ជាតិ
សង្គមជាតិ
ទោះគ្មានប្រាក់ខែ តែសហគមន៍ព្រៃឈើ៨មុម នៅតែតស៊ូការពារសត្វកម្រនិងព្រៃឈើ
19, Sep 2021 , 6:59 pm        
រូបភាព
ប្រជាសហគម៍ព្រៃឈើ៨មុម
ប្រជាសហគម៍ព្រៃឈើ៨មុម
 
កំពង់ស្ពឺ៖ តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១៨ សហគមន៍ព្រៃឈើ៨មុម មិនទទួលបានជំនួយពីរដ្ឋាភិបាល ឬអង្គការណាមួយឡើយ។ ហើយចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន មានតែអង្គការសម្ពន្ធមិត្តសត្វព្រៃមួយគត់ ដែលផ្ដល់ជំនួយមួយចំនួនជាប្រចាំឆ្នាំ ដើម្បីលើកទឹកចិត្តប្រជាសហគមន៍ ឱ្យមានកម្លាំងបន្តការងារទៅមុខទៀត។



បើទោះបីជាគ្មានជំនួយពីរដ្ឋាភិបាល ឬពីអង្គការណាមួយក៏ដោយ ក៏ប្រជាសហគមន៍នៅទីនេះ អះអាងថា ពួកគាត់នៅតែបន្តការងារ ព្រោះនេះជាក្ដីស្រឡាញ់។
ស្ថិតក្នុងស្រុងថ្ពង ខេត្តកំពង់ស្ពឺ សហគមន៍ព្រៃឈើ៨មុម គ្រប់គ្រងផ្ទៃដីអភិរក្សចំនួន ១២២១ ហិកតា ដែលគ្របដណ្ដប់ឃុំ១ គឺឃុំ៨មុម និងភូមិ២ គឺភូមិថ្នល់កែង និងភូមិត្រពាំងក្រើន។  
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើ៨មុម បានចូលធ្វើការងារអភិរក្សព្រៃឈើ និងសត្វព្រៃក្នុងតំបន់សហគមន៍ព្រៃឈើ៨មុមនេះ តាំងពីឆ្នាំ២០០៣ ពោលតាំងពីសហគមន៍នេះចាប់កំណើត។ ធ្វើការបានរយៈពេល២ឆ្នាំ លោក សឿន ឡាយ ក៏ត្រូវបានជ្រើសតាំងឱ្យក្លាយជាប្រធានសហគមន៍៨មុម ជំនួសប្រធានមុន ដែលមានវ័យចំណាស់។ លោក សឿន ឡាយ អះអាងថា តាំងពីលោកចូលបម្រើការថ្ងៃដំបូងរហូតដល់ឆ្នាំ២០១៨ សហគមន៍ទាំងមូល មិនបានទទួលជំនួយពីភាគីណាមួយឡើយ សូម្បីតែរដ្ឋាភិបាល។

ចាប់ពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន មានតែអង្គការសម្ពន្ធមិត្តសត្វព្រៃមួយប៉ុណ្ណោះ ដែលបានផ្ដល់ជំនួនដល់សហគមន៍នេះជាប្រចាំឆ្នាំ។ បុរសដែលមានពិការភាពជើងតាំងពីកុមាររូបនេះ ថាបើទោះបីជាគ្មានអង្គការជួយឧបត្ថម្ភក៏ដោយ ក៏ក្រុមប្រជាសហគមន៍របស់លោក នៅតែធ្វើការងារនេះបន្ត ព្រោះលោកធ្លាប់គ្មានជំនួយតាំងតែពីដើម។ លោក ឡាយ សង្កត់ធ្ងន់ថា ក្ដីស្រឡាញ់សត្វព្រៃ និងព្រៃឈើ ធ្វើឱ្យក្រុមរបស់លោកស៊ូបានគ្រប់យ៉ាង។ 

