អន្តរជាតិ
បារាំង លុបចោលកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិជាមួយអង់គ្លេសព្រោះខឹងរឿងកិច្ចព្រមព្រៀងនាវាមុជទឹក រដ្ឋមន្រ្តីការពារជាតិបារាំង Florence Parly ។ រូបថត AFP
× បារាំង នៅថ្ងៃទី១៩ ខែកញ្ញា បានលុបចោលកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិជាមួយអង់គ្លេសដែលគ្រោងធ្វើក្នុងសប្ដាហ៍នេះ ខណៈបារាំងនៅតែមិនពេញចិត្តផែនការសាងសង់នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលីក្រោមសម្ព័ន្ធភាពអាម៉េរិក អូស្ត្រាលី និងអង់គ្លេស ដែលធ្វើឱ្យខ្លួនខាតបង់ឱកាសរកស៊ីជាមួយអូស្រ្តាលីលើការសាងសង់នាវាមុជទឹក។ នាយករដ្ឋមន្ត្រីអង់គ្លេស ក៏ព្យាយាមនិយាយឱ្យបារាំងត្រជាក់ចិត្តដែរ ។
ក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly និងរដ្ឋមន្រ្តីការពារជាតិចក្រភពអង់គ្លេសលោក Ben Wallace គ្រោងជួបគ្នានៅទីក្រុងឡុងដ៍ដើម្បីពិភាក្សាកិច្ចការការពារជាតិប្រទេសទាំងពីរ។ យ៉ាងណាមិញ ភាគីបារាំងបានលុបចោលជំនួបដែលគ្រោងរៀបចំចំនួនពីរថ្ងៃនេះវិញ ហើយលើកជំនួបនេះទៅធ្វើនៅពេលក្រោយ។
ការលុបចោលជំនួបជាន់ខ្ពស់នេះ ជាការបង្ហាញការមិនពេញចិត្តរបស់ទីក្រុងប៉ារីសលើផែនការសាងសង់នាវាមុជទឹកឱ្យអូស្ត្រាលីក្រោមសម្ព័ន្ធភាពថ្មីរវាងអាម៉េរិក អង់គ្លេស និងអូស្ត្រាលី។ បារាំងដែលមានកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដោយដើរដោយថាមពលឥន្ធនៈតម្លៃ៤០ពាន់លានដុល្លារ ខកចិត្តខ្លាំងនឹងទង្វើដៃគូរបស់ខ្លួនរហូតកោះហៅអគ្គរដ្ឋប្រចាំវ៉ាស៊ីនតោន និងកង់បេរ៉ាត្រឡប់ចូលស្រុកវិញផង ប៉ុន្តែរក្សាទុកតំណាងនៅឡុងដ៍។
ដោយសារតែឃើញបារាំងនៅតែខឹងសម្បារមិនបាត់បែបនេះ នៅថ្ងៃទី១៩ ខែកញ្ញា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន ប្រាប់អ្នកសារព័ត៌មានថាបារាំងមិនគួរព្រួយបារម្ភពីការសហការរបស់សម្ព័ន្ធភាពថ្មីនេះឡើយ។ លោក ចនសុន អះអាងថា ទំនាក់ទំនងប្រទេសទាំងពីរជាទំនាក់ទំនងដ៏ជិតដិត និងមានសារសំខាន់ធំធេងណាស់ដែលមិនអាចកាត់ថ្លៃបាន។
«សម្ព័ន្ធភាព AUKUS មិនមែនផ្ដល់តែផល ប្រយោជន៍ដល់តែប្រទេសក្នុងសម្ព័ន្ធភាព ហើយមិនរាប់បញ្ចូលប្រទេសផ្សេងនោះទេ។ សម្ព័ន្ធភាពនេះមិនមែនជាអ្វីដែលប្រទេសណាមួយត្រូវព្រួយបារម្ភជាពិសេសបារាំង មិនគួរព្រួយបារម្ភអ្វីឡើយ»។ ប្រមុខរដ្ឋាភិបាលអង់គ្លេសបញ្ជាក់បែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com