អន្តរជាតិ
អូស្រ្តាលីស្នើទៅ WTO បង្កើតក្រុមការងារដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយចិន
17, Sep 2021 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី លោក Dan Tehan នៅយប់ថ្ងៃទី១៦ ខែកញ្ញា បានបញ្ជាក់ថា អូស្រ្តាលី បានស្នើទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យបង្កើតក្រុមការងារដោះស្រាយជម្លោះដើម្បីកាត់ក្តីលើការដំឡើងពន្ធយ៉ាងធ្ងន់ពីសំណាក់ចិនមកលើស្រារបស់អូស្រ្តាលី។

 
នៅខែមិថុនាកន្លងមក អូស្រ្តាលី បានដាក់ពាក្យបណ្ដឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការដំឡើងពន្ធនាំចូលស្រាពីសំណាក់ចិន។ យ៉ាងណាមិញ មកដល់ថ្ងៃទី១៦ ខែកញ្ញា រយៈពេលនៃការចរចាលើការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានបរាជ័យ។ នេះជាដំណាក់កាលដំបូងនៃការដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅអង្គការ WTO។ 
 
បន្ទាប់ពីបរាជ័យនៅដំណាក់កាលដំបូង អូស្រ្តាលី បានស្វះស្វែងរកទៅកាន់ដំណាក់កាលបន្ទាប់ទៀត ដែលជាការស្នើសុំឱ្យអង្គការអន្តរជាតិមួយនេះ បង្កើតក្រុមការងារដើម្បីដោះស្រាយជម្លោះ។ «អូស្រ្តាលីគាំទ្រប្រព័ន្ធពាណិជ្ជកម្មដែលផ្អែកលើប្រព័ន្ធច្បាប់»។ លោក Dan Tehan រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្រ្តាលី បានសង្កត់ធ្ងន់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅយប់ថ្ងៃទី១៦ ខែកញ្ញា។ 
 
រដ្ឋមន្រ្តីរូបនេះ ក៏បានបន្តផងដែរថា អូស្រ្តាលី នឹងបន្តតតាំងសម្រាប់សិទ្ធិរបស់អ្នកនាំចេញស្រាអូស្រ្តាលី និងត្រៀមខ្លួនដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយចិន។ តាមទិន្នន័យឧស្សាហកម្មរបស់អូស្រ្តាលី ទំហំនៃការលក់ស្រារបស់អូស្រ្តាលីទៅចិន បានធ្លាក់ចុះជាលំដាប់ ដោយវាបានធ្លាក់ចុះពីជាង ៨៤០លានដុល្លារ មកចំនួនតិចតួចប៉ុណ្ណោះ។ ការធ្លាក់ចុះនៃទំហំលក់នេះ ធ្វើឡើងបន្ទាប់ពីចិនដំឡើងពន្ធលើស្រាអូស្រ្តាលី។
 
ក្រៅពីស្រា រដ្ឋាភិបាលក្រុងកង់បេរ៉ា ក៏បានតតាំងជាមួយក្រុងប៉េកាំងលើស្រូវបាលីនៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ និងបដិសេធការដំឡើងពន្ធលើទំនិញផ្សេងទៀត៕ 
 

Tag:
 ចិន
  អូស្រ្តាលី
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com