អន្តរជាតិ
លោក បៃឌិន បដិសេធព័ត៌មានដែលថា លោក ស៊ី ច្រានចោលសំណើជួបគ្នាផ្ទាល់
15, Sep 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កំពុងដើរនៅទីធ្លាសេតវិមាននាពេលកន្លងមក។ រូបថត Xinhua។_
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កំពុងដើរនៅទីធ្លាសេតវិមាននាពេលកន្លងមក។ រូបថត Xinhua។_
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានច្រានចោលរបាយការណ៍មួយរបស់កាសែត The Financial Times ដែលបានអះអាងថា ប្រធានាធិបតីចិន ស៊ី ជិនភីង បានបដិសេធសំណើរបស់សមភាគីអាម៉េរិកសម្រាប់ការជួបមុខពិភាក្សាគ្នាផ្ទាល់អំឡុងការសន្ទនាតាមទូរស័ព្ទកាលពីសប្ដាហ៍មុន។

 
កាសែត The Financial Times បានស្រង់សម្តីមន្រ្តីជាច្រើនដែលទាក់ទងជំនួបតាមទូរស័ព្ទរយៈពេល៩០នាទីរវាងមេដឹកនាំអាម៉េរិកកាលពីសប្តាហ៍មុន។ ពួកគេអះអាងថា លោក ស៊ី ជិនភីង មិនបានយល់ព្រមជាមួយលោក ចូ បៃឌិន តាមសំណើឡើយ។ ផ្ទុយទៅវិញលោក ស៊ី បានទទូចឱ្យទីក្រុងវ៉ាស៊ីនតោនឈប់ប្រើគោលនយោបាយបរទេសមកគាបសង្កត់ចិនទៀត។
 
 
ជំនួបមេដឹកនាំក្រុមប្រទេស G20 ត្រូវគេជឿថា អាចជាទីកន្លែងដែលលោក បៃឌិន ជួបលោក ស៊ី ទល់មុខផ្ទាល់។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា លោក បៃឌិន ប្រាប់អ្នកសារព័ត៌មានថា ការផ្សព្វផ្សាយនេះមិនពិតនោះទេ។ 
 
មុនលោក បៃឌិន ចេញមុខច្រានចោល ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ក៏បានបដិសេធព័ត៌មានខាងលើដែរ។ ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Sullivan និយាយថា របាយការណ៍នោះមិនបានបញ្ជាក់ព័ត៌មានត្រឹមត្រូវនៃការហៅទូរស័ព្ទរវាងមេដឹកនាំទាំងពីរឡើយ។ លោកបានបន្ថែមថា៖ «មេដឹកនាំទាំងពីរ បានពិភាក្សាពីសារសំខាន់នៃការពិភាក្សាដោយស្ងាត់ៗ ហើយពួកយើងនឹងគោរពតាមការចង់បាននេះ»។
 
គួរបញ្ជាក់ថា ក្នុងជំនួបតាមទូរស័ព្ទ ប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាលើបញ្ហារួមជាច្រើនដែលជាក្ដីបារម្ភរួមគ្នា។ ភាគីទាំងពីរក៏យល់ឃើញស្របគ្នាថា ទំនាក់ទំនងរវាងប្រទេសទាំងពីរជះឥទ្ធិពលខ្លាំងដល់កិច្ចការពិភពលោក ហើយយល់ព្រមដោះស្រាយបញ្ហាដែលកំពុងកើតមានតាមការពិភាក្សាត្រង់ៗ និងបើកចំហ៕
 
 
 
 

Tag:
 អាម៉េរិក
  ចិន
  ចូ បៃឌិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com