អន្តរជាតិ
អូស្ត្រាលី នឹងមាននាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរដោយមានជំនួយពីអាម៉េរិកនិងអង់គ្លេស
16, Sep 2021 , 11:15 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងជំនួបតាមអនឡាញជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (ឆ្វេង) និងនាយករដ្ឋមន្រ្តីអង់គ្លេសស បូរីស ចនសុន (ស្ដាំ)។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក្នុងជំនួបតាមអនឡាញជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (ឆ្វេង) និងនាយករដ្ឋមន្រ្តីអង់គ្លេសស បូរីស ចនសុន (ស្ដាំ)។ រូបថត AFP
មេដឹកនាំអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសតាមជំនួបអនឡាញនៅថ្ងៃទី១៥ ​ខែកញ្ញាពីបង្កើតភាពជាដៃគូសន្តិសុខសម្រាប់តំ​បន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​។ គោលដៅចម្បងនៃសម្ព័ន្ធភាពថ្មី គឺការពង្រឹងសមត្ថភាពទ័ពជើងទឹកនៅតំបន់មួយនេះ ដែលត្រូវមើលឃើញថា ជាការប្រឹងប្រែង​របស់​អាម៉េរិកនិងសម្ព័ន្ធមិត្តក្នុងការទប់ទល់នឹងឥទ្ធិពលចិន។ ក្រោមកិច្ចព្រមព្រៀងនេះ អូស្ត្រាលី នឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ បារាំងឯណោះទំនងមិនសប្បាយចិត្តឡើយ។

 
ដោយមើលឃើញពីការភាពចាំបាច់ក្នុងការពង្រឹងកម្លាំងជើងទឹកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក អាម៉េរិក អង់គ្លេស និងអូស្ត្រាលី សម្រេចបង្កើតសម្ព័ន្ធភាពថ្មី AUKUS ឡើង។ ក្នុងជំនួបតាមអនឡាញនៅថ្ងៃទី១៥ ខែកញ្ញា ប្រធានាធិបតី អាម៉េរិក ចូ​ បៃឌិន, នាយករដ្ឋមន្រ្តីអង់គ្លេស បូរីស ចនសុន ​និង​នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បានលើកឡើងថា ក្រោមភាពជាដៃគូនេះ អាម៉េរិកនិង​អង់គ្លេស​នឹង​ផ្តល់​ឱ្យ​អូស្ត្រាលីបច្ចេកវិទ្យាក្នុងការផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
 
 
ប៉ុន្តែមេដឹកនាំទាំងបីក៏សង្កត់ធ្ងន់ថា នាវាមុជទឹកថ្មីរបស់អូស្ត្រាលី នឹងមិនបំពាក់អាវុធនុយក្លេអ៊ែរឡើយ។ លោក បៃឌិន បញ្ជាក់ដែរថា អូស្ត្រាលីមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងជួយអូស្ត្រាលីមានសមត្ថភាពទំនើបបំផុតដែលចាំបាច់ក្នុងការទប់ទល់ការគំរាមកំហែងដែលប្រែប្រួលឆាប់រហ័ស។ 
 
«យើងទាំងអស់គ្នាទទួលស្គាល់ពីភាពចាំបាច់នៃការធានាសន្តិភាពនិងស្ថិរភាពនៅឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុង​រយៈពេលវែង»។ ប្រធានាធិបតីអាម៉េរិកសង្កត់ធ្ងន់បែបនេះ។ លោកក៏លើកឡើងដែរថា​ ភាគី​ទាំងអស់​ត្រូវតែដោះស្រាយស្ថានភាពសន្តិសុខបច្ចុប្បន្ននៅក្នុងតំបន់នេះ ពីព្រោះភាពរីកចម្រើនៃ​ពិភពលោក​នៅ​ពេលអនាគតអាស្រ័យលើការបើកចំហ និងសេរីភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ទាក់ទងការសាងសង់នាវាមុជទឹកសម្រាប់អូស្ត្រាលីនេះ លោក បៃឌិន លើកឡើងថា រដ្ឋាភិបាល​ប្រទេស​ទាំងបីនឹងចំណាយពេល១៨ខែដើម្បីពិគ្រោះយោបល់អំពីការកំណត់ធាតុនីមួយៗក្នុងកម្មវិធីនេះ តាំងពី​កម្លាំងពលកម្ម តម្រូវការបណ្តុះបណ្តាល រហូតដល់ពេលវេលាផលិតផងដែរ។ បើតាមលោក ម៉ូ​រី​សុន នាវាមុជទឹកទាំងនេះ នឹងត្រូវសាងសង់នៅទីក្រុង Adelaide ហើយអូស្ត្រាលីសន្យាបំពេញតាមកាតព្វកិច្ចមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។
 
ចំណែកលោក ចនសុន បានបញ្ជាក់ថា នេះជាការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់ អូស្ត្រាលី​ក្នុង​ការ​ទទួលបានបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ លោកនិយាយទៀតថា ការមាននាវាមុជទឹកនេះនឹងធ្វើឱ្យពិភពលោកមានសុវត្ថិភាព។
 
ច្បាស់ណាស់ចិនមិនសប្បាយចិត្តនឹងរឿងនេះឡើយ។ ប៉ុន្តែអ្នកដែលមិនរីករាយខ្លាំងដែរនោះ គឺបារាំង។ នេះក៏ព្រោះបារាំងកំពុងចរចាជាមួយអូស្ត្រាលីលើការសាងសង់នាវាមុជទឹកតម្លៃរាប់ពាន់លានដុល្លារផងដែរ។ ក្រុមហ៊ុនបារាំង Naval Group បានបង្ហាញការខកចិត្តចំពោះគំនិតផ្ដួចផ្ដើមខាងលើ ដែលទំនងជាធ្វើឱ្យបារាំងបាត់ឱកាសរកស៊ីរបស់ខ្លួន៕
 
 

Tag:
 អាម៉េរិក
  អូស្ត្រាលី
  អង់គ្លេស
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com