កីឡាអន្តរជាតិ
អន្តរជាតិ
Ozil ស៊ុតគ្រាប់បាល់ដំបូងនៅអឺរ៉ុបក្នុងពេល៣ឆ្នាំ ក្រោយចេញពី Arsenal ទៅ Fenerbahce
17, Sep 2021 , 12:01 pm        
រូបភាព
Mesut Ozil រកបានគ្រាប់បាល់ដំបូងនៅក្របខណ្ឌអឺរ៉ុបក្រោយរយៈពេល៣ឆ្នាំ ក្នុងជំនួបដែល Fenerbahce ស្មើ Eintracht Frankfurt ១-១ ក្នុងការប្រកួតពានរង្វាន់ EUFA Europa League។


នាការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពូល D អតីតខ្សែបម្រើឆ្នើម Arsenal រូបនេះ បានស៊ុតបាល់បញ្ចូលទីនៅនាទី១០ ដើម្បីជួយក្រុមភ្ញៀវ Fenerbahce របស់តួកគីនាំមុខ Frankfurt ១គ្រាប់មុខ មុនពេល Sam Lammers តាមបានស្មើវិញនៅនាទី៤១។
 
នេះជាគ្រាប់បាល់ដំបូងរបស់ Ozil នៅក្របខណ្ឌអឺរ៉ុបក្នុងរយៈពេល៣ឆ្នាំ ចាប់តាំងពីរូបគេមិបានបង្ហាញខ្លួនសោះកាលនៅ Arsenal។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអាល្លឺម៉ង់វ័យ ៣២ឆ្នាំរូបនេះ មានបញ្ហាជាច្រើនក្នុងវិស័យបាល់ទាត់ ដោយសារមានជាប់ពាក់ព័ន្ធនឹងនយោបាយ។
 
ក្រុមកាំភ្លើងធំ មិនបានដាក់ឱ្យ Ozil លេងស្ទើពេញមួយរដូវកាល ២០១៩-២០ ហើយនៅរដូវកាល ២០២០-២១ រូបគេ​ក៏​មិន​ជាប់​ឈ្មោះ​សមាជិក​កីឡាករ​ទាំង​២៥​រូប​របស់លោក Mikel Arteta សម្រាប់​ក្របខណ្ឌ Premier League និង Europa League ផងដែរ។​ បញ្ហានេះត្រូវបានគេជឿជាក់ថាដោយសារអតីតខ្សែបម្រើ Real Madrid និយាយប៉ះពាល់ចិនជុំវិញករណីជនជាតិវីហ្គ័រនៅស៊ីនជាំង។ ទីផ្សាររបស់ Arsenal មួយចំនួនធំពឹងផ្អែកនៅប្រទេសចិន។
 
Ozil បានផ្លាស់ទៅ Fenerbahce នៃលីគកំពូលតួកគី កាលពីខែមករា ឆ្នាំ២០២១ ក្រោយរួមរស់ជាមួយ Arsenal ជិត៨រដូវកាល។ គ្រាប់បាល់នៅ Europa League ក៏ជាគ្រាប់បាល់ទី១សម្រាប់រូបគេ ក្រោយបង្ហាញខ្លួន១២លើកសម្រាប់ Fenerbahce។
 
ក្នុងពូល D នេះដែរក្រុម Olympiakos Piraeus បានយកឈ្នះ Royal Antwerp FC ក្នុងលទ្ធផល ២-១។ Olympiakos ឈរកំពូលតារាងពូល D មាន៣ពិន្ទុ ខណៈFenerbahce នៅលេខមាន១ពិន្ទុ ស្មើក្រុមលេខ៣ Frankfurt ឯ Royal Antwerp FC នៅបាតតារាង ក្រោយឆ្លងកាត់១ប្រកួតដំបូងដូចគ្នា៕
 

Tag:
 Fenerbahce
  Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com