ជាតិ
សង្គមជាតិ
ទឹកជ្រោះ«ម៉ែអាស្មី»តំបន់ទេសចរណ៍ផ្សងព្រេងថ្មី ក្នុងខេត្តពោធិ៍សាត់
18, Sep 2021 , 7:59 pm        
រូបភាព
 
ទឹកជ្រោះ«ម៉ែអាស្មី» ជាទីតាំងទឹកជ្រោះមួយនៅលើភ្នំដាឡាលៃ ក្នុងខេត្តពោធិ៍សាត់។ ទឹកជ្រោះនេះ ស្ថិតនៅក្នុងព្រៃ មានចម្ងាយ ៧គីឡូម៉ែត្រ ពីភូមិទំព័រ ដែលយានយន្តមិនអាចធ្វើដំណើរចូលទៅដល់ឡើយ។ បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ទឹកជ្រោះម៉ែអាស្មី ជាទឹកជ្រោះធម្មជាតិ ដែលមានទឹកខួបប្រាំងខួបវស្សា ដោយខាងមន្ទីរចាត់ទុកទីតាំងនេះ ជាតំបន់ទេសចរណ៍បែបផ្សងព្រេង។



ទឹកជ្រោះធម្មជាតិ «ម៉ែអាស្មី» ដែលមានឈ្មោះប្លែកគួរឲ្យចាប់អារម្មណ៍នេះ មានប្រវត្តិយូរលង់ណាស់មកហើយ ដោយមនុស្សសម័យមុនជាអ្នកដាក់ឲ្យ។ លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «ឈ្មោះទឹកជ្រោះម៉ែអាស្មីនេះ ដាក់កាលពីជំនាន់៩០ ដោយម៉ែអាស្មី គាត់ទិញខ្លឹមនៅដំណាក់ទឹកជ្រោះហ្នឹង ហើយនៅម្តុំហ្នឹង ជាកន្លែងគេរកខ្លឹម។ អ្នករកខ្លឹម គេយកខ្លឹមលក់ឲ្យម៉ែអាស្មីនៅត្រង់ហ្នឹង ហើយក៏ដាក់ឈ្មោះ ដំណាក់ម៉ែអាស្មីរហូតមក»។

ទឹកជ្រោះម៉ែអាស្មីនេះ មានទឹកធ្លាក់ខួបប្រាំងខួបវស្សា ប៉ុន្តែទឹកធ្លាក់មិនសូវខ្លាំងឡើយ។ ចំពោះកម្ពស់ទឹកជ្រោះនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ មិនអាចបញ្ជាក់បានឡើយ។ បច្ចុប្បន្ន ទឹកជ្រោះម៉ែអាស្មី ពុំសូវមានភ្ញៀវទេសចរទៅដល់ឡើយ ដោយសារផ្លូវធ្វើដំណើរមានភាពលំបាក។ ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តទឹកជ្រោះម៉ែអាស្មី មិនអាចធ្វើដំណើរដោយម៉ូតូ ឬគោយន្តឡើយ មធ្យោបាយតែមួយគត់ គឺត្រូវធ្វើដំណើរដោយថ្មើរជើង ប្រមាណ ៣ម៉ោង ទើបទៅដល់។

បើតាមលោក ទេស ផន ប្រធានសហគមន៍ការពារធម្មជាតិភូមិទំព័រ មានភ្ញៀវទេសចរមិនច្រើនទេ ដែលទៅលេងទឹកជ្រោះនោះ ព្រោះពិបាកធ្វើដំណើរ។ លោក ទេស ផន បន្ត ប្រជាសហគមន៍ ភាគច្រើនជូនភ្ញៀវទៅកម្សាន្តនៅភ្នំទំព័រ ហើយបើភ្ញៀវមានចំណាប់អារម្មណ៍ចង់ទៅដំណាក់ម៉ែអាស្មី នៅភ្នំដាឡាលៃ ប្រជាសហគមន៍គ្រាន់តែចង្អុលផ្លូវជូនប៉ុណ្ណោះ។ ភ្ញៀវដែលទៅលេងកម្សាន្តភាគច្រើន ជាអ្នកដែលចូលចិត្តផ្សងព្រេង រកកន្លែងធម្មជាតិថ្មី ដើម្បីប្លែកអារម្មណ៍។

សម្រាប់ទឹកជ្រោះធម្មជាតិ«ម៉ែអាស្មី» នឹងមិនមានការកែច្នៃឡើយ ដោយមន្ទីរទេសចរណ៍ នឹងទុកទីតាំងនេះជាតំបន់ទេសចរណ៍ផ្សងព្រេង។ «នៅហ្នឹងប្រហែលជាអត់កែច្នៃទេ ចឹងបើភ្ញៀវគាត់មកកម្សាន្តទេសចរណ៍ផ្សងព្រេង គាត់អាចទៅលេងបាន។ យើងអត់កែច្នៃដូចនៅ កោះព្រហ្មចារីយ៍ និងតំបន់ថ្មចាំងដែរ ដោយទុកវាជាតំបន់អេកូទេសចរណ៍»។ នេះជាការបញ្ជាក់របស់លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដោយបានបន្ថែមថា បច្ចុប្បន្ន ខេត្តពោធិ៍សាត់មានរមណីយដ្ឋានទេសចរណ៍ចំនួន ៣៥កន្លែង រួមទាំងរមណីយដា្ឋនទេសចរណ៍កែច្នៃ៕


 



Tag:
 ទេសចរណ៍
  ពោធិ៍សាត់
  ទឹកជ្រោះម៉ែអាស្មី
© រក្សាសិទ្ធិដោយ thmeythmey.com