អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រមុខUN៖ ពិភពលោកត្រូវតែភ្ញាក់ខ្លួន ដើរចេញពីវិបត្តិជាច្រើន អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ នៅថ្ងៃទី២១ ខែកញ្ញា។
× ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានព្រមានឱ្យពិភពលោកភ្ញាក់ខ្លួន ដើរចេញវិបត្តិជាច្រើនដូចជា ជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យប្រទេសទាំងអស់ ត្រូវរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
ក្នុងសុន្ទរកថានាមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ (UNGA) នៅថ្ងៃទី២១ ខែកញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានអំពាវនាវឱ្យបណ្តាប្រទេសទាំងអស់សាមគ្គី ក្នុងពេលពិភពលោក កំពុងជួបប្រទះបញ្ហាជាច្រើន។
«ពិភពលោក ត្រូវតែភ្ញាក់ខ្លួន»។ ប្រមុខ UN បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងដើរខុសទិសដៅ ហើយស្ថានភាពបែបនេះ វាមិនធ្លាប់កើតមានពីមុនមកឡើយ។ បើតាមលោកហ្គូតេរ៉េស ពិភពលោក កំពុងរងការគំរាមកំហែងដ៏ធ្ងន់បំផុត ក្នុងនោះមានដូចជា ជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានវិសមភាពយ៉ាងធំ និងការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលមកលើភពផែនដី។
ក្នុងសុន្ទរកថានៅចំពោះមុខថ្នាក់ដឹកនាំប្រទេសផ្សេងទៀត ប្រមុខUN រូបនេះ ក៏បានលើកឡើងពី ការកើនឡើងនៃភាពមិនទុកចិត្ត និងព័ត៌មានមិនពិតផងដែរ ខណៈវិទ្យាសាស្ត្រ សិទ្ធិមនុស្ស និងមនុស្ស កំពុងត្រូវបានធ្វើទុក្ខបុកម្នេញ។
«សាមគ្គីភាព មិនត្រូវបានអនុវត្តឡើយ ក្នុងពេលពិភពលោកត្រូវការវាបំផុត»។ លោក ហ្គូតេរ៉េស បានយល់ឃើញបែបនេះ ដោយបន្តថា នៅក្នុងករណីជំងឺកូវីដ-១៩ វ៉ាក់សាំងត្រូវបានអភិវឌ្ឍក្នុងពេលដ៏លឿនមួយ ដោយសារតែភាពជឿនលឿននៃវិទ្យាសាស្ត្រ ប៉ុន្តែនៅផ្នែកម្ខាងទៀត វាមានការខ្វះខាតនៃឆន្ទះនយោបាយ ភាពអាត្មានិយម និងភាពមិនទុកចិត្ត។ នៅក្នុងប្រទេសខ្លះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួនលើសកំណត់ ខណៈប្រទេសផ្សេងទៀត មិនមានវ៉ាក់សាំងផ្តល់ឱ្យប្រជាជន។ តួយ៉ាង ប្រជាជននៅតំបន់អាហ្វ្រ៊ិកចំនួន ៩០ភាគរយ កំពុងរង់ចាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ត្រូវឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា។ មេដឹកនាំធំៗ មកជួបគ្នានៅទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថាទៅកាន់ពិភពលោក ខណៈថ្នាក់ដឹកនាំប្រទេសផ្សេងទៀត អាចថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដោយសារតែបារម្ភពីជំងឺកូវីដ-១៩ ៕
© រក្សាសិទ្ធិដោយ thmeythmey.com