អន្តរជាតិ
ប្រជាជនកេនយ៉ា២,១លាននាក់ ប្រឈមនឹងគ្រោះអត់ឃ្លានដោយសារគ្រោះរាំងស្ងួតវាយប្រហារ
15, Sep 2021 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
ប្រជាជនកេនយ៉ាប្រមាណ២,១លាននាក់ ត្រូវបានរំពឹងថា ប្រឈមមុខភាពអត់ឃ្លានដែលបណ្ដាលគ្រោះរាំងស្ងួតដ៏អាក្រក់ក្នុងពាក់កណ្តាលសតវត្សរ៍ទី២១នេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Guardian នៅថ្ងៃទី១៥ ខែកញ្ញា ដែលស្រង់របាយការណ៍អាជ្ញាធរក្នុងស្រុក។ គ្រោះរាំងស្ងួត បានប៉ះពាល់ដល់ការប្រមូលផលដំណាំយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសអាហ្វ្រិកមួយនេះ។


អាជ្ញាធរគ្រប់គ្រងគ្រោះរាំងស្ងួតជាតិកេនយ៉ា (NDMA) អះអាងថា ប្រជាជនដែលរស់នៅក្នុងខណ្ឌ២៣នៅទូទាំងតំបន់ដីស្ងួតភាគខាងជើង ភាគឦសាន និងតាមតំបន់សមុទ្រនៃប្រទេស នឹងត្រូវការជំនួយស្បៀងជាបន្ទាន់នារយៈពេល៥ខែខាងមុន ក្រោយពីការធ្លាក់ភ្លៀងមិនអំណោយផលចន្លោះខែមីនា និងខែឧសភាក្នុងឆ្នាំនេះ។
 
ការរាលដាលនៃជំងឺកូវីដ-១៩ និងភ្លៀងធ្លាក់តិចតួចកាលពីរយៈពេលមុន បានបង្កជាវិបត្តិដ៏ធំ។ ស្ថានភាព ត្រូវបានទស្សទាយថា នឹងកាន់តែអាក្រក់ខ្លាំងក្លានៅចុងឆ្នាំ២០២១។ បរិមាណទឹកភ្លៀងចាប់ពីខែតុលា និងខែធ្នូ ត្រូវបានរំពឹងថានឹងមានកម្រិតទាបជាងកម្រិតធម្មតា។
 
កាលពីសប្តាហ៍មុន ប្រធានាធិបតីកេនយ៉ា អ៊ូហ៊ូរូ កេនយ៉ាត់តា បានប្រកាសថា គ្រោះរាំងស្ងួត ជាគ្រោះមហន្តរាយជាតិ ហើយរូបលោកសន្យាថា នឹងចាត់វិធានការកាត់បន្ថយគ្រោះរាំងស្ងួតគ្រប់ជ្រុងជ្រោយ។ឯកាលពីខែកក្កដា អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅកេនយ៉ាបានអះអាងថា កេនយ៉ាត្រូវការទំហំទឹកប្រាក់ប្រមាណ៨៥លានដុល្លា លើវិធានការទប់ស្កាត់ផលប៉ះពាល់នៃគ្រោះរាំងស្ងួតចន្លោះខែកក្កដា និងវិច្ឆិកា។
 
លោកស្រី Asha Mohammed អគ្គលេខាធិការកាកបាទក្រហមកេនយ៉ា និយាយដែរថា តំបន់ដែលរងផលប៉ះពាល់ភាគច្រើន ប្រឈមនឹងការវាយលុកពីសំណាក់ហ្វូងកណ្តូបវាលខ្សាច់ គ្រោះទឹកជំនន់ និងជម្លោះកុលសម្ព័ន្ធរួចទៅហើយដែលជាផ្នែកធ្វើឱ្យធនធានកាន់តែថយចុះ។ បញ្ហាទាំងអស់នេះ ក៏ជំរុញឱ្យវិបត្តិកង្វះអាហារកាន់តែយ៉ាប់យ៉ឺនទៅទៀត។
 
លោកស្រីបន្តថា វាគឹដល់ពេលហើយដែលប្រទេសត្រូវគិតគូរអំពីវិធានការអន្តរាគមន៍រយៈពេលមធ្យម និងរយៈពេលវែងលើការកាត់បន្ថយផលប៉ះពាល់វិបត្តិអាកាសធាតុ និងបញ្ហាអសន្តិសុខស្បៀង៕
 
 
 
 
 
 
 

Tag:
 កេនយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com