អន្តរជាតិ
ឥណ្ឌូណេស៊ី កំពុងចរចាជាមួយ WHO និងក្រុមហ៊ុនឱសថដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងឱ្យពិភពលោក
16, Sep 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែកញ្ញាបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកកំពុងពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាក្រុមហ៊ុនឱសថចំនួន៦ទៀតដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់តម្រូវការពិភពលោក។

 
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោក Budi Gunadi Sadikin រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី បានបង្ហាញពីផែនការប្រកបដោយមហិច្ឆតារបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការដើរតួជាទីតាំងចែកចាយវ៉ាក់សាំងជំងឺកូវីដ-១៩ ។ ជាគោលការណ៍អាទិភាព លោក Budi និយាយថា ឥណ្ឌូណេស៊ីចង់ទិញវ៉ាក់សាំងពីក្រុមហ៊ុនដែលអាចផ្ទេរបច្ចេកវិទ្យា ហើយបង្កើតរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុកតែម្ដង។
 
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ីរូបនេះបន្ថែមថា ឥណ្ឌូណេស៊ីមានមហិច្ឆតាផលិតវ៉ាក់សាំងដោយប្រើបច្ចេកវិទ្យានាំសារ mRNA មាន Pfizer-BioNTech និងបច្ចេកវិទ្យា viral vector របស់ AstraZeneca ។ យ៉ាងណាមិញ ការស្នើសុំនេះស្ថិតនៅជំហានដំបូងប៉ុណ្ណោះ។
 
«យើងកំពុងធ្វើការជាមួយ WHO ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតកម្មសកលសម្រាប់ (វ៉ាក់សាំងប្រើ ប្រាស់) បច្ចេកវិទ្យានាំសារ mRNA»។ លោក Budi បាននិយាយបែបនេះមុនបន្តថា នៅដើមខែកញ្ញា លោកបានបញ្ចុះបញ្ចូលអគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ដោយផ្ទាល់អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទ្វីបអឺរ៉ុប។ ដោយសារ WHO ជ្រើសរើសអាហ្វ្រិកខាងត្បូងជាទីតាំងដំបូង ឥណ្ឌូណេស៊ីគួរជាទីតាំងទីពីរ។
 
រដ្ឋមន្ត្រីរូបនេះបានអះអាងទៀតថា ឥណ្ឌូណេស៊ី មានទីតាំងល្អក្នុងការនាំចេញវ៉ាក់សាំងទៅជុំវិញពិភពលោក ជាពិសេសដោយសារប្រទេសនេះមានប្រជាជនមូស្លីមច្រើនជាងគេបំផុតផងដែរ ហើយអាចធានាបានថាវ៉ាក់សាំងដែលផលិតបាននឹងត្រូវគោរពតាមស្តង់ដា Halal ។
 
លើសពីនេះ លោក Budi បាននិយាយថា ក្រុមហ៊ុនឱសថឥណ្ឌូណេស៊ី កំពុងពិភាក្សាជាមួយក្រុមហ៊ុន ផលិតវ៉ាក់សាំងនានាដូចជា Anhui, Walvax, Sinovac, Genexine, Arcturus Therapeutics និង Novavax ។ លោក Bambang Heriyanto លេខាធិការសាជីវកម្ម Bio Farma ដែលជាក្រុមហ៊ុនផលិតឱសថរដ្ឋធំជាងគេរបស់ឥណ្ឌូណេស៊ី បញ្ជាក់ថា នេះជាជំហានដំបូងនៃការផ្ទេរបច្ចេកវិទ្យាផលិតហើយនេះអាចចំណាយពេលពីរទៅបីឆ្នាំដើម្បីសាងសង់រោងចក្រដែលមានដំណើរការពេញលេញ។
 
ជុំវិញរឿងនេះអ្នកនាំពាក្យរបស់ WHO បាននិយាយថាឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសមានចំណូលទាបនិងមធ្យម២៥ដែលចាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌលផលិតវ៉ាក់សាំង។ ប៉ុន្តែអ្នកនាំពាក្យរូបនោះបានបដិសេធមិននិយាយថា ឥណ្ឌូណេស៊ីជាប្រទេសឈានមុខគេឬយ៉ាងណានោះទេ៕
 

Tag:
 ឥណ្ឌូណេស៊ី
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com