ជាតិ
រថយន្ត
សម្តេច ទៀ បាញ់ ណែនាំឱ្យចាត់ការយ៉ាងម៉ឹងម៉ាត់លើយានយន្តឯកជនពាក់ស្លាកលេខ ខ.ម
× ក្រសួងការពារជាតិ នៅថ្ងៃទី២០ កញ្ញានេះ បានចេញសារាចរមួយដោយណែនាំឱ្យស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ អនុវត្តឱ្យបានល្អ និងម៉ឹងម៉ាត់ ចំពោះវិធានការរដ្ឋាភិបាលក្នុងការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម)។
សារាចរនេះណែនាំ ដែលចុះហត្ថលេខាដោយ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ ក៏រំឭកឡើងវិញចំពោះឱសាទវាទនៃការអនុវត្តការប្តូរចង្កូតពីស្តាំមកឆ្វេង យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២ផងដែរ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ក្នុងសារាចរណែនាំនោះថា ការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានតែចំពោះយានយន្តដែលរដ្ឋបំពាក់ និងយានយន្តដែលទទួលបានពីប្រទេសផ្តល់ជំនួយ។
ចំពោះយានយន្តដែលជាអំណោយពីសប្បុរសជនដែលបានបំពេញកាតព្វកិច្ចពន្ធរួច និងយានយន្តដែលបានពីការសម្រេចរបស់តុលាការ ក៏អាចទទួលបានការចុះបញ្ជីឱ្យប្រើប្រាស់ដែរ។ សារាចរដដែលបញ្ជាក់ដូច្នេះ រួចបន្តថា យានយន្តកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបដំឡើងសារជាថ្មី ក៏អាចទទួលបានការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម ដែរ។ ជាមួយគ្នានេះ យានយន្តដែលនាយទាហានប្រើធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលប្រើប្រាស់ក្នុងក្របខណ្ឌរដ្ឋ និងបានបង់ពន្ធរួច ក៏អាចប្រើប្រាស់ស្លាកលេខខ.ម បានដែរ។
សារាចរណ៍ដដែល ក៏បញ្ជាក់ដែរថា ក្រសួងការពារជាតិ នឹងអនុញ្ញាតឱ្យប្រើប្រាស់ធម្មតា ចំពោះយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយបានបង់ពន្ធគយរួច។ ផ្ទុយទៅវិញ ក្រសួងការពារជាតិ នឹងនិរាករណ៍ស្លាកលេខដែលបានបំពាក់កន្លងមក លើយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ដែលមិនបានបំពេញកាតព្វកិច្ចពន្ធតាមកាលកំណត់នោះ។
សូមរំឭកថា កន្លងមកទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញលិខិតណែនាំ ជុំវិញការអនុវត្តកាតព្វកិច្ចពន្ធលើរថយន្តចង្កូតស្តាំ ដែលជ្រកក្រោមស្លាកលេខ ខ.ម និងន.ប។ ក្រៅពីណែនាំឱ្យបង់ទាំងពន្ធដារ និងពន្ធគយ រថយន្តទាំងនោះក៏តម្រូវឱ្យកែចង្កូតពីឆ្វេង ទៅស្តាំ ឱ្យស្របតាមច្បាប់កម្ពុជា ឱ្យបានមុនថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២។ ក្នុងករណីមិនអនុវត្តតាម រថយន្តចង្កូតស្តាំដែលបង្ក្រាបបាននៅក្រោយកាលកំណត់នេះ នឹងត្រូវបំបែកទៅជាគ្រឿងបន្លាស់ ឬកម្ទេចចោល៕
Tag:
ទៀ បាញ់
រថយន្ត
យានយន្ត
ខ.ម
© រក្សាសិទ្ធិដោយ thmeythmey.com