ជាតិ
តំបន់សមុទ្រ នៅតែទាក់ទាញទេសចរខ្លាំង
× កំពត កែប និងខេត្តព្រះសីហនុ ទាក់ទាញភ្ញៀវទេសចរប្រមាណ ៣.៥ម៉ឺននាក់ដើរកម្សាន្ត នៅចុងសប្តាហ៍ទី៣ ខែកញ្ញា ខណៈភ្ញៀវទេសចរទូទាំងប្រទេស មានប្រមាណ ៨ម៉ឺននាក់។
ក្រសួងទេសចរណ៍បានបង្ហាញទិន្នន័យភ្ញៀវទេសចរ នៅសប្តាហ៍ទី៣ នៃខែកញ្ញានេះ មានទេសចរចំនួន ៧៩ ០១៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ១ ២១១នាក់ ចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍នានា។ ទិន្នន័យនេះកើនឡើងប្រមាណ២០ភាគរយបើធៀបនឹងសប្តាហ៍កន្លងទៅ។
ក្រៅពីរាជធានីភ្នំពេញ ភ្ញៀវទេសចរភាគច្រើនទៅកម្សាន្តនៅ តំបន់សមុទ្រ ដែលខេត្តកំពតមានភ្ញៀវចំនួន ២២ ៤៣៨ នាក់, កែបចំនួន ៨ ១៤៤ នាក់ និងព្រះសីហនុ មានទេសចរចំនួន ៥ ០៦៧ នាក់។ ចំណែកខេត្តពោធិ៍សាត់ ឯណោះវិញ ក៏មានសន្ទុះភ្ញៀវទេសចរខ្លាំងដែរក្នុងសប្តាហ៍ទី៣នេះ។ ភ្ញៀវទេសចរចំនួន ៤ ៥៧៣ នាក់ បានដើរកម្សាន្តនៅខេត្តពោធិ៍សាត់ ជាពិសេសតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង។
ជុំវិញការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ ត្រូវបានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កត់សម្គាល់ថា វាសញ្ញាណវិជ្ជមានមួយសម្រាប់ការងើបឡើងវិញនៃទេសចរផ្ទៃក្នុង បើទោះខេត្តមួយចំនួននៅបន្តផ្អាករមណីយដ្ឋាន ព្រោះការរីករាលនៃជំងឺកូវីដ-១៩។ ជាក់ស្ដែង ខេត្តបាត់ដំបង សៀមរាប និងខេត្តកណ្ដាល នៅបន្តបិទរមណីយដ្ឋាននៅឡើយ។
សូមជម្រាបផងដែរថា រយៈពេល៣សប្តាហ៍ក្នុងខែកញ្ញា មានទេសចរជិត ២០ម៉ឺននាក់បានដើរកម្សាន្តនៅទូទាំងប្រទេស។ ដ្បិតទិន្នន័យភ្ញៀវទេសចរ ហាក់មានសន្ទុះឡើងវិញ ប៉ុន្តែតំបន់អេកូទេសចរណ៍ មិនទាន់មានភ្ញៀវទេសចរច្រើនដើរកម្សាន្តនោះទេ ព្រោះសហគមន៍ខ្លះមិនទាន់បើកទទួលទេសចរ៕
Tag:
ទេសចរណ៍
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com