រថយន្ត
អន្តរជាតិ
អ្នកជំនាញ៖ Mercedes-Benz Uhlenhaut Coupe 300 SLR អាចមានតម្លៃជាង១០០លានដុល្លារ
20, Sep 2021 , 8:29 pm        
រូបភាព
ដោយ: ធីតា
Mercedes-Benz Uhlenhaut Coupe 300 SLR ផលិតនៅឆ្នាំ១៩៥៥ ត្រូវបានអ្នកជំនាញខាងរថយន្តប៉ាន់ស្មានថា អាចមានតម្លៃដល់ទៅជាង១០០លានដុល្លារឯណោះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Turbo ហើយបណ្តាញសង្គម Supercar Blondie ដ៏ល្បីល្បាញ ក៏បានបង្ហាញពីលក្ខណៈសម្បត្តិផ្សេងៗរថយន្តមួយនេះផងដែរ។

 
បច្ចុប្បន្ន Ferrari 250 GTO ផលិតឆ្នាំ១៩៦៣ ត្រូវបានចាត់ទុកជារថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកគឺរហូតដល់ទៅ៧០លានដុល្លារអាមេរិក នាកម្មវិធីដេញថ្លៃមួយកាលពីឆ្នាំ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ នេះជាតម្លៃប្រកាសជាផ្លូវការប៉ុណ្ណោះ ខណៈរថយន្ត Bugatti Atlantic ដែលជាកម្មសិទ្ធិរបស់លោក Ralph Lauren អាចមានតម្លៃខ្ពស់ជាង ប្រសិនបើមហាសេដ្ឋីអាម៉េរិកអាយុ៨១ឆ្នាំរូបនេះ សម្រេចចិត្តលក់ចេញ។
 
 
 
សម្រាប់ Mercedes-Benz Uhlenhaut Coupe 300 SLR នេះ វាស្ថិតក្នុងចំណោមរថយន្តតែពីរគត់ដែលត្រូវបានផលិតនៅឆ្នាំ១៩៥៥ ដែលមានម៉ាស៊ីនដូចប្រភេទរថយន្ត Mercedes Formula 1 យ៉ាងដូច្នោះដែរ។ វាមានទម្ងន់សរុបជាង៨០០គីឡូក្រាម។
 
យោងតាម Turbo និង Supercar Blondie រថយន្ត Mercedes 300 SLR នេះ អាចលក់បានក្នុងតម្លៃជាង១០០លានដុល្លារអាមេរិក និងលើសពីនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេមិនដែលបានឃើញការប្រកាសលក់ដេញថ្លៃនោះឡើយ។
 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ម៉ូដែល 300 SLR នេះ បានធ្វើឲ្យគេគិតដល់គ្រោះថ្នាក់ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត 24 Heures du Mans កាលពីឆ្នាំ១៩៥៥ នៅក្រុង Le Mans ប្រទេសបារាំង ដែលបានសម្លាប់ទស្សនិកជន ៨៣នាក់ រួមទាំងលោក Pierre Bouillin ដែលជាអ្នកបើកបរ។
 
ក្រោយគ្រោះថ្នាក់ជាប្រវត្តិសាស្ត្រនេះ Mercedes បានដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួត ប៉ុន្តែក្រុមហ៊ុនបន្តផលិត Mercedes-Benz 300 SLR “Uhlenhaut Coupé” ពីរ ដែលគ្រោងចូលរួមប្រកួតនៅឆ្នាំ១៩៥៦។ 
 


ទោះបីជាយ៉ាងណាក៏ដោយ រថយន្តទាំងពីរនេះ មិនត្រូវបានប្រើប្រាស់សម្រាប់ការប្រកួតប្រជែងឡើយ ដោយមួយគ្រឿងត្រូវបានលោក Rudolf Uhlenhaut ទុកប្រើប្រាស់សម្រាប់ក្រុមហ៊ុន។ លោក Uhlenhaut ជាប្រធានផ្នែកតេស្តិ៍រថយន្ត ហើយឈ្មោះរបស់លោកក៏ត្រូវភ្ជាប់ទៅនឹងម៉ូដែលរថយន្តផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com