ជាតិ
សង្គមជាតិ
បុគ្គលល្បី៦រូប ក្នុងសម័យសង្គមរាស្រ្តនិយម
19, Sep 2021 , 9:30 am        
រូបភាព
រូបភាព Capture ពីសៀវភៅ ខ្ញុំចង់ដឹង ជនជាតិខ្មែរ ឆ្នាំ១៩៩៣-បច្ចុប្បន្នភាគ៣ របស់អង្គការស៊ីប៉ា។
រូបភាព Capture ពីសៀវភៅ ខ្ញុំចង់ដឹង ជនជាតិខ្មែរ ឆ្នាំ១៩៩៣-បច្ចុប្បន្នភាគ៣ របស់អង្គការស៊ីប៉ា។
ដោយ: ថ្មីៗ
 
ដោយ៖ ស៊ុល រ៉វី

សម័យសង្គមរាស្ត្រនិយម ត្រូវបានចាត់ទុកជាសម័យស៊ីវីល័យ ដោយសារពេលនោះ កម្ពុជាមានសន្តិភាព ការរីកចម្រើន និងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ជាពិសេសវិស័យអប់រំ ចរាចរតាមអាកាស ស្ថាបត្យកម្ម កសិឧស្សាហកម្ម និងសិល្បៈទស្សនីយភាព និងភាពយន្ត។ លើសពីនេះ ក្នុងសម័យនោះ មានបុគ្គលល្បីល្បាញជាច្រើន ដែលបានបន្សល់ទុកស្នាដៃដ៏មានតម្លៃដល់ពេលបច្ចុប្បន្ន។ បុគ្គលល្បីៗ និងមានទេពកោសល្យ ក្នុងសម័យសង្គមរាស្រ្តនិយមរួមមាន៖




សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត។ រូបភាព Capture ពីសៀវភៅ ខ្ញុំចង់ដឹង ជនជាតិខ្មែរ ឆ្នាំ១៩៩៣-បច្ចុប្បន្នភាគ៣ របស់អង្គការស៊ីប៉ា។

សម្ដេចព្រះមហាសុមេធាធិបធិបតី ជួន ណាត (១៨៨៣-១៩៦៩)
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត  ប្រសូតនៅខេត្តកំពង់ស្ពឺ និងបានបួសរៀនតាំងពីព្រះជន្ម ១៤ព្រះវស្សា។ សម្ដេចចេះច្រើនភាសា ក្នុងនោះភាសាបាលី សំស្ក្រឹត ថៃ ឡាវ បារាំង វៀតណាម និងអង់គ្លេសជាដើម។ តាំងពីឆ្នាំ ១៩១៩ សម្ដេចបានសិក្សាស្រាវជ្រាវ និងបន្សល់ទុកស្នាដៃជាច្រើន ទាក់ទងនឹងភាសាខ្មែរ ជាពិសេសការរៀបរៀង និងកែសម្រួលវចនានុក្រមខ្មែរ។

លោក កេង វ៉ាន់សាក់ (១៩២៥-២០០៨)

លោក កេង វ៉ាន់សាក់ កើតនៅខេត្តពោធិ៍សាត់ និងបញ្ចប់ការសិក្សាផ្នែកទស្សនវិជ្ជានៅប៉ារីស។ លោកមានទេពកោសល្យផ្នែកអក្សរសាស្ត្រ និងតែងនិពន្ធ។ ស្នាដៃលេចធ្លោរបស់លោក គឺសៀវភៅ «មូលដ្ឋាននៃការបង្កើតពាក្យថ្មី» ដែលប្រើភាសាខ្មែរ ជាមូលដ្ឋានបង្កើតថ្មី។


លោក កេង វ៉ាន់សាក់។ រូបភាព Capture ពីសៀវភៅ ខ្ញុំចង់ដឹង _ជនជាតិខ្មែរ ឆ្នាំ១៩៩៣-បច្ចុប្បន្នភាគ៣ របស់អង្គការស៊ីប៉ា។

