អន្តរជាតិ
តាលីបង់ អំពាវនាវឱ្យអន្តរជាតិផ្តល់ជំនួយសម្រាប់ជនភៀសខ្លួនឱ្យបានមុនរដូវរងា
20, Sep 2021 , 9:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
រដ្ឋមន្រ្តីជនភៀសខ្លួននៃរដ្ឋាភិបាលដឹកនាំក្រុមតាលីបង់ នៅថ្ងៃទី ១៩ ខែកញ្ញា បានជំរុញឱ្យសហគមន៍អន្តរជាតិ រួមទាំងទីភ្នាក់ងារជំនួយផ្សេងៗ ផ្តល់ជំនួយដល់ជនភៀសខ្លួននៅអាហ្វហ្កានីស្ថានអំឡុងពេលវឹកវរកន្លងមក ខណៈរដូវរងារកាន់តែខិតជិតមកដល់។


នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ Al Jazeera រដ្ឋមន្ត្រីទទួលបន្ទុកជនភៀសខ្លួនអាហ្វហ្កានីស្ថាន Khalil-ur-Rahman Haqqani និយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងប្រទេស រាប់ទាំងមនុស្សប្រមាណ២០ម៉ឺននាក់ដែលរត់ចេញពីខេត្ត Panjshir ចូលរដ្ឋធានីកាប៊ុលអំឡុងពេលប្រយុទ្ធគ្នាកាលពីខែមុនផងដែរ។ វិបត្តិមនុស្សធម៌នេះ អាចនឹងប្រែទៅជាយ៉ាប់យ៉ឺនខ្លាំង ខណៈរដូវរងាជិតមកដល់ហើយនោះ។
 
បើតាមលោក Haqqani បច្ចុប្បន្នអាហ្វហ្កានីស្ថានមានសន្តិភាព ហើយមនុស្សគ្រប់គ្នាអាចត្រលប់ទៅទីលំនៅខ្លួនវិញ។ លោកក៏បានលើកឡើងថា អាទិភាពដំបូងគឺរៀបចំនៅទីក្រុងកាប៊ុល ព្រោះវាជាទីក្រុងដែលមានប្រជាជនច្រើន និងមានចំនួនជនភៀសខ្លួនច្រើនបំផុត។
 
កន្លងមក ទីភ្នាក់ងារផ្តល់ជំនួយនៅអាហ្វហ្កានីស្ថាន ក៏បានព្រមានថា អាហ្វហ្កានីស្ថានអាចប្រឈមមុខវិបត្តិមនុស្សធម៌ខ្លាំងក្លាដែរ ប្រសិនបើជំនួយនិងធនធានផ្សេងៗមិនត្រូវបានបញ្ជូនចូលមកប្រទេសនេះ។ យោងតាមកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ភាពក្រីក្រនៅអាហ្វហ្កានីស្ថានអាចកើនឡើងដល់៩៧ភាគរយនៅពាក់កណ្តាលឆ្នាំក្រោយដោយសារគ្រោះទុរ្ភិក្ស និងគ្រោះរាំងស្ងួត ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទៅទីក្រុងនានាដើម្បីស្វែងរកកន្លែងជ្រកកោន។
 
រដ្ឋមន្រ្តីអាហ្វហ្កានីស្ថានខាងលើ អះអាងថា ពលរដ្ឋអាហ្វហ្កានីស្ថាន នឹងទទួលបានជំនួយដើម្បីត្រលប់ទៅទីលំនៅចាស់វិញ រួមទាំងជំនួយនានាក្នុងការជួសជុលផ្ទះរបស់ពួកគេឡើងវិញ ប្រសិនបើមានការខូចខាតផងដែរ។ នៅដំណាក់កាលបន្ទាប់ រដ្ឋាភិបាលមានផែនការរៀបចំតំបន់ពិសេសនៅតាមខេត្តនីមួយៗ ដើម្បីផ្តល់ជម្រកដល់ប្រជាជនដែលបានផ្លាស់ទីលំនៅទាំងនេះ មុនការរៀបចំលំនៅដ្ឋានចាស់រួចរាល់។ ការងារសំខាន់មួយទៀតគឺត្រូវលុបបំបាត់អំពើពុករលួយ និងធានាថា ជំនួយទាំងអស់អាចទៅដល់អ្នកដែលសមនឹងទទួលបានបំផុត។
 
យ៉ាងណាមិញ ការធ្វើការជាមួយលោក Haqqani ហាក់មានការលំបាក លោកត្រូវអាម៉េរិកចាត់ទុកជាភេរវករពិភពលោក ហើយធ្លាប់បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន៥លានដុល្លារក្នុងការចាប់ខ្លួនលោក។ យ៉ាងណាមិញ ក្រុមតាលីបង់បានទាមទារឱ្យដកទណ្ឌកម្មទាំងនេះចេញ បន្ទាប់ពីភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅកាតាកាលពីឆ្នាំមុន។
 
គួររំលឹកថា អាហ្វហ្កានីស្ថានទទួលបានជំនួយច្រើនពីប្រទេសនានាដើម្បីស្តារសេដ្ឋកិច្ច។ ចិន ប៉ាគីស្ថាននិងប្រទេសជិតខាងមួយចំនួន បានផ្តល់ជំនួយជាថវិកានិងសម្ភារផ្សេងដល់អាហ្វហ្កានីស្ថានរួចមកហើយ។ នៅសប្តាហ៍មុន តាមរយៈ UN ប្រទេសផ្សេងក៏បានសន្យាផ្តល់ជំនួយដល់អាហ្វហ្កានីស្ថានសរុបជាទឹកប្រាក់ជាង១,២ពាន់លានដុល្លារផងដែរ៕
 
 

Tag:
 តាលីបង់
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com