សង្គមអន្តរជាតិ​
អន្តរជាតិ
បារាំងព្យួរការងារបុគ្គលិកពេទ្យចំនួន៣ពាន់នាក់
19, Sep 2021 , 1:02 pm        
រូបភាព
លោក Thierry Paysant ដែលជាសន្តិសុខនិងលោក Christophe បុគ្គលសុខាភិបាលនៅមន្ទីរពេទ្យPasteur កាន់បដាសរសេរថា «កូដកម្មស្រែកឃ្លាន» ដើម្បីតវ៉ាប្រឆាំងការដាក់កំហិតរបស់បារាំងដែលតម្រូវឲ្យចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Eric Gaillard)
លោក Thierry Paysant ដែលជាសន្តិសុខនិងលោក Christophe បុគ្គលសុខាភិបាលនៅមន្ទីរពេទ្យPasteur កាន់បដាសរសេរថា «កូដកម្មស្រែកឃ្លាន» ដើម្បីតវ៉ាប្រឆាំងការដាក់កំហិតរបស់បារាំងដែលតម្រូវឲ្យចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅទីក្រុង Nice ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ (REUTERS/Eric Gaillard)
ដោយ: VOA
ប្រទេសបារាំងបានព្យួរការងារបុគ្គលិកពេទ្យចំនួនប្រមាណ៣ពាន់នាក់ដែលមិនបានចាក់វាក់សាំងជំងឺកូវីដ១៩តាមការកំណត់ដោយរដ្ឋាភិបាលត្រឹមថ្ងៃទី១៥ ខែកញ្ញា។


 
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងអ្នកស្រី Olivier Veran បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិករាប់សិបនាក់នៃបុគ្គលិកសុខាភិបាលទាំងអស់ចំនួន២លាន៧សែននាក់បានជ្រើសរើសចាកចេញពីការងារជាជាងចាក់វ៉ាក់សាំងវីរុសកូរ៉ូណា។
 
បុគ្គលិកសុខាភិបាលរាប់ម៉ឺននាក់មិនបានចាក់វ៉ាក់សាំងនៅខែកក្កដា នៅពេលលោកប្រធានាធិបតី Emmanuael Macron បានប្រកាសពេលកំណត់ថ្ងៃទី១៥ ខែកញ្ញាឲ្យចាក់វ៉ាក់សាំងយ៉ាងតិចណាស់១ដូស។
 
អ្នកស្រី Veran បាននិយាយថា បុគ្គលិកភាគច្រើន ដែលត្រូវព្យួរពីការងារ បានធ្វើការនៅក្នុងសេវាកម្មគាំទ្រ ហើយមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកបន្តិចបន្តួចប៉ុណ្ណោះក្នុងចំណោមនោះ។
សាកលវិទ្យាល័យ Johns Hopkins បានប្រាប់នៅព្រឹកថ្ងៃសុក្រថា  ប្រទេសបារាំងបានរាយការណ៍ការឆ្លងជំងឺកូវីដ១៩ចំនួនជាង៧លានករណី និងមានមនុស្សស្លាប់ជាង១១៦.០០០នាក់។
 
នៅរដ្ឋ Idaho សហរដ្ឋអាមេរិក  មន្ទីរពេទ្យចាប់ផ្តើមកម្រិតការថែទាំអ្នកជំងឺ «ព្រោះកំណើនអ្នកជំងឺកូវីដ១៩យ៉ាងខ្លាំងដែលត្រូវសម្រាកក្នុងមន្ទីរពេទ្យនៅក្នុងតំបន់ទាំងអស់ទូទាំងរដ្ឋនេះ បានធ្វើឲ្យអស់ធនធាន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់មន្ទីរសុខាភិបាល និងសុខុមាលភាពរដ្ឋ Idaho កាលពីថ្ងៃព្រហស្បតិ៍។ 
 
មូលនិធិរូបិយវត្ថុអន្តរជាតិ  ធនាគារពិភពលោក  អង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក បានជួបជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងជំងឺកូវីដ១៩សំខាន់ៗដើម្បីរិះរកយុទ្ធសាស្ត្របង្កើនការចាក់វ៉ាក់សាំងក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
 
គោលដៅរបស់សម្ព័ន្ធនេះគឺដើម្បីចាក់វ៉ាក់សាំងយ៉ាងហោចណាស់ឱ្យបាន៤០% នៃប្រជាជននៅគ្រប់ប្រទេសទាំងអស់ត្រឹមចុងឆ្នាំនេះ និងយ៉ាងហោចណាស់៦០%នៅពាក់កណ្តាលឆ្នាំ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com