អន្តរជាតិ
កូរ៉េខាងជើងថា កិច្ចព្រមព្រៀងនាវាមុជទឹកអូស្ត្រាលី-អាម៉េរិក-អង់គ្លេស ធ្វើឱ្យមានការរត់ប្រណាំងអាវុធ
20, Sep 2021 , 10:11 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២០ខែកញ្ញា បាន រិះគន់សម្ព័ន្ធភាព​ថ្មីរបស់​អាម៉េរិក អង់គ្លេស និង​អូស្ត្រាលី ដែលមានគោលដៅពង្រឹងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រសួងការបរទេសកូរ៉េខាងជើង ក៏បរិហារកិច្ចព្រមព្រៀងផលិតនាវាមុជទឹក របស់សម្ព័ន្ធភាពថ្មីដោយព្រមានថា វានឹងអាចបង្កឱ្យមា​ន​ការ​ប្រកួតប្រជែង អាវុធនុយក្លេអ៊ែរនៅក្នុងតំបន់។

 
កិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅអូស្ត្រាលី ក្រោមសម្ព័ន្ធភាពបីប្រទេស គឺអាម៉េរិក អូស្ត្រាលី និងអង់គ្លេស ក្លាយជាប្រធានបទក្ដៅ ហើយប្រទេសមួយចំនួនក្នុងតំបន់ មិនសូវជាពេញចិត្តឡើយ។ ខណៈសម្ព័ន្ធភាពថ្មីត្រូវបានមើលឃើញថា ដាក់មុខព្រួញតម្រង់ចិន កូរ៉េខាងជើងឯណោះ ក៏នៅមិនស្ងៀមឡើយ ដោយបានរិះគន់​គម្រោងនេះ។ 
 
«ទាំងនេះជាសកម្មភាពដែលពិភពលោកមិនចង់បាន ហើយគ្រោះថ្នាក់បំផុតដែលនឹងធ្វើឱ្យប៉ះពាល់​តុល្យភាពយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបង្កឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ KCNA បានស្រង់សម្តីមន្ត្រីក្រសួងការបរទេស​កូរ៉េខាងជើង​បែបនេះ។
 
មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងទៀតថា ទង្វើនេះបញ្ជាក់ថា អាម៉េរិកជាអ្នកដែល​មិនគោរពតាមកាតព្វកិច្ ច​មិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ។ មន្ត្រីរូបនោះបានបន្តថា​ ក្រោម​រដ្ឋាភិបាលថ្មី អាម៉េរិក បានប្រើប្រាស់ស្ដង់ដារពីរ ដោយប្រកាស​ឱ្យពិភពលោករក្សាសណ្ដាប់ធ្នាប់​សន្តិសុខពិភពលោក តែខ្លួនបានបំផ្លាញបទដ្ឋាន និងសណ្តាប់ធ្នាប់អន្តរជាតិទៅវិញ ​ហើយគំ​រាម​យ៉ាង​ធ្ងន់ធ្ងរសន្តិភាព និងស្ថិរភាពពិភពលោក។
 
ទាក់ទងនឹងប្រតិកម្មរបស់ខ្លួននេះ មន្ត្រីកូរ៉េខាងជើងខាងលើចាត់ទុកនេះជារឿងធម្មតា ដែលប្រទេសជិត​ខាងរួមទាំងចិន បានថ្កោលទោសសកម្មភាពទាំងនេះថា​ ជាការមិនទទួលខុសត្រូវ ក្នុងការបំផ្លាញ​សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លើសពីនោះ​កូរ៉េខាងជើង ក៏គំរាមចាត់វិធានការតបតវិញ​ ក្នុងករណី​ដែលសន្តិសុខប្រទេសខ្លួន រងផលប៉ះពាល់សូម្បីតែបន្តិច៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com