ជាតិ
សម្ដេច ហ៊ុន សែន ៖ យើងមិនឱ្យមហាអំណាចខ្លះ សងបំណុលសីលធម៌មកកម្ពុជាទេ តែយើងគ្រាន់តែប្រើសិទ្ធិអធិបតេយ្យខ្លួន
21, Sep 2021 , 9:58 am        
រូបភាព
ភ្នំពេញ៖ កម្ពុជាមិនឱ្យមហាអំណាចខ្លះ សងបំណុលសីលធម៌វិញឡើយ តែកម្ពុជានឹងប្រើប្រាស់សិទ្ធិអធិបតេយ្យខ្លួន ដើម្បីការពារស្ថិរភាព និងសិទ្ធិរស់រានរបស់ប្រជាជន។ នេះជាខ្លឹមសាររបស់សម្ដេច ហ៊ុន សែន ដែលថ្លែងនៅក្នុងទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ កញ្ញានេះ។


មុននឹងនិយាយពីសន្តិភាពអន្តរជាតិ និងពិភពលោកនោះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកពីការលំបាករបស់កម្ពុជា ដែលបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អស់រយៈពេល២៣ឆ្នាំ បើគិតត្រឹមឆ្នាំ១៩៧៥ មកបញ្ចប់នៅឆ្នាំ១៩៩៨។ សម្រាប់ប្រមុខរដ្ឋាភិបាល ការបញ្ចប់សង្គ្រាម ហើយឈានដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបច្ចុប្បន្ននេះ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់កម្ពុជា។
 
រៀបរាប់មួយអន្លើនេះហើយ សម្ដេច ហ៊ុន សែន ក៏ងាកមកនិយាយពីបញ្ហាស្ថិរភាពសង្គមអន្តរជាតិវិញម្ដង។ ប្រមុខរដ្ឋាភិបាល បានមើលឃើញថា ការវិវត្តន៍ដ៏ស្មុគស្មាញ ហើយមិនអាចប៉ាន់ស្មានទុកមុននៃស្ថានការណ៍ពិភពលោក កំពុងបង្កឡើងដោយពួកមហាអំណាច ដែលប្រជែងផលប្រយោជន៍ និងឥទ្ធិពលនយោបាយ ទាំងផ្នែកយោធា និងសេដ្ឋកិច្ច។ បើតាមសម្ដេច ហ៊ុន សែន ការប្រជែងឥទ្ធិពលរបស់ពួកមហាអំណាចទាំងនោះ កំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។
 
តាមរយៈសារលិខិត៤ទំព័រ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងដូច្នេះថា៖«កម្ពុជាយើង មិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
 
និយាយដល់ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ក៏បានអះអាងប្រាប់អន្តរជាតិ តាមរយៈសារលិខិតខ្លួនទៀតថា កម្ពុជា មិនភ្លេចនូវវិនាសកម្ម និងការឈឺចាប់ ដោយសារសង្គ្រាម ដែលមានពួកមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត បានដាក់បង្ខំមកលើកម្ពុជាឡើយ។«យើងក៏មិនបានឱ្យប្រទេសអស់ទាំងនោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ»។ នេះបើតាមប្រមុខរដ្ឋាភិបាលកម្ពុជា។
 
ដើម្បីគេចផុតពីជម្លោះឥទ្ធិពលនយោបាយរបស់មហាអំណាចទាំងនោះ សម្ដេច ហ៊ុន សែន បានអះអាងពីគោលនយោបាយអព្យាក្រឹត្យរបស់កម្ពុជា ដែលមិនចូលបក្សសម្ព័ន្ធ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ រួមទាំងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ ជាពិសេសការអនុវត្តសន្តិសហវិជ្ជមាន ជាមួយប្រទេសទាំងអស់ នៅក្នុងពិភពលោក។
 
ផ្ដើមចេញប្រទេសរងទុក្ខដោយសារសង្គ្រាម និងទទួលជំនួយកងកម្លាំងពីអង្គការសហប្រជាជាតិនេះ កម្ពុជាបានប្រែក្លាយខ្លួន ទៅជាប្រទេសដែលចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិភាពពិភពលោក។ គិតចាប់ពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវ ចំនួន៧,៥២១នាក់ (ស្រី៤៦៨នាក់) ទៅការពារ និងថែរក្សាសន្តិភាព នៅតាមបណ្ដាប្រទេសនានា ដែលកំពុងជួបវិបត្តិភ្លើងសង្គ្រាម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ កន្លងមកកម្ពុជា ធ្លាប់បានបញ្ជូនកងកម្លាំងទៅថែរក្សាតាមបណ្ដាប្រទេសជាច្រើនរួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
 
បច្ចុប្បន្ននេះ មានកងទ័ពមួកខៀវកម្ពុជា៧៨៧នាក់ (ស្រី១០៥នាក់) ដែលកំពុងបំពេញបេសកកម្មនៅស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ម៉ាលី និងយេម៉ែន។ កម្ពុជាបានបញ្ជូនពួកគេទៅប្រទេសទាំងនោះ កាលពីខែមិថុនា ឆ្នាំ២០២១។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«កម្ពុជាមានឆន្ទៈដ៏មោះមុត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ភាតរភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌»។
 
កម្ពុជានឹងបន្តសកម្មភាពការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានា នៅលើសកលលោកដែលរួមមាន៖ អំពីភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀន និងជំងឺឆ្លងនានា។ នេះជាការអះអាងរបស់នាយករដ្ឋមន្ត្រី៕

Tag:
 ហ៊ុន សែន
  ទិវាសន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com