សង្គមអន្តរជាតិ​
អន្តរជាតិ
ការសិក្សា៖ ការកើនឡើងកម្តៅផែនដី កំពុងធ្វើឱ្យសត្វផ្លាស់ប្តូររូបរាង
13, Apr 2022 , 2:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
ការប្រែប្រួលអាកាសធាតុមិនត្រឹមតែជាបញ្ហារបស់មនុស្សទេ ប៉ុន្តែវាក៏បានជះឥទ្ធិពលទៅលើជីវិតសត្វផងដែរ។ ការសិក្សាបានបង្ហាញថា សត្វដែលមានឈាមក្តៅមួយចំនួនដូចជា ពពួកថនិកសត្វ និងបក្សី កំពុងផ្លាស់ប្តូររូបរាងត្រង់ផ្នែកចំពុះ ជើង និងត្រចៀកដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ពួកវាឱ្យបានល្អសមស្របទៅនឹងស្ថានភាពភពផែនដីដែលកាន់តែក្តៅឡើងជារៀងរាល់ថ្ងៃ។



របាយការណ៍ដែលបានពិពណ៌នាអំពីការផ្លាស់ប្តូររូបរាងរបស់សត្វ ដោយសារការប្រែប្រួលអាកាសធាតុ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Trends in Ecology and Evolution។ ការសិក្សានេះ ត្រូវបានធ្វើឡើងដោយ លោកស្រី Sara Ryding អ្នកស្រាវជ្រាវអំពីបក្សី នៃសាកលវិទ្យាល័យ Deakin នៅអូស្ត្រាលី។ ការសិក្សាបានរកឃើញថា ការកើនឡើងកម្តៅផែនដី បានទាមទារឱ្យពពួកសត្វជាច្រើនប្រភេទពិសេស ពួកថនិកសត្វ និងបក្សី ផ្លាស់ប្តូររូបរាងកាយ ដើម្បីសម្របខ្លួននឹងបរិស្ថានដែលកំពុងវិវដ្ត។

ក្នុងចំណោមពពួកសត្វ អ្នកជំនាញរកឃើញថា បក្សីកំពុងប្រឈមនឹងការផ្លាស់ប្តូររូបរាងខ្លាំងជាងគេ។ ជាក់ស្តែង សត្វសេកអូស្រ្តាលីជាច្រើនប្រភេទ មានទំហំចំពុះរីកធំជាងមុនប្រហែល ៤ ទៅ ១០ភាគរយ ដោយសារសីតុណ្ហភាពនៃរដូវក្តៅកើនឡើងជារៀងរាល់ឆ្នាំ។

សត្វបក្សីតូចមួយប្រភេទទៀតឈ្មោះ Junco រស់នៅអាម៉េរិកខាងជើង ក៏មានទំនាក់ទំនងរវាងការប្រែប្រួលទំហំចំពុះ និងការកើនឡើងសីតុណ្ហភាពផងដែរ។ លើសពីនេះ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍អំពីការផ្លាស់ប្តូររូបរាងរបស់ថនិកសត្វមួយចំនួនដែរដូចជា ការបង្កើនប្រវែងកន្ទុយ ទំហំកន្ទុយ និងទំហំជើងចំពោះសត្វកណ្តុរ។

ការផ្លាស់ប្តូររូបរាងនេះមិនមែនជារឿងល្អចំពោះពួកសត្វឡើយ។ វាមិនមែនមានន័យថាសត្វទាំងនោះអាចដោះស្រាយបញ្ហាអាកាសធាតុក្តៅខ្លាំងទេ ពួកវាគ្រាន់តែត្រូវបរិស្ថានជុំវិញវា បង្ខំឱ្យវិវដ្ដខ្លួនដើម្បីសម្របទៅនឹងបរិស្ថាននោះ ហើយអាចរស់នៅបន្តបានមួយរយៈប៉ុណ្ណោះ។ តែទោះយ៉ាងណា ការសិក្សានៅមិនទាន់ប្រាកដថាវានឹងមានផលប៉ះពាល់អ្វីខ្លះ ទាក់ទិននឹងការផ្លាស់ប្តូររូបរាងរបស់សត្វនោះទេ។ មួយវិញទៀត វាក៏មិនទាន់ដឹងដែរថាតើប្រភេទសត្វទាំងអស់មានសមត្ថភាពផ្លាស់ប្តូររូបរាង ដើម្បីសម្របខ្លួន ហើយរស់រានមានជីវិតក្នុងបរិស្ថានដែលឡើងកម្តៅឥតឈប់ឈរបែបនេះបានឬយ៉ាងណានោះឡើយ៕


Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com