អន្តរជាតិ
កូរ៉េខាងជើង បង្អាប់មីស៊ីលបាលីស្ទិកបាញ់ចេញនាវាមុជទឹករបស់កូរ៉េខាងត្បូង
21, Sep 2021 , 8:29 am        
រូបភាព
ដោយ:
ទីភ្នាក់ងារស្រាវជ្រាវលើវិស័យការពារជាតិរបស់កូរ៉េខាងជើងនៅថ្ងៃទី២០ ខែកញ្ញា បានចោទសួរពីគុណភាពរបស់មីស៊ីលបាលីស្ទិកដែលបាញ់ចេញពីនាវាមុជទឹករបស់កូរ៉េខាងត្បូងដែលទើបសាកល្បងថ្មីៗនេះ។ កូរ៉េខាងជើងដាក់ការសង្ស័យថា មីស៊ីលនេះជាអាវុធពិតឬអត់ តែបើជាគ្រាប់ពិត ក៏ស្ថិតក្នុងដំណាក់កាលដំបូងដែលមិនបង្កការគំរាមអ្វីឡើយ។


កាលពីសប្ដាហ៍មុន កូរ៉េខាងត្បូងបានសាកល្បងដោយជោគជ័យមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹករបស់ខ្លួន ដោយប្រើប្រាស់នាវាមុជទឹក Dosan Ahn Chang-ho ដែលមានទម្ងន់៣ពាន់តោន។ ប្រធានាធិបតី មូន ចេអ៊ីន បានត្រួតពិនិត្យដោយផ្ទាល់ការបាញ់សាកល្បងនេះ។
 
យ៉ាងណាមិញ កូរ៉េខាងជើងឯណោះ បែរជានិយាយឡកឡាយដាក់កូរ៉េខាងជើងរឿងមីស៊ីលនេះទៅវិញ។ ក្នុងសំណេរមួយដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA ប្រធានបណ្ឌិត្យសភាវិទ្យាសាស្រ្តការពារជាតិកូរ៉េខាងជើង Jang Chang-ha លើកឡើងជាសំណួរថា មីស៊ីលបាញ់ចេញពីនាវាមុជទឹកនោះ ជាអាវុធពិតឬទេ។
 
«យោងតាមរូបថតដែលបានចេញផ្សាយ វាមានរចនាសម្ព័ន្ធ និងទម្រង់នៃមីស៊ីលបាលីស្ទិកបាញ់ពីផ្ទៃគោកទៅផ្ទៃគោកមួយទៀត ហើយមើលទៅខុសលក្ខណៈពីនាវាដែលបាញ់ពីសមុទ្រឆ្ងាយណាស់»។ លោក Jang សរសេរបែបនេះ មុនបន្តថា រូបភាពនៃការបាញ់ផ្លោងនោះអាចត្រូវបានគេកាត់តទៀតផង។
 
លោក Jang បានកត់សម្គាល់ថា មីស៊ីលនេះមិនអាចជាមធ្យោបាយវាយប្រហារដ៏មានប្រសិទ្ធភាពក្នុងពេលមានសង្គ្រាម ហើយវាក៏មិនស្ថិតក្នុងដំណាក់កាលដែលត្រូវពិចារណាថា ជាអាវុធដ៏គំរាមកំហែងក្នុងការប្រើប្រាស់ជាយុទ្ធសាស្រ្ត។ សម្រាប់មន្រ្តីកូរ៉េខាងជើងរូបនេះ សព្វាវុធថ្មីនេះគឺធ្វើត្រាប់តាមមីស៊ីល K-15 របស់ឥណ្ឌា ហើយកូរ៉េខាងត្បូងស្ថិតក្នុងដំណាក់ដំបូងនៃដំណើរការអភិវឌ្ឍប៉ុណ្ណោះ។
 
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap ដំណើរការតេស្ដជាច្រើនជុំនឹងត្រូវរៀបចំឡើងដើម្បីធានាបាននូវភាពជឿជាក់។ក្រោយពីបញ្ចប់ដំណើរការអភិវឌ្ឍនៅដើមឆ្នាំ២០២២ អាវុធមីស៊ីលបាលីស្ទិក នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅឆមាសទី១នៃឆ្នាំ២០២២សម្រាប់ដាក់ពង្រាយប្រតិបត្តិការក្នុងឆមាសទី២នៃឆ្នាំ២០២២។
 
គួរបញ្ជាក់ថា មីស៊ីលបាលីស្ទិកខាងលើ ត្រូវបានគេជឿជាក់ថា ជាមីស៊ីលនៃប្រភេទមីស៊ីលបាលីស្ទិក Hyunmoo-2B ដែលអាចបាញ់រយៈចម្ងាយអតិបរមាប្រហែល៨០០គីឡូម៉ែត្រ។ ប៉ុន្តែក្នុងអំឡុងពេលធ្វើតេស្តសាកល្បងកាលពីសប្តាហ៍មុន មីស៊ីលនេះត្រូវបានរាយការណ៍ថា បាញ់បានត្រឹមរយៈចម្ងាយ៤០០គីឡូម៉ែត្រមុនកម្ទេចគោលដៅ៕
 
 
 
 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com