ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីផ្តាំ៖ វិភាគ កុំបន្សល់ទុកបទល្មើស
17, Sep 2021 , 9:59 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបពីព័ត៌មាន ដែលតុលាការ តាមចាប់អ្នកវិភាគនយោបាយម្នាក់ គឺលោកបណ្ឌិត សេង សារី ដោយសារការអត្ថាធិប្បាយរបស់លោក។ ភ្ជាប់ជាមួយនឹងការរបង្ហើបព័ត៌មាននេះ ប្រមខុរដ្ឋាភិបាល បានផ្ញើសារទៅអ្នកវិភាគនានា ឲ្យចេះប្រុងប្រយ័ត្នចំពោះការវិភាគរបស់ខ្លួន។


ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ព្រមានថា៖«ខ្ញុំ គ្រាន់តែតាស់តឿនចំពោះអ្នកវិភាគ កុំឲ្យវិភាគជ្រុលហួស ហើយកុំថារដ្ឋាភិបាល ហ៊ុន សែន មិនហ៊ានទៅវាយខ្នោះអស់លោក...ម៉ោង១២យប់ ក៏ចាប់ដែរ កុំថា ហ៊ុន សែន ផ្តាច់ការ។ អានេះជារបៀបគ្រប់គ្រងរដ្ឋ សូមកុំធ្វើបទវិភាគណាមួយ ដែលបន្សល់ទុកបទល្មើស ដែលត្រូវផ្តន្ទាទោស...»។ 
 
ក្នុងពិធីខាងលើ សម្តេច ហ៊ុន សែន បានសម្តែងការមិនពេញចំពោះការអត្ថាធិប្បាយរបស់អ្នកវិភាគមួយចំនួននៅកម្ពុជា ដូចជា លោកបណ្ឌិត មាស នី និង លោកបណ្ឌិត សេង សារី ជាដើម។ សម្តេច លើកឡើងថា ទោះរដ្ឋាភិបាល ធ្វើអ្វីក៏ដោយ ក៏មិនដែលត្រូវចិត្តលោក មាស នី ដែរ។ ចំពោះលោក សេង សេរី វិញ សម្តេច សម្តែងការហួសចិត្ត។ ហួសចិត្ត ដ្បិតក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ចាត់ទុកពាក្យចោទសួររបស់រដ្ឋាភិបាលថា បើមិនពឹងចិន តើឲ្យពឹងអ្នកណា ជាពាក្យត្រឹមត្រូវ តែលោក បែជាយល់ថា រដ្ឋាភិបាល មិនត្រូវនិយាយចេញមកឡើយ។
 
លោក សេង សារី ត្រូវបានតុលាការ ចេញដីកាតាមចាប់ ដោយសារលោក ចោទសួរតាមរយៈសំណេរលើលើទំព័រហ្វេសប៊ុកថា តើការផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី អាចទៅរួច ឬមិនរួច? តើកម្លាំង៦ចំណុច អាចធ្វើឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា តាមការអំពាវនាវរបស់លោក សម រង្សី ដែរឬទេ? កម្លាំងទាំង៦ ដែលលោក លើកឡើងនោះ គឺ កម្លាំងអ្នកគាំទ្រអតីតគណបក្សប្រឆាំង កម្លាំងមហាជន កម្លាំងយុវជន កម្លាំងផ្ទៃក្នុងគណបក្សកាន់អំណាច កម្លាំងប្រដាប់អាវុធ និងកម្លាំងអន្តរជាតិ-កម្លាំងប្រទេសជិតខាង។ 
ប្រមុខរដ្ឋាភិបាល ហៅការលើកឡើងពីកម្លាំងទាំង៦របស់លោក សេង សារី ថា ជាការគាំទ្រឲ្យមានការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា ឲ្យតែជាប់ទាក់ទងក្នុងចលនាប្រដាប់អាវុធ ឬចលនាបង្កើតរដ្ឋាភិបាលក្រៅប្រទេស នឹងត្រូវតែចាប់ខ្លួន។ 
 
មេដឹកនាំកម្ពុជា បញ្ជាក់ថា៖«វា មិនមែនជាសិទ្ធិបញ្ចេញមតិទេ ព្រោះដែលហៅថា រដ្ឋាភិបាល [ក្រៅប្រទេស] ឬចលនា សុទ្ធតែជាឧទ្ទាមប្រដាប់អាវុធហើយ»៕ 
 

Tag:
 ហ៊ុន សែន
  អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com