អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បារាំង ចោទអាម៉េរិក និងអូស្រ្តាលីថាកុហកខ្លួន ជុំវិញកិច្ចព្រមព្រៀងនាវាមុជទឹក
19, Sep 2021 , 2:49 pm        
រូបភាព
 រូបភាព៖ AFP
រូបភាព៖ AFP
 
ប្រមុខការទូតបារាំង លោក Jean-Yves Le Drian នៅថ្ងៃទី១៨ ខែកញ្ញា បានចោទអាម៉េរិក និងអូស្រ្តាលី ដែលជាដៃគូដ៏ជិតស្និទ្ធថា បានកុហកខ្លួនជុំវិញកិច្ចព្រមព្រៀងសន្តិសុខ ដែលធ្វើឱ្យអូស្រ្តាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ក្នុងតម្លៃជាច្រើនពាន់លានដុល្លារ។ ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសបារាំងបែបនេះ ធ្វើឡើងបន្ទាប់ពីបារាំង បានកោះហៅអគ្គរដ្ឋទូតខ្លួនប្រចាំនៅអាម៉េរិក និងអូស្រ្តាលីត្រលប់មកប្រទេសវិញ។



ក្រោមភាពជាដៃគូ AUKUS អាម៉េរិក និងអង់គ្លេស បានព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរទៅអូស្ត្រាលី។ ដោយសារកិច្ចព្រមព្រៀងនេះ អូស្រ្តាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ដែលមានតម្លៃប្រមាណ ៤០ពាន់លានដុល្លារ។ បញ្ហានេះ បានធ្វើឱ្យបារាំងខឹងសម្បាយ៉ាងខ្លាំង ហើយថែមទាំងកោះហៅអគ្គរដ្ឋទូតខ្លួនប្រចាំនៅអាម៉េរិក និងអូស្រ្តាលីថែមទៀត ដើម្បីបង្ហាញពីភាពមិនពេញចិត្តរបស់ខ្លួន។

ទាក់ទិននឹងកិច្ចព្រមព្រៀងនាវាមុជទឹកនេះ បារាំង ចោទអាម៉េរិក និងអូស្រ្តាលីថា បានកុហកខ្លួន។ «វាមានការកុហក ការឆបោក និងការបំពានទំនុកចិត្តដ៏ធ្ងន់ រួមទាំងការប្រមាថ»។ រដ្ឋមន្រ្តីការបរទេសបារាំង លោក Le Drian បានសង្កត់ធ្ងន់បែបនេះ ទៅកាន់ទូរទស្សន៍France 2 ដោយបន្ថែមផងដែរថា បារាំង នឹងពិនិត្យលើតួនាទីរបស់ខ្លួនជាថ្មី ដើម្បីការពារផលប្រយោជន៍។

ជាមួយគ្នានេះ ប្រមុខការទូតបារាំង ក៏បានលើកឡើងពីបញ្ហា ដែលបារាំងមិនកោះហៅអគ្គរដ្ឋទូតខ្លួនប្រចាំនៅអង់គ្លេសផងដែរ ដោយបារាំងបានចាត់ទុកអង់គ្លេស ជាភាគីមិនសូវសំខាន់នៅក្នុងកិច្ចព្រមព្រៀងនាវាមុជទឹកនោះ។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃអាម៉េរិក និងបារាំង ដែលរដ្ឋាភិបាលក្រុងប៉ារីសកោះហៅអគ្គរដ្ឋទូតខ្លួន ដោយសារតែបញ្ហានាវាមុជទឹក។ កន្លងមក បារាំង ក៏បានចាត់ទុកកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យានាវាមុជទឹកនោះ ជាទង្វើក្បត់ផងដែរ។

ស្របពេលមានបញ្ហាបែបនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានអះអាងថា ខ្លួននឹងចរចាជាមួយបារាំងក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាទាំងនោះ ខណៈអូស្រ្តាលី បានបង្ហាញការសោកស្តាយ បន្ទាប់ពីបារាំងកោះហៅអគ្គរដ្ឋទូតត្រលប់ទៅប្រទេសវិញ។

សូមបញ្ជាក់ថា ការបង្កើតសម្ព័ន្ធភាព AUKUS ដែលមានអាម៉េរិក អង់គ្លេស និងអូស្រ្តាលី ធ្វើឡើងស្របពេលចិនកំពុងបង្កើនឥទ្ធិពលខ្លួននៅក្នុងតំបន់។ មិនតែប៉ុណ្ណោះ ប្រទេសទាំងបី ក៏មានភាពតានតឹងជាមួយ រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ៕

Tag:
 បារាំង
  អាម៉េរិក
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com