លោក សៀន ឡាយ ប្រធានសហគមន៍ព្រៃឈើ៨មុម ឈរនៅខាងមុខស្នាក់ការក្នុងព្រៃ
មានប្រជាសហគមន៍១៦នាក់ ត្បាតព្រៃ ១២២១ ហិកតា ដែលគ្របដណ្ដប់ឃុំ១ គឺឃុំ៨មុម និងភូមិ២ គឺភូមិថ្នល់កែង និងភូមិត្រពាំងក្រើន ក្រុមការងារត្រូវដើរត្បាតព្រៃ និងកៀងសត្វព្រៃស្ទើជារៀងរាល់ថ្ងៃ ដើម្បីការពារសត្វពីការដាក់អន្ទាក់ ឬការឆ្មក់ទាក់ពីជនឧក្រិដ្ឋ ក្នុងរដូវប្រាំង។

បុរសសម្បុរស្រអែមខ្មៅ រាងខ្ពស់ស្រឡះ ពាក់ឯកសណ្ឋានឈុតប៉ារ៉ាពណ៌គគីរូបនេះ បានបញ្ជាក់ថា ភាគច្រើនក្រុមការងាររបស់លោក ដើរល្បាតព្រៃពេញមួយសប្ដាហ៍ ពិសេសក្នុងរដូវប្រាំង ព្រោះស្លឹកឈើជ្រុះច្រើន ហើយចម្ការអំពៅកាប់អស់ ដូច្នេះសត្វដើរចេញទៅវាល ធ្វើឱ្យមនុស្សងាយឃើញវា។ លោកថាក្នុងរដូវប្រាំង ក្រុមល្បាតត្រូវដើរទាំងថ្ងៃនិងយប់ ពិសេសក្នុងខែងងឹត ព្រោះមានអ្នកដើរឆ្លុះសត្វពេលយប់ច្រើន។

លោក សឿន ឡាយ បញ្ជាក់បន្ថែម ខណៈពេលលោកធ្វើដំណើរចូលព្រៃ ទៅមើលស្រះទឹក ដែលជីកដើម្បីរក្សាទឹកឱ្យសត្វផឹកក្នុងរដូវប្រាំង៖«បញ្ហាប្រឈមតាំងពីដើមដល់សព្វថ្ងៃ គឺបទល្មើសសត្វព្រៃ ភ្លើងឆេះព្រៃដោយធម្មជាតិ និងដោយការដុតចម្ការនៅជិតខាង ព្រោះខ្យល់កួចភ្លើងចូលព្រៃធ្វើឱ្យឆេះព្រៃ។ បើឆេះតិចយើងពន្លត់ទាន់។
ទម្រាំសល់ព្រៃនិងសត្វប៉ុណ្ណេះ ម្នាក់ៗចំណាយអស់ម៉ូតូប្រហែល៤គ្រឿងហើយ ជារបស់ផ្ទាល់ខ្លួន។  ខ្ញុំមិនមានប្រាក់ផ្គត់ផ្គង់គ្រួសារទេ។ ប្រពន្ធរបស់ខ្ញុំមានមុខរបរផ្ទាល់ខ្លួន។ ខ្ញុំសំណូមពរដល់រដ្ឋាភិបាល ឱ្យមានការគិតគូរវែងឆ្ងាយដល់ធនធានធម្មជាតិ និងសត្វព្រៃក្នុងតំបន់នេះ ដោយបង្កើតច្បាប់ឱ្យបានតឹងតែងបំផុត។ ខាងខេត្តជួយតែខាងបច្ចេកទេសប៉ុណ្ណោះ»។

