បានបង្ហាញពីក្រមសីលធម៌សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានសហគមន៍។ លោក សៅ ផលនិស្ស័យ និពន្ធនាយក Cambodianess បានបង្រៀនមេរៀនស្នូលនិង ឥទ្ធិពលនៃសារព័ត៌មាន ព្រមទាំងការស្វែងរកព័ត៌មាន និងការជ្រើសរើសមុម។
 
ចំណែកថ្ងៃទី២ កញ្ញា ខន ចំប៉ា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ  បានបង្រៀនពីបច្ចេកទេសសម្ភាស ការបង្កើតកម្រងសំណួរ និងដឹកនាំការធ្វើលំហាត់អនុវត្តផ្ទាល់។ ជាមួយគ្នានេះដែរ លោក សែម វណ្ណា និពន្ធនាយករងសារព័ត៌មានថ្មីៗ២៥ បានបង្រៀនពីរបៀបសរសេរព័ត៌មាន។
 


រីឯថ្ងៃចុងក្រោយ លោក នួន កក្កដា ប្រធានផ្នែកបច្ចេកវិទ្យានៃសារព័ត៌មានថ្មីៗ បាន បង្ហាញពីសុវត្ថិភាពលើបណ្តាញសង្គម។ កញ្ញា ជឿន ស្រីណយ អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ បានបង្រៀនពីយុទ្ធការនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមានប្រសិទ្ធភាព។ លោក សែម វណ្ណា បានបង្រៀន បច្ចេកទេសថតរូប របៀបថតរូបភាពបែបសារព័ត៌មាន តាមទូរស័ព្ទ។
 
វគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃកន្លះនេះ ដំណើរការទៅយ៉ាងរលូន ដោយសិក្ខាកាម អាចទទួលបានចំណេះដឹងសារព័ត៌មាន ដើម្បីយកទៅអនុវត្ត។ ទោះវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបញ្ចប់ហើយក៏ដោយ តែសារព័ត៌មានថ្មីៗ នៅតែបន្តគាំទ្រសិក្ខាកាម ធ្វើយ៉ាងណាឱ្យសិក្ខាកាមអាចផលិតព័ត៌មានបាន៕
 


Tag:
 វគ្គបណ្ដុះបណ្ដាល
  ពោធិ៍សាត់
  ThmeyThmey
© រក្សាសិទ្ធិដោយ thmeythmey.com