អន្តរជាតិ
ថៃ ដំឡើងកម្រិតបំណុលអតិបរមាទៅ៧០ភាគរយនៃGDP របស់ខ្លួន
20, Sep 2021 , 10:38 pm        
រូបភាព
លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ។ រូបភាព៖ Bloomberg
លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ។ រូបភាព៖ Bloomberg
ថៃ បានបង្កើនកម្រិតបំណុលអតិបរមា (Debt Ceiling) របស់ខ្លួនពី ៦០ភាគរយ ទៅ៧០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។ រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បានបញ្ជាក់បែបនេះ នៅថ្ងៃទី២០ ខែកញ្ញា។ កន្លងមក លោករដ្ឋមន្រ្តី ធ្លាប់លើកឡើងម្តងហើយថា កម្រិតបំណុលរបស់ថៃ គឺទាប បើធៀបនឹងបណ្តាប្រទេសផ្សេង។


ជំងឺកូវីដ-១៩ មិនត្រឹមតែជាជំងឺឆ្លងសកល និងធ្វើឱ្យប្រព័ន្ធសុខាភិបាលប្រទេសនីមួយៗរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចប្រទេសទាំងនោះផងដែរ។ ក្នុងចំណោមបណ្តាប្រទេសទាំងអស់ ថៃត្រូវបានជំងឺកូវីដ-១៩ អុកឡុកយ៉ាងខ្លាំង ខណៈវិស័យសេដ្ឋកិច្ច និងទេសចរណ៍ បានដាំក្បាលចុះនៅក្នុងឆ្នាំ២០២០។ 

ដើម្បីដោះស្រាយបញ្ហាទាំងនោះ ការដំឡើងកម្រិតបំណុលសាធារណៈ គឺជាជម្រើសមួយដ៏ល្អ ខណៈកម្រិតបំណុលចាស់ ត្រូវបានថៃប្រើជិតអស់ទៅហើយ។ គិតត្រឹមខែកក្កដា ថៃមានកម្រិតបំណុល ៥៥,៥៩ភាគរយ ឬជាង ២៦៦ពាន់លានដុល្លារ នៃGDP របស់ខ្លួន នៅក្នុងឆ្នាំ២០២១។ កម្រិតបំណុលអតិបរមារបស់ថៃ មានត្រឹមតែ ៦០ភាគនៃ GDP ប៉ុណ្ណោះ។ 

ទាក់ទិននឹងកម្រិតបំណុលអតិបរមានេះ គណៈកម្មាធិការគោលនយោបាយហិរញ្ញវត្ថុ និងសារពើពន្ធ ដែលមានលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ជាប្រធាន បានអនុម័តកម្រិតបំណុលពី ៦០ភាគរយ ទៅ ៧០ភាគរយនៃផលិតផលក្នុស្រុកសរុបរបស់ថៃ។ កម្រិតបំណុលអតិបរមា តែងត្រូវថៃពិនិត្យរៀងរាល់ ៣ឆ្នាំម្តង។ 

នៅខែសីហាកន្លងទៅ រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ បានការពារថា កម្រិតបំណុលថៃ គឺទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេសផ្សេង។ ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ មក ថៃបានបញ្ចេញវិធានការជួយសង្រ្គោះ និងកញ្ចប់ថវិកាជួយប្រជាជន និងអាជីវកម្មនៅក្នុងប្រទេស ដែលទំហំរហូតដល់ទៅជិត ៤៦ពាន់លានដុល្លារ ដោយក្នុងនោះរួមបញ្ចូលទាំងកញ្ចប់ថវិកាប្រមាណ ១៤ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះផងដែរ។ 
 
គួររំលឹកថា ទេសាភិបាលនៃធនាគារកណ្តាលថៃ លោក Sethaput Suthiwartnarueput នៅខែសីហា បានបញ្ជាក់ថា ថៃត្រូវការវិធានការសារពើពន្ធទំហំជិត ៣០ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយសង្រ្គោះសេដ្ឋកិច្ច ការងារ និងប្រាក់ចំណូលនៅក្នុងប្រទេស៕ 

© រក្សាសិទ្ធិដោយ thmeythmey.com