ក្រុមប្រជាសហគមន៍ចុះល្បាតព្រៃ
ចំណែកលោក ចាន់ ឡា ក៏ចូលបម្រើការងារក្នុងដែនអភិរក្សព្រៃឈើនិងសត្វព្រៃនេះ តាំងពីសហគមន៍ចាប់កំណើតដូចលោក សឿន ឡាយ ដែរ។ លោក ចាន់ ឡា រៀបរាប់ពីគោលដៅត្បាតព្រៃថា ក្រុមការងារចាំបាច់ត្រូវដើរមើលអន្ទាក់ ក្រៅផ្ទៃដីអភិរក្សប្រមាណជា១០គីឡូម៉ែត្រ ព័ន្ធជុំវិញផ្ទៃដីអភិរក្ស ដើម្បីប្រាកដថាសត្វមិនទទួលរងគ្រោះ។
លោក ចាន់ ឡា បញ្ជាក់៖«កន្លែងណាមានដាក់អន្ទាក់ យើងមានសិទ្ធិដកហូតបានទាំងអស់ ទោះតែដីឯកជនក៏ដោយ ព្រោះសត្វអាចដើរចេញទៅរកស៊ីនៅក្នុងដីក្រៅដែនអភិរក្ស។ ក្នុងព្រៃអភិរក្ស មានដាក់អន្ទាក់ខ្លះដែរ ក្នុងពេលបច្ចុប្បន្ន តែមានតិចតួច។ អន្ទាក់ភាគច្រើនប្រភេទខ្សែពួ និងខ្សែកាប វាជាប់គ្រប់សត្វទាំងអស់»។ 

លោក ចាន់ ឡា ឈរខាងមុខស្ដាំដៃ លោកកំពុងស្ថិតក្នុងព្រៃសហគមន៍ព្រៃឈើ៨មុម ជាមួយប្រជាសហគមន៍មួយរូបទៀត ក្នុងដំណើរមើលប្រជាជនដកផ្សិតក្នុងព្រៃអភិរក្ស
បុរសអាយុ៥៧ឆ្នាំ ដែលមានសម្បុរស្រអែមសណ្ដែកបាយ រាងខ្ពស់រូបនេះ អះអាងថាការធ្វើការក្នុងសហគមន៍ លោកមិនដែលប្រាថ្នាទទួលបានផលលាភណាមួយ ដើម្បីទ្រទ្រង់ប្រយោជន៍ខ្លួនឡើយ ប៉ុន្តែលោកមានក្ដីប្រាថ្នាឱ្យ ព្រៃឈើ និងសត្វព្រៃក្នុងតំបន់អភិរក្សនេះនៅគង់វង្ស សម្រាប់ជាប្រយោជន៍ជាតិទាំងមូល។ បច្ចុប្បន្នលោក ចាន់ ឡា ក៏ដូចជាប្រជាសហគមន៍១៥នាក់ផ្សេងទៀត ទទួលបានប្រាក់ឧបត្ថម្ភពីអង្គការសម្ពន្ធមិត្តសត្វព្រៃ ៨០ដុល្លារជាប្រចាំខែ។ លោកថាប្រាក់នេះ លោកមិនអាចយកទៅជួយគ្រួសារឡើយ ដ្បិតដីវាល្មមតែចាក់សាំង និងធ្វើម៉ូតូពេលខូច ដោយការចុះល្បាតព្រៃ។ ក៏មានដែរខែខ្លះ ដែលមិនសូវចុះល្បាត ឬម៉ូតូមិនសូវខូត លោកអាចក្បិតក្បៀតប្រាក់នោះ ដើម្បីទិញអង្ករនិងម្ហូបជួយគ្រួសារ។

