ជាតិ
សង្គមជាតិ
ករណីសត្វពពែមួយក្បាល៖ សម្ដេច ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីកសិកម្ម ដោះស្រាយបញ្ហាជាកញ្ចប់
19, Sep 2021 , 11:15 am        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំដោះស្រាយបញ្ហាជាកញ្ចប់ លើករណីសម្លាប់សត្វពពែមួយក្បាល ដែលមានការថ្នាំងថ្នាក់រវាងពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន កាលពីពេលថ្មីៗនេះ។



តាមរយៈសារឆ្លងឆ្លើយគ្នាលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននោះ សម្ដេច ហ៊ុន សែន បានប្រាប់លោក វេង សាខុន ឱ្យដោះស្រាយបញ្ហានេះ ឱ្យស្របតាមស្ថានការណ៍ជាក់ស្ដែង។ ប្រមុខរដ្ឋាភិបាល បានសរសេរសារតបរដ្ឋមន្រ្តីកសិកម្ម តាមហ្វេសប៊ុក កាលពីថ្ងៃទី១៨ កញ្ញា យ៉ាងដូច្នេះថា៖«សូមឯកឧត្តមដឹកនាំការប្រជុំដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខ័ណ្ឌគោលនយោបាយ ច្បាប់និងលិខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួលដើម្បីឱ្យស្របជាមួយសភាពការណ៍ និងផលប្រយោជន៍ប្រជាជន»។
 
បើតាមសម្ដេច ហ៊ុន សែន ពេលនេះស្ថិតនៅក្នុងដំណាក់កាលកសិ-ពាណិជ្ជកម្ម ដែលត្រូវសម្រួលដល់កម្រិតជីវភាពប្រជាកសិករផងដែរ។«ដំណាក់កាលដែលយើងកំពុងស្ថិតនៅគឺជាដំណាក់កាលកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គងក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សាផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ»។នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តី។
 
ឆ្លើយតបការបញ្ជារបស់ប្រមុខរដ្ឋាភិបាល លោក វេង សាខុន នឹងដោះស្រាយបញ្ហានេះ។
 




តាមរយៈវីដេអូឃ្លីបមួយ បានបង្ហោះពីមន្ត្រីមានសមត្ថកិច្ច ចុះឃាត់សកម្មភាពពលរដ្ឋ មិនឱ្យសម្លាប់សត្វពពែមួយក្បាល ក្រោមហេតុផលថា ពលរដ្ឋគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ មន្ត្រីនោះ អះអាងប្រាប់ពលរដ្ឋថា ព្រះរាជអាជ្ញាឱ្យចុះមកចាប់ប្រមូលយកសាច់ពពែនោះ។
 
ក្រោយឃើញវីដេអូនេះ សម្ដេច ហ៊ុន សែន ចាត់ទុកថា សកម្មភាពមន្ត្រីនោះ ហាក់ដូចជាមិនត្រឹមត្រូវ និងអនុវត្តផ្ទុយពីច្បាប់ខ្លួនឯងទេ។ សម្ដេច ក៏បានបញ្ជាឱ្យរដ្ឋមន្រ្តីកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធចេញមុខបកស្រាយរឿងនេះ។
 
ភ្លាមៗនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានតបតាមហ្វេសប៊ុកទៅសម្ដេច ហ៊ុន សែន ថា ការចិញ្ចឹមសត្វ និងការសម្លាប់សត្វក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ គឺពុំមានទោសទណ្ឌ ឬបទល្មើសអ្វី ដែលមានចែងនៅក្នុងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វនោះទេ លើកលែងតែការសម្លាប់សត្វក្នុងគោលបំណងធ្វើអាជីកម្មតែប៉ុណ្ណោះ ។ «ដោយឡែកទាក់ទងទៅនឹងបញ្ហាខាងលើ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋានខេត្តកណ្តាល ដែលបានធ្វើការកិច្ចការនេះផ្ទាល់នឹងផ្តល់ជូនរបាយការណ៍លម្អិត ជូនសម្តេចតេជោបានជ្រាបដ៏ខ្ពង់ខ្ពស់បន្ថែម »។ នេះជាការបកស្រាយរបស់លោក វេង សាខុន។
 
ករណីសម្លាប់សត្វពពែមួយក្បាល ដែលនាំឱ្យមានវិវាទរវាងពលរដ្ឋ និងមន្ត្រីមានសមត្ថកិច្ចនេះ កើតឡើងនៅក្នុងខេត្តកណ្ដាល។ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី១៨ កញ្ញា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា អ្នកដែលសម្លាប់ពពែនោះ គឺសម្លាប់ដើម្បីធ្វើអាជីវកម្ម មិនមែនសម្រាប់បរិភោគជាលក្ខណៈគ្រួសារទេ។ មូលហេតុនេះហើយ ទើបអាជ្ញាធរតម្រូវឲ្យពលរដ្ឋនោះ យកសត្វពពែចូលទៅកន្លែងពិនិត្យសុខភាពសត្វ និងកន្លែងសត្តឃាត ដើម្បីគិតថ្លៃសេវាសត្វ ប៉ុន្តែម្ចាស់អាជីវកម្មរូបនោះ មិនព្រមចូលតាមការណែនាំរបស់អាជ្ញាធរឡើយ។
 
តែយ៉ាងណាលោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា ករណីនេះ មានព្រមព្រៀងគ្នាហើយ ដោយអ្នកសម្លាប់ពពែនឹងជួបជាមួយអាជ្ញាធរដោះស្រាយគ្នាតាមផ្លូវច្បាប់ នៅថ្ងៃច័ន្ទ ទី២០ កញ្ញា ៕

Tag:
 ហ៊ុន សែន
  វេង សាខុន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com