លោក វណ្ណ ម៉ូលីវណ្ណ (១៩២៦-២០១៧)
លោក វណ្ណ ម៉ូលីវណ្ណ កើតនៅខេត្តកំពត និងបានសិក្សាផ្នែកស្ថាបត្យកម្ម នៅសាលាវិចិត្រសិល្បៈជាតិជាន់ខ្ពស់ នៅប៉ារីស។ ស្នាដៃសំខាន់ៗរបស់លោក មានដូចជាវិមានឯករាជ្យ ពហុកីឡាដ្ឋានជាតិអូឡាំពិក សាលសន្និសីទចតុមុខ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យបាត់ដំបង ជាដើម។



លោក វណ្ណ ម៉ូលីវណ្ណ ក្នុងវ័យ ៨៩ ឆ្នាំ។

លោក នូ ហាច (១៩១៦-១៩៧៥)
លោក នូ ហាច ជាកូនកសិករនៅខេត្តបាត់ដំបង ដោយមានឧបនិស្ស័យក្នុងការតែងនិពន្ធលោកបានបន្សល់ទុកស្នាដៃកំណាព្យ និងប្រលោមលោកជាច្រើន។ ស្នាដៃល្បីល្បាញរបស់លោក រឿង «ផ្កាស្រពោន» បានក្លាយជារឿង ដែលមានការទទួលស្គាល់ពីមហាជន និងត្រូវបានជ្រើសរើសយកមកបង្រៀន ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅបច្ចុប្បន្ន។


លោក នូ ហាច។ រូបភាព Capture ពីសៀវភៅ ខ្ញុំចង់ដឹង ជនជាតិខ្មែរ ឆ្នាំ១៩៩៣-បច្ចុប្បន្នភាគ៣ របស់អង្គការស៊ីប៉ា។

លោក ស៊ិន ស៊ីសាមុត (១៩៣២-១៩៧៦)
លោក ស៊ិន ស៊ីសាមុត ជាអ្នកខេត្តស្ទឹងត្រែង និងបានបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រ នៅភ្នំពេញ។ មានទេពកោសល្យផ្នែកសិល្បៈពីកំណើត លោកបានបោះបង់ជំនាញពេទ្យ មកចាប់អាជីបសិល្បៈវិញ។ លោកបានបន្សល់ស្នាដៃចម្រៀងរាប់ពាន់បទ ដែលធ្វើឱ្យលោកក្លាយជា អធិរាជសំឡេងមាស ដែលមានការគាំទ្រ គ្រប់ស្រទាប់វណ្ណៈ តាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន។


អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។ រូបភាព Capture ពីសៀវភៅ ខ្ញុំចង់ដឹង ជនជាតិខ្មែរ ឆ្នាំ១៩៩៣-បច្ចុប្បន្ន ភាគ៣ របស់អង្គការស៊ីប៉ា។

លោកស្រី រស់ សេរីសុទ្ធា (១៩៤៦-១៩៧៧)
លោកស្រី រស់ សេរីសុទ្ធា ជាអ្នកខេត្តបាត់ដំបង និងមានសំឡេងពីរោះពីកំណើត។ អ្នកស្រីបានចាប់អាជីពជាអ្នកចម្រៀង ហើយនៅឆ្នាំ១៩៦៣ ក៏បានទទួល ពានមាសលេខមួយប្រចាំខេត្ត ។ លោកស្រីទទួលបានងារ រាជិនីសំឡេងមាស ដែលជាតារាចម្រៀងខ្មែរ ដ៏ល្បីល្បាញក្នុងអំឡុង សតវត្សរ៍ឆ្នាំ៦០ និង៧០។ អ្នកស្រីក៏ជាដៃគូចម្រៀងអាយ៉ៃឆ្នើម របស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត៕


រាជិនីសំឡេងមាស រស់ សេរីសុទ្ធា។ រូបភាព Capture ពីសៀវភៅ ខ្ញុំចង់ដឹង ជនជាតិខ្មែរ ឆ្នាំ១៩៩៣-បច្ចុប្បន្នភាគ៣ របស់អង្គការស៊ីប៉ា។

(ដកស្រង់ពីសៀវភៅ ខ្ញុំចង់ដឹង «ជនជាតិខ្មែរ ឆ្នាំ១៩៥៣-បច្ចុប្បន្ន» ភាគ៣ ទំព័រទី ១៤ និង ១៥)





 











Tag:
 ThmeyThmey25
  ខ្ញុំចង់ដឹង
  ស៊ីប៉ា
© រក្សាសិទ្ធិដោយ thmeythmey.com