ជាតិ
រដ្ឋមន្រ្តីកសិកម្ម ស្នើធនាគារពិភពលោក បន្តជួយពង្រឹងវិស័យកសិកម្មកម្ពុជា
16, Sep 2021 , 7:59 pm        
រូបភាព
ជំនួបរវាងលោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពពី គណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ជំនួបរវាងលោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពពី គណនីហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើធនាគារពិភពលោក ពិចារណាលើគម្រោងបីគាំទ្រខ្សៃច្រវាក់ផលិតកម្មបន្លែ ធ្វើទំនើបកម្មវិស័យកសិកម្ម និងអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ខណៈភាគីធនាគារពិភពលោកយកសំណើទៅពិចារណា។ នេះបើតាមទំព័រហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។


លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្នើដល់ធនាគារពិភពលោក តាមរយៈអ្នកស្រី Maryam Salim ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា ពិចារណាលើលទ្ធភាពជួយគាំទ្រ ក្នុងការពង្រឹងវិស័យកសិកម្មកម្ពុជា។ គម្រោងទាំងបីរបស់ក្រសួងកសិកម្ម រួមមាន ពង្រឹងផលិតកម្មបន្លែ ធ្វើទំនើបកម្មវិស័យកសិកម្ម និងអភិវឌ្ឍវិស័យវារីវប្បកម្ម។ ការស្នើនេះធ្វើឡើងក្នុងជំនួប នៅថ្ងៃទី១៥ ខែកញ្ញា ម្សិលមិញនេះ។
 
យោងតាមការចេញផ្សាយលើគណនីហ្វេសប៊ុក លោក វេង សាខុន គម្រោងទាំងបីពង្រឹងវិស័យកសិកម្មកម្ពុជាក្នុងនោះ គម្រោងទី១ ការពង្រឹងផលិតភាពផលិតកម្មបន្លែនៅទូទាំងប្រទេស និងដោយឡែកក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។ ការណ៍នេះ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ តាមរយៈការចងក្រងបណ្ដុំផលិត ទៅកាន់បណ្ដាញទីផ្សារ កន្លែងប្រមូលផ្ដុំ រចនាសម្ព័ន្ធស្តុក និងការដឹកជញ្ជូន។
 
ចំពោះគម្រោងទី២ បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ផលិតកម្ម ការកែច្នៃ និងការនាំចេញដំណាំ ផ្លែឈើ។ គម្រោងទី២នេះ ក៏ផ្ដោតលើការផ្ដល់សេវាផ្សព្វផ្សាយលើបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ ដើម្បីបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម។ ជាមួយគ្នានេះ នឹងបង្កើនសមត្ថភាពធនធានមនុស្ស និងមន្ទីរពិសោធន៍ជាតិ។
 
ដោយឡែកគម្រោងទី៣ គឺការអភិវឌ្ឍវិស័យវារីវប្បកម្ម ក្នុងន័យលើកកម្ពស់ផលិតភាពផលិតកម្ម ធានាបានគុណភាព សុវត្ថិភាព ក៏ដូចជាពង្រឹង និងពង្រីកលើការងារស្រាវជ្រាវ បង្កាត់ និងផ្សព្វផ្សាយពូជត្រី រួមទាំងចំណី។ ជាពិសេសការកសាង ខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗនៅតែជាអាទិភាព។
 
ជុំវិញសំណើខាងលើ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមតេឡេក្រាមយ៉ាងខ្លីដូច្នេះ៖ «យើងគ្រាន់តែលើកសំណូមពរទៅភាគីធនាគារ ដើម្បីផ្ដល់ការគាំទ្រជាជំហានបន្តបន្ទាប់តែប៉ុណ្ណោះ។ ត្រង់ធនាគារសម្រេចផ្ដល់ជូននៅពេលណា ទំហំប៉ុណ្ណានោះយើងមិនទាន់ដឹង»។
 
យ៉ាងណាមិញ នាពេលកន្លងទៅថ្មីៗនេះ ក្រសួងកសិកម្ម ទទួលបានជំនួយជាង ៣លានដុល្លារ ពីសាធារណរដ្ឋកូរ៉េ សម្រាប់អភិវឌ្ឍការដាំដុះបន្លែ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ នៅខេត្តមណ្ឌលគិរី។ កញ្ចប់ថវិកានេះទៀតសោត សម្រាប់អនុវត្តគម្រោង ក្នុងរយៈពេល៤ឆ្នាំ ដោយគិតពីឆ្នាំ២០២១ ដល់២០២៤៕
 

Tag:
 ThmeyThmey25
  ធនាគារពិភពលោក
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com