កីឡាជាតិ
ជាតិ
កីឡាការិនីបាល់ទះខ្មែរ-អាម៉េរិក Brittany Soun៖ ជួយកម្ពុជាក្នុងស៊ីហ្គេមជាក្តីសុបិនខ្ញុំ និងក្រុមគ្រួសារ
17, Sep 2021 , 5:59 pm        
រូបភាព
កើតនៅរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាម៉េរិក Brittany Soun បង្ហាញពីឆន្ទៈចូលរួមក្រុមកីឡាការិនីបាល់ទះលើឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ជាក្តីសុបិនរបស់កីឡាការិនីវ័យ១៦ឆ្នាំរូបនេះដើម្បីរួមចំណែកជួយដល់ប្រទេសកំណើតឪពុកម្តាយខ្លួន។ ចូលប្រឡូកក្នុងកីឡាបាល់ទះតាំងពីអាយុ៩ឆ្នាំ ហើយចុងក្រោយនេះ Brittany ដក់ចិត្តស្រឡាញ់ការប្រកួតលើឆ្នេរខ្សាច់យ៉ាងខ្លាំង ហើយកាលពីឆ្នាំ២០១៩ នាងបានឈ្នះជើងឯក California Interscholastic Federation Northern Regional ក្របខណ្ឌ Division 1, ឈ្នះពាន Campolindo High School JV Coaches Award និងឈានដល់វគ្គផ្តាច់ព្រ័ត្រ California State Champions ក្របខណ្ឌ Division 1 ហើយនៅឆ្នាំ២០២១នេះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Halft Moon Bay AVP U16 Beach Volleyball Tournament។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញសង្គមតេឡេក្រាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) បានអះអាងថា គោលនយោបាយរបស់រដ្ឋាភិបាល និងគោលនយោបាយការបរទេសរបស់ NOCC គឺស្វាគមន៍ជានិច្ចរាល់ឈាមជ័រខ្មែរនៅក្រៅប្រទេស ដោយពួកគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមតំណាងឲ្យជាតិក្នុងព្រឹត្តិការណ៍ប្រកួតកីឡា។ 


កីឡាការិនី Brittany Soun កាលពីនៅអាយុ​៨​ឆ្នាំ ។ រូបថត ផ្តល់ដោយ Brittany
 
«ខ្ញុំសូមកោតសរសើរទឹកចិត្តរបស់ Brittany ដែលស្រឡាញ់ជាតិ និងកីឡាជាតិ ហើយយើងត្រូវមានទំនាក់ទំនងគ្នាឲ្យកាន់តែច្បាស់ជាងនេះ ដើម្បីឲ្យដឹងពីកម្រិតបច្ចេកទេស និងលក្ខខណ្ឌផ្សេងៗ»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន ដោយបញ្ជាក់បន្ថែមថា លក្ខខណ្ឌចម្បងបំផុតរបស់អត្តពលិកខ្មែរនៅក្រៅប្រទេស គឺពួកគេត្រូវមានលក្ខណៈសម្បត្តិ បទពិសោធន៍ និងកម្រិតបច្ចេកទេសខ្ពស់ជាងអ្នកនៅក្នុងស្រុក បើ Brittany មានគុណវុឌ្ឍិល្អ គាត់ពិតជាអាចចូលក្នុងក្រុមកីឡាការិនីបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិ ហើយមិនមែនតែតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះឡើយ ពោលគឺរាល់ព្រឹត្តិការណ៍អន្តរជាតិធំៗផ្សេងទៀត ដូចជាកីឡាអាស៊ី និងអូឡាំពិកជាដើម។
 
លោក អ៊ឹង ចំរើន នៃសារព័ត៌មានថ្មីៗ បានទាក់ទងទៅកាន់កីឡាការិនីខ្មែរ-អាមេរិក កម្ពស់១,៨០ម៉ែត្ររូបនេះ តាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីសាកសួរព័ត៌មានផ្ទាល់ខ្លួនបន្ថែម។ សូមអានបទសម្ភាសដូចខាងក្រោម៖
 

