ជាតិ
សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃជាង២០០លានដុល្លារ នឹងបញ្ចប់គម្រោងនៅខែតុលា គំរូអាកាសយានដ្ឋានអន្តរជាតិតារាសាគរនៅខេត្តកោះកុងរបស់ក្រុមហ៊ុន Chinese Firm Tianjin Union Development Group (UDG) ។ រូបថត៖ AKP
× ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃជាង២០០លានដុល្លារ នៅក្នុងខេត្តកោះកុង នឹងសាងសង់រួចរាល់នៅក្នុងខែតុលា។ នេះបើតាមលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រាប់សារព័ត៌មានThmeyThmey។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា អាកាសយានដ្ឋាននេះ នឹងដាក់ឱ្យដំណើរការសាកល្បង នៅថ្ងៃទី៣០ ធ្នូ ឆ្នាំ២០២១នេះ។
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនចិនមួយ ឈ្មោះ Chinese Firm Tianjin Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុននេះ បានសាងសង់អាកាសដ្ឋានអន្តរជាតិតារាសាគរ នៅលើផ្ទៃដី២១៨ហិកតា ក្នុងទំហំទឹកប្រាក់ជាង២០០ដុល្លារ ដែលជាដំណាក់កាលទីមួយ នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ក្បែរនឹងឈូងសមុទ្រប្រទេសថៃ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ គ្រោងបញ្ចប់ការសាងសង់នៅក្នុងខែតុលា និងត្រៀមដាក់ឱ្យដំណើរសាងល្បង នៅថ្ងៃទី៣០ធ្នូ ឆ្នាំ២០២១។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នារសៀលថ្ងៃទី២១កញ្ញា ថា អាកាសយានដ្ឋាននេះ មានសមត្ថភាពទទួលចុះចតយន្តហោះកម្រិត 4E ដែលជាកម្រិតប្រភេទយន្តហោះជិតដល់ខ្នាតធំបង្អស់។
« អាកាសយានដ្ឋានយើងនេះ គឺអាចទទួលបានយន្តហោះកម្រិតធំហើយ ប៉ុន្តែមិនមែនប្រភេទយន្តហោះកម្រិតធំបង្អស់នោះទេ។ យន្តហោះប្រភេទ Boeing747 ក៏អាកាសយានដ្ឋានយើងអាចទទួលចុះចតបាន, យន្តហោះAirbus340 និង350 ក៏យើងទទួលយកបានដែរ»។ នេះជាការលើកឡើងរបស់លោក ចាន់សិរីវុត្ថា ដោយបានបន្ថែមថា អាកាសយានដ្ឋាននេះ អាចទទួលបានយន្តហោះចំនួន១២ចំណត។
សម្រាប់គម្រោងប្រតិបត្តិការសាកល្បង នៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នាចុងឆ្នាំ២០២១ គឺត្រូវការប្រើពេលយ៉ាងហោចណាស់ពី៣ ទៅ៦ខែ មុននឹងឈានដល់ការដាក់ដំណើរការជាផ្លូវការ។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា៕
Tag:
អាកាសយានដ្ឋាន
តារសាគរ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com