ក្នុងដំណើរចូលព្រៃមើលប្រជាជនដកផ្សិតនៅម៉ោង៤ទៀបភ្លី បុរសកូន៦នាក់ ដែលធ្វើការដោយស្ម័គ្រចិត្តដើម្បីប្រយោជន៍ជាតិរូបនេះ បានត្អូញត្អែរប្រាប់សារព័ត៌មានថ្មីៗថា បើទៅថ្ងៃមុនលោកឈឺ ប្រាកដណាស់ថាលោកមិនមានប្រាក់ព្យាបាលជំងឺឡើយ។ លោកស្នើដល់រដ្ឋាភិបាល និងអង្គការនានា សូមជួយឧត្ថម្ភដល់សហគមន៍របស់លោកផង។
«ខែខ្លះយើងត្រូវចុះល្បាតច្រើនទាំងយប់ទាំងថ្ងៃ យើងប្រើសាំងលើសចំនួន ដូច្នេះយើងត្រូវចាក់សាំងដោយខ្លួនឯង បើមិនធ្វើអ៊ីចឹងយើងគ្រប់គ្រងបទល្មើសសត្វព្រៃមិនបានទេ ពិសេសនៅរដូវប្រាំង គេកាប់ចម្ការអំពៅអស់ ដើមឈើក៏ជ្រុះស្លឹកអស់ មនុស្សមើលសត្វបានច្បាស់ យើងត្រូវល្បាតច្រើន។ ខ្ញុំសូមជម្រាបដោយស្មោះត្រង់ ខ្ញុំគ្មានដីធ្វើស្រែចម្ការដូចគេទេ គ្រួសារខ្ញុំទាល់ក្រមែនទែន ប្រពន្ធខ្ញុំប្រើថ្នាំពេទ្យជាង២០ឆ្នាំហើយ។ គាត់ចិញ្ចឹមមាន់ទាបន្តិចបន្តួចប៉ុណ្ណោះ។ ព្រោះតែខ្ញុំស្រឡាញ់ព្រៃឈើ និងសត្វព្រៃ ហើយប្រពន្ធខ្ញុំគាត់ក៏យល់ដែរ ទើបធ្វើឱ្យខ្ញុំអាចធ្វើការងារនេះបាន។ និយាយឱ្យអស់ទៅ ពេលខ្ញុំអត់ខ្លាំង ប្រធានសហគមន៍គាត់ឃើញ គាត់រំលែកអង្ករពីរបងប្អូន ក្នុងក្រុមឱ្យខ្ញុំខ្លះៗ»។ នេះជាការត្អូញត្អែររបស់លោក ចាន់ ឡា។ 

សត្វទន្សោងដែលកាមេរ៉ាសុវត្ថិភាពបង្កប់ក្នុងព្រៃថតជាប់។
សម្រាប់លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ការលះបង់របស់ក្រុមប្រជាសហគមន៍ព្រៃឈើ៨មុម ជារឿងគួឱ្យកោតសរសើរ។ លោកថាអង្គការរបស់លោក បានសិក្សាយ៉ាងច្បាស់លាស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការពារសត្វព្រៃ និងព្រៃឈើ របស់សហគមន៍នេះ មុនពេលសម្រេចចិត្តផ្ដល់ជំនួយទៅកាន់ទីនោះ។

ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅរូបនេះ ថាអង្គការបានមើលឃើញ ពីភាពសកម្មចំពោះការការពារព្រៃនិងសត្វរបស់ក្រុមល្បាត តាំងពីក្រុមនេះនៅបាតដៃទទេ គ្មានទាំងបច្ចេសទេស គ្មានទាំងសម្ភារ និងគ្មានទាំងថវិកាឧបត្ថម្ភ។

បុគ្គលិកអង្គការរូបនេះ កោតសរសើរប្រជាសហគមន៍ព្រៃឈើ៨មុមដូច្នេះ៖«យើងជួយព្រោះក្នុងតំបន់នេះមានសត្វជិតផុតពូជ ជាប្រភេទសត្វកម្រ។ ពួកគាត់ថែសត្វបានល្អ ម្យ៉ាងយើងឃើញថាសហគមន៍នេះ មានការខ្វះខាត។ យើងជួយដើម្បីលើកទឹកចិត្ត ឱ្យគាត់បន្តធ្វើការងារកាន់តែល្អប្រសើរថែមទៀត។ យើងមិនទាន់កំណត់ថា ឆ្នាំណាយើងនឹងបញ្ចប់ជំនួយទេ។ ពេលនេះខ្ញុំដឹងត្រឹមថា យើងនៅតែបន្តជួយគាត់ទៀត។ គាត់ធ្វើការតាំងពីមិនទាន់មានអ្វីសោះ រហូតដល់យើងចូលទៅជួយ។ ក្រុមគាត់យកចិត្តទុកដាក់ និងស្រឡាញ់សត្វព្រៃពិតប្រាកដ ធ្វើឱ្យអង្គការមានទំនុកចិត្តខ្ពស់»។ 

លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៃអង្គការសម្ពន្ធមិត្តសត្វព្រៃ ថតជាមួយសត្វកេងកងធំ ក្នុងខេត្តកោះកុង។
លោក ស៊ីថេង បញ្ជាក់ថា អង្គការសម្ពន្ធមិត្តសត្វព្រៃ ផ្ដល់ប្រាក់លើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងម្នាក់៧០ដុល្លារ ក្នុងមួយខែ សម្រាប់ប្រជាសហគមន៍១៦រូប និងបូកថ្លៃសាំងម្នាក់១០ដុល្លារបន្ថែមទៀត។ អង្គការក៏ផ្ដល់អង្ករ ទឹកបរិសុទ្ធ សម្លៀកបំពាក់ឯកសណ្ឋានប្រចាំឆ្នាំ មួក ពិល អាវភ្លៀង ស្បែកជើង សាំង និងប្រេងផងដែរ។ បន្ថែមពីនោះ អង្គការបានជួយជីកអណ្ដូងទឹកនៅក្នុងព្រៃបានចំនួន៥កន្លែង សម្រាប់រក្សាទឹកឱ្យសត្វផឹកនៅរដូវប្រាំង។

បើតាមការបញ្ជាក់របស់លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើ៨មុម សត្វកម្រក្នុងព្រៃនេះ មានសត្វទន្សោងប្រហែល១០០ក្បាល ឈ្លូស និងជ្រូកព្រៃ មានច្រើនក្បាលពិបាករាប់ សត្វក្ងោកប្រហែលជាង១០ក្បាល មាន់ព្រៃ ឆ្កែចចក ទទា ស្ទាំងលលក អកពស់ កាំប្រមា ប្រមោយ និងសត្វខ្លា។ នេះបើតាមរូបភាពដែលថតបានពីកាមេរ៉ាសុវត្ថិភាព ដែលបង្កប់ក្នុងព្រៃ។

សត្វទន្សោងដែលបានងាប់ដោយសារការដាក់អន្ទាក់របស់ព្រានព្រៃ
ចំពោះស្ថិតិសត្វដែលបានងាប់ តាំងពីឆ្នាំ២០១០ដល់២០២១ សត្វទន្សោងមានចំនួន២៧ក្បាល ដោយការបាញ់និងដាក់អន្ទាក់ នេះគិតតែសត្វដែលព្រានព្រៃយកចេញមិនបាន។ ចំណែកសត្វដែលត្រូវបានយកចេញ មិនដឹងចំនួនឡើយ។ ចំណែកសត្វជ្រូកព្រៃ និងឈ្លូស ងាប់ដោយការដាក់អន្ទាក់ច្រើនជាងទន្សោង។ ប្រធានសហគមន៍វ័យ៤៨ឆ្នាំ រូបនេះ អះអាងថា ព្រៃសហគមន៍នេះ ក៏ធ្លាប់មានវត្តមានសត្វរមាំងដែរ កាលពីក្នុងអំឡុងឆ្នាំ២០១៥ ប៉ុន្តែដោយសារតែកាលនោះ ការការពារនៅមានកម្រិត ទើបធ្វើឱ្យព្រានព្រៃប្រហារពួកវាផុតពូជ។

បើគេចង់ទៅលេងសហគមន៍ព្រៃឈើ៨មុម ដើម្បីមើលសត្វព្រៃ គួរទៅនៅចន្លោះខែកុម្ភៈ ដល់ខែមេសា ព្រោះនោះជារដូវប្រាំងស្លឹកឈើជ្រុះច្រើន ស្រឡះភ្នែកងាយស្រួលមើលឃើញសត្វព្រៃ៕

ផ្សិតចងមុង ជាផ្សិតកម្រដែលដុះក្នុងព្រៃសហគមន៍ព្រៃឈើ៨មុម






Tag:
 ព្រៃឈើ
  សត្វព្រៃ
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com