ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីកសិកម្ម បកស្រាយរឿងហាមពលរដ្ឋមិនឱ្យសម្លាប់សត្វពពែមួយក្បាល
18, Sep 2021 , 11:03 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បកស្រាយរឿងមន្ត្រី ដែលហាមពលរដ្ឋមិនឱ្យសម្លាប់សត្វចិញ្ចឹមធ្វើជាអាហារ ។ សម្រាប់ប្រមុខរដ្ឋាភិបាល ការហាមឃាត់ពលរដ្ឋនេះ ហាក់ដូចជាមិនត្រឹមត្រូវ។



តាមរយៈវីដេអូឃ្លីបមួយ បានបង្ហោះពីមន្ត្រីមានសមត្ថកិច្ច ចុះឃាត់សកម្មភាពពលរដ្ឋ មិនឱ្យសម្លាប់សត្វពពែមួយក្បាល ក្រោមហេតុផលថា ពលរដ្ឋគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ មន្ត្រីនោះ អះអាងប្រាប់ពលរដ្ឋថា ព្រះរាជអាជ្ញាឱ្យចុះមកចាប់ប្រមូលយកសាច់ពពែនោះ។

ក្រោយឃើញវីដេអូនេះ សម្ដេច ហ៊ុន សែន ចាត់ទុកថា សកម្មភាពមន្ត្រីនោះ គឺអនុវត្តផ្ទុយពីច្បាប់ខ្លួនឯងទេ។ តាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានសរសេរដូច្នេះថា៖«តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនឱ្យសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?»។

បើតាមប្រមុខរដ្ឋាភិបាល ការសម្លាប់សត្វចិញ្ចឹមយកមកធ្វើជាអាហារ គឺមិនខុសច្បាប់ឡើយ។«យើងលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិព័រណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់»។ នេះបើតាមសម្ដេច ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធចេញមុខបកស្រាយរឿងនេះ។

«ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺឱ្យខ្ញុំតាមហ្វេសបុកនេះ ដើម្បីឱ្យប្រជាជនបានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ»។ នេះបើតាមសម្ដេច ហ៊ុន សែន។


ភ្លាមៗនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានតបតាមហ្វេសប៊ុកទៅសម្ដេច ហ៊ុន សែន ថា ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ ឬបទល្មើសអ្វី ដែលមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វនោះទេ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ «ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋានខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម »។ នេះជាការបកស្រាយរបស់លោក វេង សាខុន៕



 

Tag:
 ហ៊ុន សែន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com