អន្តរជាតិ
នាវាមុជទឹក៖ អាម៉េរិកព្យាយាមសម្រាលបញ្ហាជាមួយបារាំង ឯអូស្ត្រាលីថាគ្មានអ្វីត្រូវសុំទោសទេ
17, Sep 2021 , 3:02 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ម៉ារីស ផេន (ឆ្វេង) នាសន្និសីទសារព័ត៌មានរួមគ្នា។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេសអូស្ត្រាលី ម៉ារីស ផេន (ឆ្វេង) នាសន្និសីទសារព័ត៌មានរួមគ្នា។ រូបថត AFP
បារាំង ពិតខឹងសម្បារខ្លាំងចំពោះការបាត់បង់ឱកាសរកស៊ីរាប់ពាន់លានដុល្លារក្រោយអាម៉េរិកនិង​អង់គ្លេសបានព្រមព្រៀងផ្ដល់បច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅដល់​អូស្ត្រាលី។ ទំនងជានិយាយឱ្យបារាំងត្រជាក់ចិត្ត ប្រមុខការទូតអាម៉េរិក​នៅថ្ងៃទី១៦ ខែ​កញ្ញា​លើកឡើង​ថា បារាំងជាដៃគូដ៏សំខាន់មួយ។ រីឯអូស្ត្រាលីវិញ​មិនសោកស្ដាយ​ដែល​ត្រូវ​លុប​ចោល​កិច្ចព្រមព្រៀង​ជាមួយបារាំងឡើយ។

 
អាម៉េរិក អូស្ត្រាលី​ និងអង់គ្លេសបានបង្កើតភាពជាដៃគូសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែល​ក្នុង​នោះអូស្ត្រាលីនឹងទទួលបានបច្ចេកវិទ្យាផលិតនាវាមុជទឹកអាម៉េរិក​ដើរដោយ​ថាមពលនុយក្លេអ៊ែរ។ ការណ៍នេះធ្វើឱ្យអូស្ត្រាលីនឹងលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់​បារាំងដែលមានតម្លៃ​៤០​ពាន់លានដុល្លារ។
 
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានរិះគន់អាម៉េរិក និងអូស្ត្រាលី។ លោក Le Drian និយាយចំៗថា អូស្ត្រាលីបានចាក់ខ្លួនពីក្រោយខ្នង។ លោកបន្ថែមថា ហើយការសម្រេចចិត្ត​យ៉ាង​ឃោរឃៅ និងឯកតោភាគីបែបនេះ គឺដូចអ្វីដែលអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានធ្វើដែរ។
 
ទំនងជានិយាយឱ្យបារាំងស្ងប់ចិត្ត ប្រមុខការទូតអាម៉េរិកលោក អាន់តូនី ប្លីងខិន លើកឡើង​ថា ​ទីក្រុង​វ៉ាស៊ីនតោនចង់ស្វែងរកឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ​បារាំងជាប្រទេសដ៏សំខាន់មួយក្នុងការធ្វើកិច្ចការនេះ។
 
«យើងសហការយ៉ាងជិតស្និទ្ធជាមួយបារាំងលើអាទិភាពរួមគ្នាជាច្រើននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ប៉ុន្តែក៏នៅជុំវិញពិភពលោកផងដែរ។ យើងនឹងបន្តធ្វើដូច្នេះ។ យើងឱ្យ​តម្លៃ​ជា​មូលដ្ឋាន​លើ​ទំនាក់​ទំនង​អាម៉េរិក-បារាំង»។ លោក ប្ល៊ីងខិន បានសង្កត់ធ្ងន់បែបនេះ​អំឡុង​សន្និសីទសារព័ត៌មាន​រួមគ្នា​មួយ​នៅ​ថ្ងៃ​ទី១៦ខែកញ្ញា បន្ទាប់ពីជំនួបរដ្ឋមន្ត្រីការបរទេសនិងការពារជាតិអាមេរិក-អូស្ត្រាលីក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។
 
​បើតាមប្រមុខការទូតអាម៉េរិករូបនេះ មន្រ្តីអាម៉េរិកបានទាក់ទងជាមួយភាគីបារាំងក្នុងរយៈពេល២៤ទៅ៤៨ម៉ោងចុងក្រោយដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងខាងលើមុនពេលប្រកាសជាផ្លូវការផងដែរ។
យ៉ាងណាមិញ មន្រ្តីបារាំងម្នាក់និយាយថា អាម៉េរិកមិនបានជូនដំណឹង​ដល់ពួកគេជាមុនទេ​រហូត​ដល់​មន្ត្រីបារាំងបានឃើញរបាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងនេះ ហើយបានទាក់ទង​ទៅភាគីអាម៉េរិកនិងចោទសួរមូលហេតុនៃការសម្រេចចិត្តមួយនេះ។
 
ក្នុងសន្និសីទសារព័ត៌មានខាងលើដដែល រដ្ឋមន្ត្រីការពារជាតិអូស្ដ្រាលី លោក Peter Dutton មិនបាន​និយាយឱ្យបារាំងស្ងប់ចិត្តនោះទេ។ រដ្ឋមន្ត្រីរូបនេះលើកឡើងថា លោកមិនសោកស្ដាយ​ និងមិនសុំទោស​ចំពោះទម្លាក់ចោលការព្រមព្រៀងជាមួយបារាំង ហើយងាកទៅជ្រើសយកការព្រមព្រៀងថ្មី​ជាមួយ​អាម៉េរិក និងអង់គ្លេសដែលមានភាពល្អប្រសើរជាង៕
 

Tag:
 បារាំង​
  អាម៉េរិក
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com