COVID-19
អន្តរជាតិ
វៀតណាម ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់គុយបាចំនួន១០លានដូស
21, Sep 2021 , 1:35 pm        
រូបភាព
បុគ្គលិកសុខាភិបាលគុយបាលើកបង្ហាញដបវ៉ាក់សាំងអាប់ដាឡា។ រូបថត Xinhua
បុគ្គលិកសុខាភិបាលគុយបាលើកបង្ហាញដបវ៉ាក់សាំងអាប់ដាឡា។ រូបថត Xinhua
ដោយ៖ ឡាយ ស្រីពេជ្រ

គុយបាយល់ព្រមផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតក្នុងស្រុកឈ្មោះអាប់ដាឡា (Abdala) ចំនួន១០លានដូសតាមការបញ្ជាទិញរបស់វៀតណាម ។ វ៉ាក់សាំងអាប់ដាឡាត្រូវបានអនុម័តដោយវៀតណាមសម្រាប់ការប្រើប្រាស់បន្ទាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩។



កិច្ចព្រមព្រៀងទិញលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាប់ដាឡា ចំនួន១០លានដូស ត្រូវបានចុះហត្ថលេខាអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក ទៅកាន់គុយបាចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែកញ្ញា។ បើតាមប្រព័ន្ធផ្សព្វផ្សាយគុយបា​ ក្រោមកិច្ចព្រមព្រៀងនេះ គុយបាយនឹងផ្ដល់វ៉ាក់សាំង៥លានដូសដំបូងសិនប៉ុណ្ណោះ។

នៅថ្ងៃទី១៨ខែកញ្ញា វៀតណាមក្លាយជាប្រទេសដំបូងដែលអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងអាប់ដាឡាជាបន្ទាន់។ នេះជាវ៉ាក់សាំងដែលគុយបាកំពុងប្រើប្រាស់ជាមួយនឹងវ៉ាក់សាំងផលិតក្នុងស្រុកផ្សេងទៀតឈ្មោះថាសូបេរ៉ាណា០២ (Soberana02​) ។

ក្រៅពីវៀតណាម ប្រទេសមួយចំនួនទៀតក៏ទាក់ទងគុយបាផងដែរ។ វ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចសន្យាទិញវ៉ាក់សាំងអាប់ដាឡាចំនួន១២លានដូសរួចរាល់ ខណៈអ៊ីរ៉ង់កំពុងផលិតវ៉ាក់សាំងសូបេរ៉ាណា០២ ។ ចំណែកឯ អាហ្សង់ទីន និងម៉ិកស៊ិកក៏ចាប់អារម្មណ៍វ៉ាក់សាំងគុយបាផងដែរ។

យ៉ាងណាមិញ វ៉ាក់សាំងរបស់គុយបា មិនទាន់ទទួលបានការយល់ព្រមពីអង្គការសុខភាពពិភពលោក(WHO) ។ វ៉ាក់សាំងទាំងពីរនេះ ក៏មិនទាន់ត្រូវបានពិនិត្យឡើងវិញពីអ្នកវិទ្យាសាស្ត្រអន្តរជាតិនៅឡើយទេ។

អ្នកវិទ្យាសាស្ត្រគុយអះអាងថា ការចាក់វ៉ាក់សាំងប្រភេទនេះបានបង្ហាញពីប្រសិទ្ធភាពជាង៩០ភាគរយក្នុងការការពារករណីឆ្លងជំងឺកូវីដ-១៩ ។ វ៉ាក់សាំងទាំងនេះអភិវឌ្ឍតាមបច្ចេកវិទ្យាផលិតប្រូតេអ៊ីនដូចគ្នាទៅនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax របស់អាម៉េរិក និង Sanofi របស់បារាំងដែរ។

សូមបញ្ជាក់ថា​ ក្រោមទណ្ឌកម្មអាម៉េរិកដែលដាក់តាំងពីឆ្នាំ១៩៦២ គុយបាចាប់ផ្តើមផលិតវ៉ាក់សាំងផ្ទាល់ខ្លួនតាំងពីឆ្នាំ១៩៨០មកម៉្លេះ ។ ស្ទើរតែ៨០ភាគរយនៃវ៉ាក់សាំងរបស់ប្រទេសនេះ ត្រូវបានផលិតក្នុងស្រុក៕

Tag:
 វៀតណាម
  គុយបា
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com