ជាតិ
ពីនេះ ពីនោះ
អាជ្ញាធរព្រះសីហនុ រកឃើញសពអ្នកនេសាទម្នាក់បាត់ខ្លួន ក្នុងហេតុការណ៍លិចទូក
16, Sep 2021 , 10:19 am        
រូបភាព
សមត្ថកិច្ច រកឃើញសាកសពជនរងគ្រោះម្នាក់ ក្នុងឧប្បត្តិហេតុលិចទូក ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ រូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ច រកឃើញសាកសពជនរងគ្រោះម្នាក់ ក្នុងឧប្បត្តិហេតុលិចទូក ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ រូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ។
ព្រះសីហនុ៖ សមត្ថកិច្ច បានរកឃើញសពបុរសនេសាទម្នាក់ ឈ្មោះ ស៊ន មករា នៅល្ងាចថ្ងៃទី១៥ ។ បុរសម្នាក់នេះ បានបាត់ខ្លួនក្នុងឧប្បត្តិហេតុលិចទូក នៅចំណុចចុងអូរ ស្ថិតក្នុងនៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ កញ្ញា។


លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមខ្សែទូរស័ព្ទថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុលិចទូកនេះ។លោកបន្ថែមដូច្នេះ៖«ក្រុមសមត្ថកិច្ចរកឃើញ(សាកសព)ហើយ តែឥឡូវយើងកំពុងធ្វើការងារស្រាវជ្រាវឱ្យពិតប្រាកដ ច្បាស់លាស់ ពីមូលហេតុ(លិចទូក)»។
 
កន្លងអភិបាលខេត្តព្រះសីហនុ បានប្រកាសផ្អាកបណ្ដោះអាសន្នទូកនេសាទ និងទូកទេសចរណ៍ទាំងឡាយ ដើម្បីការពារសុវត្ថិភាព ពីគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយបណ្ដាលពីគ្រោះធម្មជាតិ ដូចជាខ្យល់ និងរលកសមុទ្រជាដើម។ ការផ្អាកបណ្ដោះអាសន្ននេះ នឹងត្រូវអនុវត្តរហូត ដល់ការជូនដំណឹងវិញ។ នេះបើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ។
 
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់បន្ថែមថា ការផ្អាកសកម្មភាពនេសាទ និងទូកទេសចរណ៍ បណ្ដោះអាសន្ននេះ មិនទាន់បើកចរាចរណ៍វិញនោះទេ ពោលគឺបន្តបិទរហូត ដល់មានការជូនដំណឹងឡើងវិញ។ លោកបន្ថែមថា លទ្ធភាពដែលអាចបើកដំណើរការបានវិញ គឺអាស្រ័យលើស្ថានភាពអាកាសធាតុ តាមលក្ខណៈបច្ចេកទេសជាមុន។ 
 
លោក ឃាង ភារម្យ អំពាវនាវដល់ពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះបញ្ហារលកសមុទ្រ ខ្យល់ព្យុះ  ដែលអាចកើតមានជាយថាហេតុ និងស្នើសុំឱ្យពលរដ្ឋផ្អាកធ្វើដំណើរ និងនេសាទ តាមផ្លូវសមុទ្រជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕
 

Tag:
 ThmeyThmey25
  លិចទូកនេសាទ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com