Liverpool បានវយបកយកឈ្នះ AC Milan ៣-២ វិញ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូល B ពានរង្វាន់ UEFA Champions League។ Paris Saint-Germain ទទួលបានលទ្ធផលស្មើជាមួយ Club Brugge ប៉ុណ្ណោះ បើទោះពួកគេដាក់កីឡាករឆ្នើម Neymar Kylian Mbappe និង Lionel Messi លេងជាមួយគ្នាក៏ដោយ។
ក្នុងជំនួបវគ្គចែកពូលនៅកីឡដ្ឋាន Anfield នារាត្រីថ្ងៃទី១៥ ខែកញ្ញា ខ្សែការពារចំណូលថ្មី Fikayo Tomori របស់ AC Milan បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ក្រោយចាប់ផ្តើមការប្រកួតបាន៩នាទីដំបូងនៃវគ្គទី១។ ៥នាទីបន្ទាប់ Mohamed Salah មានឱកាសស៊ុតបាល់ពិន័យ១១ម៉ែត្រដើម្បីជួយហង្សក្រហមបង្កើនការនាំមុខ ប៉ុន្តែធ្វើមិនបានសម្រេច។ នៅចុងម៉ោងទៅហើយ ពោលគឺនៅនាទី៤២ និង ៤៤ ក្រុមភ្ញៀវ អាចតាមបានគ្រាប់តាមស្នើ និងនាំមុខវិញដែលធ្វើបានដោយកីឡាករ Ante Rebic និង Brahim Diaz។
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន៤នាទី Salah បានសម្រេចគ្រាប់ដំបូងរបស់ខ្លួន និងជាគ្រាប់បាល់តាមស្មើ ២-២ ឱ្យ Liverpool វិញ។ កូនក្រុមលោក Juergen Klopp នៅតែបន្តដាក់សម្ភាធលើគូប្រជែង រហូតរកបានគ្រាប់ជ័យជម្នះ ៣-២ តាមរយៈការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ប្រធានក្រុម Jordan Henderson នៅនាទី ៦៩។
តាមរយៈជ័យជម្នះនេះ Liverpool ឈរលេខរៀងទី១ពូល B ឯ AC Milan នៅបាតតារាង។ Atletico Madrid និង FC Porto ដែលបញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់ទទួលបាន១ពិន្ទុម្នាក់សម្រាប់ប្រកួតដំបូងនេះ។
PSG ឯណោះវិញ មិនអាចទទួលបានលទ្ធផលជាផ្លែផ្កាឡើយ បើទោះក្រុមយក្សបារាំងមួយនេះដាក់កំពូលកីឡាករឆ្នើមរបស់ខ្លួនទាំងបីរូបដែលរួមមាន Neymar Mbappe និង Messi ឱ្យលេងជាមួយគ្នាក៏ដោយ។ ក្រុមដែលដឹកនាំដោយអ្នកចាត់ការលោក Mauricio Pochettino បានត្រឹមស្មើ ១-១ ប៉ុណ្ណោះជាមួយ Club Brugge ក្នុងជំនួបបើកឆាកពូលា A។ Ander Herrera ខ្សែបម្រើ PSG និង Hans Vanaken របស់ Club Brugge រកបានម្នាក់១គ្រាប់រៀងៗខ្លួន។
នៅក្នុងពូល A នេះដែរ ក្រុមរងជើងឯកចាស់ Manchester City បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល ៦-៣។ ៦គ្រាប់របស់ក្រុមមេឃខៀវ ធ្វើបានដោយ Nathan Ake, Riyad Mahrez, Jack Grealish, Joao Cancelo, Gabriel Jesus និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Nordi Mukiele។ ៣គ្រាប់របស់ក្រុមអាល្លឺម៉ង់ RB Leipzig សម្រេចដោយ Christopher Nkunku ទាំង៣គ្រាប់។
សម្រាប់លទ្ធផលប្រកួតផ្សេងៗក្នុងវគ្គសន្សំពិន្ទុ Champions League រួមមាន៖ ពូល C
- Besiktas ១-២ Borussia Dortmund
- Sporting CP ១-៥ Ajax ពូល D
- FC Sheriff ២-០ Shakhtar Donetsk
- Inter Milan ០-១ Real Madrid