ជាតិ
សង្គមជាតិ
លោក គង់ សោភ័ណ្ឌ៖ ករណីសម្លាប់សត្វពពែមួយក្បាល នឹងត្រូវដោះស្រាយ នៅថ្ងៃច័ន្ទ
18, Sep 2021 , 6:08 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ រូបពី រដ្ឋបាលខេត្តកណ្ដាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ រូបពី រដ្ឋបាលខេត្តកណ្ដាល
ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយនេះ អ្នកដែលមានទំនាស់ជាមួយអាជ្ញាធរ រឿងសម្លាប់ពពែមួយក្បាលនោះ នឹងជួបគ្នាដោះស្រាយគ្នាតាមផ្លូវច្បាប់ ។



ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១៨កញ្ញានេះ លោក គង់ សោភ័ណ្ឌ បានឲ្យដឹងថា អ្នកដែលសម្លាប់ពពែនោះ គឺសម្លាប់ដើម្បីធ្វើអាជីវកម្ម ទើបអាជ្ញាធរតម្រូវឲ្យចូលកន្លែងពិនិត្យសុខភាពសត្វ ប៉ុន្តែម្ចាស់អាជីវកម្មរូបនោះ មិនព្រម។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ពពែហ្នឹង គាត់ទិញមក(អ្នកសម្លាប់ពពែ)ដើម្បីកាប់លក់ ធ្វើអាជីវកម្ម។ ហើយពេទ្យស្រុកគេឲ្យចូលទីសត្វឃាត តែគាត់អត់ចូល ដោយសុំមួយក្បាល៤ពាន់រៀល ដល់ទីសត្វឃាតនៃពេទ្យសត្វស្រុកគេកំណត់(បង់ថ្លៃអាជីវកម្ម)៩ពាន់(រៀល)ក្នុងមួយក្បាល។ គាត់ថាអត់លទ្ធភាពព្រោះសម័យកូវីដ-១៩ ហើយផ្ទះហ្នឹងនៅតែកាប់(សម្លាប់ពពែ)»។

ដោយសារបញ្ហាមិនត្រូវគ្នាបែបនេះ ទើបអាជ្ញាធរនិងពេទ្យសត្វចុះទៅឃាត់។ លោក គង់ សោភ័ណ្ឌ បានអះអាងថា ករណីនេះ មានព្រមព្រៀងគ្នាហើយ ដោយអ្នកសម្លាប់ពពែនឹងជួបជាមួយអាជ្ញាធរដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅថ្ងៃច័ន្ទ ទី២០កញ្ញា ខាងមុននេះ។ «ឥឡូវបានដោះស្រាយហើយ គឹហៅឲ្យគាត់ដោះស្រាយគ្នាតាមផ្លូវច្បាប់នៅសាលាស្រុកនៅថ្ងៃច័ន្ទ កុំឲ្យមានបញ្ហាបន្តទៀត គឺខាងជំនាញមន្ទីរកសិកម្ម និងពេទ្យសត្វចូលរួមដោះស្រាយ»។ នេះបើតាមលើឡើងរបស់អភិបាលខេត្ត។

បើតាមច្បាប់ស្ដីពី សុខភាពសត្វ និងផលិតកម្មសត្វ មាត្រា១១២ ចែងថា អ្នកដែលធ្វើសន្និធិ ឬចែកចាយសាច់សត្វ ឬផលិតផលត្វដោយគ្មានត្រា ឬស្លាកបសុព្យាបាលសម្គាល់ នឹងត្រូវពិន័យប្រាំពីរលានរៀល។

ជុំវិញករណីនេះ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បកស្រាយរឿងមន្ត្រី ដែលហាមពលរដ្ឋមិនឱ្យសម្លាប់សត្វចិញ្ចឹមធ្វើជាអាហារ ។ សម្រាប់ប្រមុខរដ្ឋាភិបាល ការហាមឃាត់ពលរដ្ឋនេះ ហាក់ដូចជាមិនត្រឹមត្រូវ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានតបតាមហ្វេសប៊ុកទៅសម្ដេច ហ៊ុន សែន ថា ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ ឬបទល្មើសអ្វី ដែលមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វនោះទេ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង
 



Tag:
 លោក គង់ សោភ័ណ្ឌ៖ ករណីសម្លាប់សត្វពពែមួយក្បាល នឹងត្រូវដោះស្រាយ នៅថ្ងៃច័ន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com