 
លោក អ៊ឹង ចំរើន៖ តើប្អូនអាចរៀបរាប់អំពីខ្លួនឯង និងក្រុមគ្រួសារបន្តិចបានទេ?
Brittany Soun៖ នាងខ្ញុំមានឈ្មោះពេញថា Brittany Melirachana Soun ដែលជាកូនកណ្តាលក្នុងគ្រួសារដែលមានកូនសរុប៧នាក់ ដោយមានប្រុស២នាក់ បងស្រី១នាក់ ប្អូនស្រី២នាក់ និងប្អូនប្រុស១នាក់។ ពួកយើងស្រឡាញ់គ្នាណាស់ ហើយចំណង់ចំណូលចិត្តខ្លាំងបំផុតរបស់ខ្ញុំ គឺធ្វើដំណើរទៅបឹងតាហូ (Lake Tahoe) ការដើរឡើងភ្នំជាលក្ខណៈគ្រួសារ និងស្រឡាញ់ធម្មជាតិ។ ខ្ញុំកើតនៅរដ្ឋកាលីហ្វនីញ៉ា ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំសុទ្ធតែជាជនជាតិខ្មែរដែលបានចាកចេញពីប្រទេសនាសម័យខ្មែរក្រហម។ បច្ចុប្បន្ន ខ្ញុំមានអាយុ១៦ឆ្នាំ និងរៀននៅថ្នាក់ទី១១ ហើយខ្ញុំជាសមាជិកក្រុមបាល់ទះប្រចាំសាលា Campolindo High School។ ជាមួយគ្នានេះ ខ្ញុំក៏ស្ថិតក្នុងដំណាក់កាលដែលត្រូវជ្រើសរើសឲ្យចូលលេងក្នុងក្រុមបាល់ទះលើឆ្នេរខ្សាច់កម្រិត Division I នៅមហាវិទ្យាល័យផងដែរ។
 



លោក អ៊ឹង ចំរើន៖ ហេតុអ្វីបានជាជ្រើសរើសយកបាល់ទះ ជាប្រភេទកីឡាជំនាញរបស់ខ្លួន?
Brittany Soun៖ ខ្ញុំធំធាត់ក្នុងគ្រួសារបាល់ទះ។ ឪពុករបស់ខ្ញុំធ្លាប់លេងបាល់ទះ ហើយក្រោយមកគាត់បានបង្រៀនបងស្រីខ្ញុំឈ្មោះ Priscilla។ ខ្ញុំបានរួមដំណើរស្ទើរគ្រប់ការប្រកួតរបស់បងស្រីខ្ញុំអស់រយៈពេលពីរបីឆ្នាំ មុនពេលដែលខ្ញុំលេងឲ្យក្រុមដំបូងរបស់ខ្លួនចាប់ពីអាយុ៩ឆ្នាំមក។ ពេលនេះ ប្អូនប្រុសអាយុ១០ឆ្នាំរបស់ខ្ញុំឈ្មោះ Bentley តែងតែចូលរួមមើលការប្រកួតរបស់ខ្ញុំ។ និយាយដោយស្មោះត្រង់ទៅ គេប្រហែលជាលេងល្អជាងខ្ញុំ នៅពេលដែលគេកាន់តែធំទៅ។ ខ្ញុំបានចាប់ផ្តើមលេងបាល់ទះឆ្នេរខ្សាច់ជាលក្ខណៈប្រកួតប្រជែងនារដូវក្តៅនេះ ហើយខ្ញុំក៏ចាប់ចិត្តស្រឡាញ់កីឡាប្រភេទនេះយ៉ាងខ្លាំង។ ខ្ញុំចង់លេងរាល់ថ្ងៃនៅលើឆ្នេរខ្សាច់ ជាពិសេសនៅក្បែរសមុទ្រ។
 
