អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​តប​ទៅ​AUKUS៖ កិច្ចព្រមព្រៀង​នាវាមុជទឹក អាច​បង្កឱ្យមាន​ការរត់​ប្រណាំង​សព្វាវុធ​
16, Sep 2021 , 8:48 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន_លោក_Zhao_Lijian។_រូបភាព៖_Reuters
អ្នកនាំពាក្យក្រសួងការបរទេសចិន_លោក_Zhao_Lijian។_រូបភាព៖_Reuters
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៦ ខែកញ្ញា បាន​រិះគន់​សម្ព័ន្ធភាព​ថ្មី AUKUS របស់​អាម៉េរិក អង់គ្លេស និង​អូស្ត្រាលី​ថា កិច្ចព្រមព្រៀង​ផ្តល់​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថិរភាព សន្តិភាព​ក្នុង​តំបន់​ធ្ងន់ធ្ងរ និង​ចង់ឱ្យមាន​ការប្រកួតប្រជែង​សព្វាវុធ​។ ចិន ក៏បាន​ចាត់ទុក​កិច្ចព្រមព្រៀង​នោះ ជា​ការមិន​ទទួលខុសត្រូវ​ផងដែរ​។


​ក្រោម​សម្ព័ន្ធភាព​ថ្មី AUKUS អាម៉េរិក និង​អង់គ្លេស​បានសម្រេច​ផ្តល់​បច្ចេកវិទ្យា​ផលិត​នាវាមុជទឹក ដែល​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ទៅ​អូស្ត្រាលី ប៉ុន្តែ​វា នឹងមិន​បំពាក់អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ សម្ព័ន្ធភាព​ថ្មី​នេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា ជាការ​ទប់​ឥទ្ធិពល​ចិន​។ 

​មួយថ្ងៃ​បន្ទាប់ពី​ការបង្កើត​សម្ព័ន្ធមិត្ត​នោះ ចិន បាន​ចេញមុខ​រិះគន់​ចំៗ និង​ចាត់ទុកជា​ទង្វើ​មិន​ទទួលខុសត្រូវ​មកលើ​ស្ថិរភាព​នៅក្នុង​តំបន់​។ «​ការនាំចេញ​បច្ចេកវិទ្យា​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ដោយ​អាម៉េរិក និង​អង់គ្លេស​ទៅ​អូស្ត្រាលី​...​ជា​ឧបករណ៍​នៃ​ល្បែង​ភូមិសាស្ត្រ​នយោបាយ​»​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា វា​ផងដែរ គឺជា​ការប្រើប្រាស់​បទដ្ឋាន​ពីរ​ជាន់ និង​ជា​សកម្មភាព​ដែល​មិន​ទទួលខុសត្រូវ​ទាល់តែសោះ​។ 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​បន្តទៀតថា កិច្ចព្រមព្រៀង​នោះ បានធ្វើឱ្យ​ប៉ះពាល់​សន្តិភាព និង​ស្ថិរភាព​តំបន់ និង​មានបំណង​បង្កើត​ការប្រកួតប្រជែង​សព្វាវុធ​។ ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់​ចិន បាន​ជំរុញ​ឱ្យ​សម្ព័ន្ធភាព AUKUS លុបចោល​ផ្នត់គំនិត​ចាញ់ឈ្នះ​ក្នុងសម័យ​សង្គ្រាមត្រជាក់ ឬ​ហានិភ័យ ដែល​អាច​កើតមាន​លើ​ប្រទេស​ទាំងនោះ​វិញ​។ 

​ការបង្កើត​ភាពជា​ដៃគូ​ថ្មី​នេះ ធ្វើឡើង​ស្របពេល​អូស្ត្រាលី បាន​បង្កើន​ថវិកា​ការពារជាតិ​ខ្លួន ខណៈពេល​ចិន​កំពុង​បង្កើន​ឥទ្ធិពល​ខ្លួន​នៅក្នុង​តំបន់​។ មិន​ប៉ុណ្ណោះ ប្រទេស​ទាំងបី​ខាងលើ សុទ្ធ​តែមាន​បញ្ហា​ជាមួយ​ចិន ទាក់ទិន​នឹង​ពាណិជ្ជកម្ម ប្រភពដើម​នៃ​ជំងឺ​កូ​វីដ​-១៩ សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីន​ជាំ​ង និង​ហុងកុង​ជាដើម​៕

Tag:
 ​ចិន​
  អាម៉េរិក​
  អង់គ្លេស​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com