អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្ខេបព្រឹត្តិការ​ណ៍អន្តរ​ជាតិ​សំខាន់ៗប្រចាំសប្តាហ៍
19, Sep 2021 , 9:30 pm        
រូបភាព
ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ បានបន្តឥតដាច់។ ក្នុងសប្តាហ៍ថ្មីនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មី ក្នុងនោះរួមទាំងមីស៊ីលផ្លោង និងមីស៊ីលបាលីស្ទីក។ បញ្ហានេះ បានធ្វើឱ្យឧបទ្វីបកូរ៉េកើនកំដៅជាថ្មី។ ស្របគ្នានេះ ការផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាម៉េរិក និងអង់គ្លេស ទៅអូស្រ្តាលីក៏បានក្លាយជាប្រធានបទដ៏ក្តៅដែរ ខណៈពេលបារាំង កំពុងខឹងនឹងអាម៉េរិក។



ថ្ងៃទី១៣ ខែកញ្ញា

ក្រុងPutian ដែលស្ថិតនៅភាគអាគ្នេយ៍នៃខេត្ត Fujian ប្រទេសចិន បានបិទរោងភាពយន្ត កន្លែងហាត់ប្រាណ និងប្រាប់ឱ្យប្រជាជនកុំចាកចេញពីទីក្រុង ប្រសិនបើមិនមានករណីចាំបាច់។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីចិនបានរកឃើញករណីឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយវែងប្រភេទថ្មី ដោយជោគជ័យនៅចុងសប្តាហ៍មុន។ ការបាញ់នេះ ធ្វើឡើងពីរថ្ងៃក្រោយកូរ៉េខាងជើងរៀបចំក្បួនព្យុហយាត្រាអបអរថ្ងៃបង្កើតប្រទេស។ យោធាអាម៉េរិកចាត់ទុកការសាកល្បងនេះ ជាការគំរាមប្រទេសក្នុងតំបន់ និងអន្តរជាតិ។

ថ្ងៃទី១៤ ខែកញ្ញា

ក្រុមតាលីបង់ បានអរគុណដល់ប្រទេសនានា ដែលបានសន្យាផ្តល់ជំនួយរាប់រយលានដុល្លារដល់អាហ្វហ្កានីស្ថាន តាមការកៀរគរររបស់អង្គការសហប្រជាជាតិ និងការផ្តល់ជំនួយដោយផ្ទាល់ក្តី។ ក្រុមនេះ ក៏បានជំរុញឱ្យអាម៉េរិកបង្ហាញទឹកចិត្តចំពោះប្រទេសក្រីក្រមួយនេះផងដែរ ព្រោះបានជួយអាម៉េរិកក្នុងការជម្លៀសមនុស្សកន្លងមក។

សភាចក្រភពអង់គ្លេស បានហាមឃាត់អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍មិនឱ្យចូលរួមកិច្ចប្រជុំមួយដោយសារចិនបានដាក់ទណ្ឌកម្មទៅលើសមាជិកសភា និងអ្នកនយោបាយអង់គ្លេសមួយចំនួនដែលបានរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង។ ស្ថានទូតចិនចាត់ទុកទង្វើសភាអង់គ្លេស ជាទង្វើគួរឱ្យស្អប់ខ្ពើមរបស់អ្នកនយោបាយដែលអាចធ្វើឱ្យខាតបង់ប្រយោជន៍ប្រទេសទាំងពីរ។

ថ្ងៃទី១៥ ខែកញ្ញា

កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីចំនួន២គ្រាប់ចូលក្នុងសមុទ្រខាងកើតនៅថ្ងៃទី១៥ ខែកញ្ញា ខណៈប្រមុខការទូតកូរ៉េខាងត្បូង និងចិនកំពុងជួបចរចាគ្នានៅទីក្រុងសេអ៊ូល។ នេះជាការបាញ់មីស៊ីលលើកទី២ហើយក្នុងរយៈពេល៣ថ្ងៃមកនេះ ដែលត្រូវបានមើលឃើញថា ជាទង្វើបង្កើនកម្ដៅតានតឹងនៅឧបទ្វីបកូរ៉េ។

មេដឹកនាំអាម៉េរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសតាមជំនួបអនឡាញពីការបង្កើតភាពជាដៃគូសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ គោលដៅចម្បងនៃសម្ព័ន្ធភាពថ្មី គឺការពង្រឹងសមត្ថភាពទ័ពជើងទឹកនៅតំបន់មួយនេះ ដែលត្រូវមើលឃើញថា ជាការប្រឹងប្រែងរបស់អាម៉េរិកនិងសម្ព័ន្ធមិត្តក្នុងការទប់ទល់នឹងឥទ្ធិពលចិន។ ក្រោមកិច្ចព្រមព្រៀងនេះ អូស្ត្រាលី នឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ បារាំងឯណោះទំនងមិនសប្បាយចិត្តឡើយ។

ថ្ងៃទី១៦ ខែកញ្ញា

កូរ៉េខាងជើង បានប្រកាសពីការសាកល្បងប្រព័ន្ធបាញ់មីស៊ីលថ្មីមួយ ដែលបាញ់ចេញពីរថភ្លើង។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ការសាកល្បងដែលបានបាញ់មីស៊ីលដល់ទៅ២គ្រាប់នេះ ជាការពង្រឹងសមត្ថភាពរបស់កូរ៉េខាងជើងក្នុងការវាយប្រហារគោលដៅដែលបង្កការគំរាមលើលប្រទេសខ្លួន។

រដ្ឋាភិបាលក្រុងប៉េកាំង បានរិះគន់សម្ព័ន្ធភាពថ្មី AUKUS របស់អាម៉េរិក អង់គ្លេស និងអូស្ត្រាលីថា កិច្ចព្រមព្រៀងផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សន្តិភាពក្នុងតំបន់ធ្ងន់ធ្ងរ និងចង់ឱ្យមានការប្រកួតប្រជែងសព្វាវុធ។ ចិន ក៏បានចាត់ទុកកិច្ចព្រមព្រៀងនោះ ជាការមិនទទួលខុសត្រូវផងដែរ។

ថ្ងៃទី១៧ ខែកញ្ញា

បេក្ខជនដែលចូលប្រជែងតំណែងប្រធានបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន ចាប់ផ្ដើមយុទ្ធនាការស្វែងរកការគាំទ្រហើយ។ រដ្ឋមន្រ្តីទទួលបន្ទុកវ៉ាក់សាំង កូណូ តារ៉ូ ហាក់មានប្រៀបជាងបេក្ខជនផ្សេងក្នុងការបន្តតំណែងពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ។

ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានជំរុញឱ្យភាគីពាក់ព័ន្ធនៅអាហ្វហ្កានីស្ថានលុបបំបាត់ភេរវកម្មនៅក្នុងប្រទេស និងសន្យាផ្តល់ជំនួយដល់ប្រទេសដែលទើបតែងើបចេញពីសង្រ្គាមមួយនេះ។

ថ្ងៃទី១៨ ខែកញ្ញា

ប្រមុខការទូតបារាំង លោក Jean-Yves Le Drian បានចោទអាម៉េរិក និងអូស្រ្តាលី ដែលជាដៃគូដ៏ជិតស្និទ្ធថា បានកុហកខ្លួនជុំវិញកិច្ចព្រមព្រៀងសន្តិសុខ ដែលធ្វើឱ្យអូស្រ្តាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ក្នុងតម្លៃជាច្រើនពាន់លានដុល្លារ៕


© រក្សាសិទ្ធិដោយ thmeythmey.com