លោក អ៊ឹង ចំរើន៖ កន្លងមក តើ Brittany ធ្លាប់ដឹងអ្វីខ្លះដែរអំពីកីឡានៅកម្ពុជា?
Brittany Soun៖ នារដូវក្តៅកន្លងមក ខ្ញុំមានជំនក់ចិត្តកាន់តែខ្លាំងចំពោះកីឡាបាល់ទះលើឆ្នេរខ្សាច់ ហើយបានលេងពី១០ទៅ១២ព្រឹត្តិការណ៍ប្រកួត។ ថ្ងៃមួយ ខ្ញុំព្យាយាមរកមើលថា តើកម្ពុជាមានក្រុមបាល់ទះឆ្នេរខ្សាច់ដែរឬយ៉ាងណា ហើយខ្ញុំក៏បានប្រទះឃើញថា កម្ពុជាបានប្រកាសអំពីការរៀបចំក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិនារី។


 
លោក អ៊ឹង ចំរើន៖ តើអ្នកណាខ្លះលើកទឹកចិត្ត ប្អូនឲ្យភ្ជាប់ទំនាក់ទំនងមកកម្ពុជា ជាពិសេសគោលដៅសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣?
Brittany Soun៖ លោកឪពុក អ្នកម្តាយ ទាំងពីររបស់ខ្ញុំ។ ជីតារបស់ខ្ញុំឈ្មោះ សួន សាវុន (Soun Savoun) ក៏ដូច្នោះដែរ ព្រោះគាត់ស្រឡាញ់កីឡាបាល់ទះ ហើយតែងតែមើលរាល់ការប្រកួតរបស់ខ្ញុំ និងលើកទឹកចិត្តខ្ញុំឲ្យចូលលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ វាជាក្តីសុបិនរបស់ខ្ញុំក្នុងការលេងសម្រាប់កម្ពុជា ហើយជាពិសេសការជំរុញចិត្តយុវជនខ្មែរឲ្យលេងបាល់ទះ ក៏ដូចជាចូលរួមក្នុងវិស័យកីឡា និងការពង្រឹងកាយសម្បទា។ ក្រៅពីគ្រួសារ មិនមានសិស្សខ្មែរផ្សេងទៀតនៅសាលារបស់ខ្ញុំឡើយ។ ខ្ញុំមានមោទកភាពដែលកើតមកជាឈាមជ័រខ្មែរ ហើយចង់បង្ហាញមនុស្សទូទៅថា យុវតីខ្មែរក៏អាចលេងកីឡាបានយ៉ាងល្អផងដែរ!
 
លោក អ៊ឹង ចំរើន៖ តើវិញ្ញាសាអ្វីដែលប្អូនត្រូវចូលរួមប្រកួតប្រជែង?
Brittany Soun៖ ខ្ញុំនឹងប្រកួតប្រជែងលើវិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់នារី ពីរទល់ពីរ។
 


លោក អ៊ឹង ចំរើន៖ តើប្អូនបានទាក់ទងទៅអ្នកណាខ្លះ?
Brittany Soun៖ ខ្ញុំបានផ្ញើវីដេអូស្តីពីការប្រកួតរបស់ខ្ញុំទៅកាន់អាសយដ្ឋានទំនាក់ទំនងមួយចំនួនដែលខ្ញុំបានប្រទះឃើញតាមអនឡាញនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា។ លោក ទែន ឡន ដែលជាមន្ត្រីម្នាក់របស់សហព័ន្ធ បានឆ្លើយតបមកខ្ញុំ ដោយនិយាយថា គាត់មានចំណាប់អារម្មណ៍លើខ្ញុំដើម្បីលេងឲ្យក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ បន្ទាប់មក គាត់បន្តទាក់ទងទៅកាន់លោក Andy Oun សមាជិកក្រុមប្រឹក្សានៃសមាគមកីឡាអាម៉េរិក-កម្ពុជា (USA-Cambodia Sports Association) ៕
 



Birttany Soun និងក្រុមគ្រួសារ

Tag:
 បទសម្ភាស
© រក្សាសិទ្ធិដោយ thmeythmey.com