អន្តរជាតិ
លោក បៃឌិន៖ យើង នឹងមិនស្វះស្វែងរកសង្រ្គាមត្រជាក់ថ្មីឡើយ
22, Sep 2021 , 9:53 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត។ រូបភាព៖ UN
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត។ រូបភាព៖ UN
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានលើកឡើងថា រដ្ឋបាលអាម៉េរិក ក្នុងរយៈពេល ៨ខែមកនេះ បានផ្តោតអាទិភាពលើសម្ព័ន្ធមិត្តដូចជាអឺរ៉ុប ណាតូ និងអាស៊ានជាដើម ដើម្បីដោះស្រាយបញ្ហាប្រឈម និងកសាងអនាគតដ៏ល្អប្រសើរ។ ខណៈទំនាក់ទំនងជាមួយចិនមិនសូវល្អនោះ មេដឹកនាំអាម៉េរិករូបនេះ អះអាងថា អាមេរិកមិនចង់បានសង្រ្គាមត្រជាក់ថ្មីឡើយ។

 
ថ្ងៃទី២១ ខែកញ្ញា មេដឹកនាំបណ្តាប្រទេសជាច្រើន បានមកជួបជុំនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (UN) ដើម្បីចូលរួមមហាសន្និបាតលើកទី៧៦។ ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន ក៏បានចូលរួមក្នុងកិច្ចប្រជុំមួយនេះដោយផ្ទាល់ និងថ្លែងសុន្ទរកថាជាលើកដំបូងផងដែរ។ 
 
ក្នុងសុន្ទរកថាលើកដំបូងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងនាមជាប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន បានលើកឡើងថា រដ្ឋបាលរបស់លោក ក្នុងរយៈពេល ៨ខែកន្លងមកនេះ បានផ្តោតលើការពង្រឹងសម្ព័ន្ធ ផ្តល់តម្លៃដល់ភាពជាដៃគូរ និងទទួលស្គាល់ពីតួនាទីដ៏ចាំបាច់របស់ប្រទេសទាំងនោះ ដើម្បីរក្សាសន្តិសុខ និងវិបុលភាពរបស់អាម៉េរិក។ 
 
«យើងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីឈានទៅរកចំណុចយុទ្ធសាស្រ្តថ្មីមួយ»។ ប្រធានាធិបតីអាម៉េរិក បានបញ្ជាក់បែបនេះ ដោយបន្ថែមថា អាម៉េរិក បានបង្ហាញពីការប្តេជ្ញារបស់ខ្លួនចំពោះបក្សសម្ព័ន្ធណាតូទាក់ទិននឹងសន្តិសុខសមូហភាព (Collective Security) ដែលមានចែងនៅក្នុងមាត្រា៥ នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង និងជួយសម្ព័ន្ធមិត្តផ្សេងទៀត ក្នុងការដោះស្រាយនឹងការគំរាមកំហែងដែលមាននៅក្នុងពេលបច្ចុប្បន្ន និងអនាគត។ 
 
លោកប្រធានាធិបតី បានបន្តថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ភ្ជាប់ទំនាក់ទំនងជាថ្មីជាមួយសហភាពអឺរ៉ុប ដែលជាដៃគូចាស់ និងអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូ​សន្ទនា​សន្តិសុខ​ចតុ​ភាគី​(Quad) ដើម្បីដោះស្រាយបញ្ហាសុខាភិបាល ការប្រែប្រួលអាកាសធាតុ និងបញ្ហាបច្ចេកវិទ្យាជាដើម។ ទន្ទឹមនេះ អាម៉េរិក បានរក្សាទំនាក់ទំនងជាមួយអង្គការតំបន់ផងដែរដូចជាអាស៊ាន សហភាពអាហ្រ្វ៊ិក និងអង្គការរដ្ឋអាម៉េរិក ក្នុងគោលបំណងបំពេញតម្រូវការរបស់ប្រជាជន សុខាភិបាល និងសេដ្ឋកិច្ច។ 
 
ទន្ទឹមនេះ អាម៉េរិកនឹងការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍អាម៉េរិក ពីការគំរាមកំហែងរបស់ក្រុមភេរវករ។ យ៉ាងណាមិញ លោកប្រធានាធិបតី មិនបានលើកឡើងពីចិនចំៗឡើយ។ ក្នុងសុន្ទរកថាដ៏វែង លោកបៃឌិន យល់ថា ប្រទេសធំៗទាំងអស់ ត្រូវមានកាតព្វកិច្ចក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួន ហើយអាម៉េរិកក៏មិនទាញការប្រកួតប្រជែងទៅជាជម្លោះដែរ។ 
 
«យើង នឹងមិនស្វះស្វែងរកសង្រ្គាមត្រជាក់ថ្មីឡើយ»។ ប្រធានាធិបតីអាម៉េរិក បានថ្លែងបែបនេះ ដោយពន្យល់បន្ថែមថា អាម៉េរិកនឹងប្រកួតប្រជែង និងដឹកនាំគុណតម្លៃ និងកម្លាំងរបស់ខ្លួន ដើម្បីការពារសម្ព័ន្ធមិត្ត និងប្រឆាំងការប៉ុនប៉ងរបស់ប្រទេសខ្លាំង គ្រប់គ្រងប្រទេសខ្សោយ ឬផ្លាស់ប្តូរដែនដីដោយកម្លាំងទ័ព ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ឬព័ត៌មានមិនពិតជាដើម។ 
 
បើតាមលោកប្រធានាធិបតី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយបណ្តាប្រទេសទាំងអស់ក្នុងការរក្សាសន្តិភាព និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ 
 
ក្នុងនាមជាប្រទេសមហាអំណាច លោកបៃឌិន បានបន្ថែមថា អាម៉េរិក បានសហការជាមួយអង្គការសុខភាពពិភពលោក តាមរយៈយន្តការ COVAX ដើម្បីចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក។ លើសពីនេះ អាម៉េរិក ក៏បានត្រលប់មកចូលរួមក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលត្រូវបានអតីតប្រធានាធិបតី លោកដូណាស់ ត្រាំ ដកអាម៉េរិកចេញនាពេលកន្លងមក៕ 

Tag:
 អាម៉េរិក
  ណាតូ
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com